អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នគរូបនីយកម្មក្នុងតំបន់អាស៊ាន

សំឡេង ០៣:០៧
នគរូបនីយកម្មក្នុងតំបន់អាស៊ាន
នគរូបនីយកម្មក្នុងតំបន់អាស៊ាន REUTERS/Athit Perawongmetha

នគរូបនីយកម្ម ឬ​ការ​កើន​ឡើង​ចំនួនមនុស្សចូល​​មករស់​នៅទីក្រុង បាននិងកំពុង​​បន្តកើន​ឡើង​យ៉ាង​ឆាប់រហ័ស នៅតំបន់អាស៊ាន។ ក៏ប៉ុន្តែ តើនគរូបនីយកម្មនឹងបង្កជាផលប៉ះពាល់អ្វីខ្លះ? ហើយ​ តើនគរូបនីយកម្ម​​ជាការអភិវឌ្ឍប្រកបដោយចីរភាពដែរ​ឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

និន្នាការ​នៃនគរូបនីយកម្ម ឬនិយាយឱ្យសាមញ្ញ ការកើនឡើងចំនួនមនុស្សចូលមករស់នៅទីក្រុង បាន​កើត​មាន​ឡើង​ជាយូរមកហើយ នៅក្នុងតំបន់អឺរ៉ុប និង​នៅអាមេរិក​ខាង​ជើង ក៏ប៉ុន្តែ និន្នាការ​នេះ ទើបតែ​ជាចំណុច​ចាប់ផ្ដើម​នៅឡើយ ក្នុង​តំបន់អាស៊ី និង​អាហ្វ្រិក។ សម្រាប់​ពេល​បច្ចុប្បន្ន មាន​ច្រើន​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក កំពុង​រស់នៅទីក្រុង ហើយ​ចំនួននេះ​ត្រូវគេរំពឹង​ថា​នឹង​បន្តកើន​ឡើង។ ផ្អែក​តាម​ការ​ព្យាករណ៍របស់​ អង្គការ​សហប្រជាជាតិ អាច​មាន​ច្រើនជាងពីរភាគបីនៃ​ប្រជាជន​សកល នឹងចូលមក​រស់​នៅ​ទីក្រុង។ ការ​ព្យាករណ៍ក៏​បាន​បង្ហាញដែរថា ប្រហែល៩០ភាគរយនៃ​ការ​កើន​ឡើង​នេះនៅ​ឆ្នាំ​២០៥០ នឹង​មាន​ប្រភព​ពី​តំបន់អាស៊ី និងអាហ្វ្រិក។

ដូច្នេះ ប្រសិន​បើ​និន្នាការ​នេះអាច​នឹង​កើតមាន​ឡើង​មែននោះ តើ​វាអាចបង្កជាផលប៉ះពាល់អ្វីខ្លះ? និង តើវាជាការអភិវឌ្ឍប្រកបដោយចីរភាពដែរឬយ៉ាងណា សម្រាប់​តំបន់អាស៊ានទាំងមូល?។ ផ្អែកតាម​អ្នក​ជំនាញ នៅពេល​ណាដែល​កម្រិត​នគរូបនីយកម្មកើន​ឡើង ការជះឥទ្ធិពល ​ជាទូទៅ អាច​កើតមានឡើង​លើវិស័យផ្សេងៗ រួមមាន បរិស្ថាន សេដ្ឋកិច្ច​ ហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅ និងការ​ផ្លាស់ប្តូរសង្គម​ទាំងមូល។

ក្នុងករណីបរិស្ថាន ការ​ប្រែប្រួលអាកាសធាតុសកល ជាបញ្ហា​មួយដែល​គួរឱ្យ​ព្រួយបារម្ភ។ សម្រាប់​បណ្តាប្រទេស​អាស៊ាន ការបន្តអភិវឌ្ឍ​នគរូបនីយកម្ម ក៏នឹងមាន​ន័យថា បណ្តាប្រទេស​នីមួយៗត្រូវប្រឈម​នឹង​ការ​គ្រប់គ្រងសំរាម ឬក៏ការ​ប្រើប្រាស់ថាមពល និងធនធានធម្មជាតិ ច្រើនជាងមុនផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច គេរំពឹងថានឹង​មាន​កំណើនសេដ្ឋកិច្ច និង​ការកើន​ឡើង​ចំនួនពលរដ្ឋដែល​មាន​ចំណូលមធ្យម។​ ក្នុងន័យនេះ នៅពេលដែលនគរូបនីយកម្ម អាចជំរុញ​កំណើនសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេសអាស៊ាន, កំណើនសេដ្ឋកិច្ចក៏ត្រូវ​ប្រឈមនឹងបញ្ហា​ខ្លួនឯងផងដែរ នោះគឺការកើនឡើង​នៃ​ការ​បញ្ចេញឧស្ម័នកាបូនិក។

ការកើន​ឡើង​កំណើនប្រជាជន​ក្នុង​ទីក្រុង ក៏នឹងជំរុញ​ឱ្យ​មាន​ការកើនឡើង​ផងដែរ នៃតម្រូវ​​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​តម្រូវការ​សាច់ប្រាក់វិនិយោគបន្ថែម។ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មី ក៏នឹងបង្កើតឱ្យ​មាន​បញ្ហាប្រឈម​ថ្មី​ផងដែរលើបរិស្ថាន និងការកកស្ទះចរាចរណ៍ ជាដើម។ ជាឧទាហរណ៍ ក្នុងគម្រោង​អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយរបស់ រដ្ឋធានីហ្សាការតា នៃ​ប្រទេស​ឥណ្ឌូណេស៊ី, រដ្ឋាភិបាល​ត្រូវ​ការកញ្ចប់សាច់ប្រាក់​ប្រមាណជាង ៥២ពាន់លានដុល្លារអាមេរិក។

តម្រូវការ​លំនៅឋាន ក៏នឹងជាបញ្ហាចម្បងមួយផងដែរ ចំពោះ​ទីក្រុង​ដែល​រីកធំលឿនខ្លាំង ខណៈ​ការជះឥទ្ធិពល​នៃនគរូបនីយកម្ម ទោះដោយ​ផ្ទាល់ ឬប្រយោល អាច​កើតមាន​ឡើង​លើ ការផ្លាស់ប្តូរសង្គមទាំងមូល។ ក្នុង​បរិបទនេះ ជីវិតរស់នៅជាប្រចាំថ្ងៃ និង​វប្បធម៌របស់​ប្រទេស​មួយទាំងមូល អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ នៅពេល​មនុស្ស​ចូលមករស់នៅក្នុង​ទីក្រុង។

សរុបជារួម កំណើននគរូបនីយកម្ម ត្រូវគេមើលឃើញថាជាប្រភពយ៉ាងចម្បង សម្រាប់​កំណើន​សេដ្ឋកិច្ច​ ក្នុង​តំបន់អាស៊ាន នៅថ្ងៃអនាគត។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នា វា​ក៏នឹងបង្កជាបញ្ហាប្រឈម​យ៉ាងច្រើនផងដែរ ពាក់ព័ន្ធទៅនឹង​ បរិស្ថាន សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅ និងការផ្លាស់ប្តូរសង្គមទាំងមូល។ ដូច្នេះ វាអាស្រ័យទៅលើភាពវៃឆ្លាត និងប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព របស់រដ្ឋាភិបាលអាស៊ាននីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ