អានតួអត្ថបទ

អ.ស.ប.បារម្ភ​នឹង​ការផ្ទុះ​ភាពតានតឹង​ឡើងវិញរវាង​​អាមេរិក​​និង​កូរ៉េ​ខាង​ជើង

អ.ស.ប. បារម្ភ​នឹង​ការ​ផ្ទះ​ភាព​តឹង​តឹង​ឡើង​វិញ​រវាង​អាមេរិក​និង​កូរ៉េខាង​ជើង
អ.ស.ប. បារម្ភ​នឹង​ការ​ផ្ទះ​ភាព​តឹង​តឹង​ឡើង​វិញ​រវាង​អាមេរិក​និង​កូរ៉េខាង​ជើង Manuel ELIAS / UNITED NATIONS / AFP

អង្គការ​សហប្រជាជាតិ​កំពុង​តាមដាន​សំណុំ​រឿង​កូរ៉ខាង​ជើង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត។ ស្ថានភាព​ហាក់​កំពុង​លេច​សញ្ញា​មិន​ល្អ កាន់​តែ​ច្រើនឡើងៗ​ ក្តី​សង្ឃឹម​ថា​នឹង​​ឃើញ​វ៉ាស៊ីនតោន​ និង​ព្យុងយ៉ាង ​ជួប​ចរចា​គ្នា បន្ត​ពី​អ្វី​ដែល​បាន​ចាប់​ផ្តើម​នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៨ ទំនង​ជា​រលត់​ឈឹង​ត្រឹម​ថ្ងៃទី ៣១​ធ្នូ​ខាង​មុខ​នេះ​ហើយ។

ផ្សាយពាណិជ្ជកម្ម

នៅល្ងាច​មិញ ក្រុម​៦​ប្រទេស​របស់​សហភាព​អឺរ៉ុប​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​​ថ្កោល​ទោស​សកម្មភាព​ផ្គើន​របស់​កូរ៉េខាង​ជើង ដែល​ទើប​បាន​បាញ់​សាក​ល្បង​មីស៊ីល​ជា​ថ្មី​ តរដឹក​គម្រប់លើក​ទី ១៣ គិត​ចាប់​​តាំង​ពី​ខែ​ឧសភា​ដល់​ថ្ងៃទី ២៨​វិច្ឆិកា។

សម្រាប់អឺរ៉ុប វា​ជា​ការ​ចាំ​បាច់​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធានា​ឱ្យ​បាន​មធ្យ័ត​នូវ​ការ​អនុវត្ត​តាម​សេចក្តី​សម្រេចរបស់​ខ្លួន​ ​​​​និងការ​អនុវត្ត​ទណ្ឌកម្ម​ លើ​​កូរ៉េខាងជើង ដូច​ដែល​ក្រុមប្រឹក្សា​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ។

តាំង​ពី​ខែ​ឧសភា​មក​ ក្រោយ​ការ​បាញ់​សាកល្បង​មីស៊ីល​របស់ព្យុងយ៉ាង​ អឺរ៉ុប បាន​ទាមទារ យ៉ាង​ទៀង​ទាត់​ ឱ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​ស្តី​ពី​​កូរ៉េខាង​ជើង​ និង​រាល់​លើក ក្រុម​ប្រឹក្សា​បាន​ចេញ​ថ្លែងការណ៍​​រួម​​ថ្កោល​ទោស ព្រោះ​ តាម​​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ ព្យុងយ៉ាង​គ្មាន​សិទ្ធិ​សាក​ល្បង​មីស៊ីល​ឡើយ។

ប៉ុន្តែ​បម្រាម​ចេះ​តែ​មាន ការ​រំលោភ​នៅ​តែ​បន្ត​ ហើយ​បើ​តាម​តំណាង​អឺរ៉ុប​ដដែល កូរ៉េខាង​ជើង កំពុង​តែ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ដដែល។

ជាង​នេះ​ទៀត ក្រៅអំពី​ការ​បាញ់​សាកល្បង​​មីស៊ីល ព្យុងយ៉ាង​បាន​បង្កើន​សកម្មភាព​នយោបាយ និង​បាន​ប្រកាស​ព្រមាន​ថា​ បើ​គ្មាន​សម្បទា​ពី​អាមេរិក​ទេ កូរ៉េខាង​ជើង​នឹង​ជ្រើស​ដើរ​ផ្លូវ​ “ថ្មី” ដែល​តាម​គេ​កាត់​យល់​គឺ​គ្មានអ្វី​ក្រៅពី​ចាប់​ផ្តើម​សកម្មភាព​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប ឬ​សាកល្បង​នុយក្លេអ៊ែរ​ឡើយ។ ​​ ការ​​ប្រកាស​បើក​​មហា​សន្និបាត​គណៈកម្មការ​មជ្ឈិមបក្ស​ពលករ នៅ​ចុងខែ ជា​សញ្ញា​បញ្ជាក់​ថា​កូរ៉េខាង​ជើង​កំពុង​ត្រៀម​​ធ្វើ​សេចក្តី​សម្រេច​សំខាន់មួយ ទាក់ទង​នឹង​​​ស្ថានភាព​ផ្ទៃក្នុង​និងនៅ​បរទេស។ បើ​តាមអ្នក​វិភាគ កូរ៉េខាង​ជើង​ទំនង​ជា​ជ្រើសប្រឈម​នឹង​សហរដ្ឋ​អាមេរិក ជា​ជាង​ចុះ​ញ៉ម​។ ការ​នេះនឹង​នាំ​ទៅ​ដល់​ផ្លូវទ័ល ! ទំនាក់ទំនង​​អាមេរិក​និង​កូរ៉េខាង​ជើងដែល​បាន​ត្រលប់​មក​ល្អូនល្អើន តាមរយៈ​ជំនួប​រវាង​លោក​ដូណាល់​ ត្រាំ​ និងគីម​ជុងអ៊ុន​នៅ​សិង្ហបុរី​ កាលពី​ខែ​មិថុនា ២០១៨ នឹង​បញ្ចប់​ទៅ​ដោយ​ភាពតាន​តឹង​ដូច​ដើមវិញ​ កូរ៉េខាង​ជើង​ត្រលប់​ទៅ​រក​ភាពឯកា​ជាថ្មី ជាមួយ​នឹង​លទ្ធភាព​សាកល្បង​មីស៊ីល​និង​នុយក្លេអ៊ែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ