អានតួអត្ថបទ
បារំាង-ឥណ្ឌូណេស៊ី

ប្រធានាធិបតី​បារាំង​ព្រមាន​ផលវិបាក​ការទូត បើសិន​ឥណ្ឌូណេស៊ី​ប្រហារជីវិត​អ្នកទោស​ជាតិ​បារាំង

Serge Atlaoui ត្រូវ​ទាហាន​ឥណ្ឌូណេស៊ី ក្រៀក​ចេញ​ពី​តុលាការ​កំពូល​ជាទី​ដែល​ចៅក្រម​ប្រកាស​រក្សា​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ជនជាតិបារាំង​អាយុ ៥១​ឆ្នាំ
Serge Atlaoui ត្រូវ​ទាហាន​ឥណ្ឌូណេស៊ី ក្រៀក​ចេញ​ពី​តុលាការ​កំពូល​ជាទី​ដែល​ចៅក្រម​ប្រកាស​រក្សា​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ជនជាតិបារាំង​អាយុ ៥១​ឆ្នាំ REUTERS/Beawiharta

ទៅ​តាម​ការកោះហៅ​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី មន្រ្តីទូត និង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​អ្នកទោស​បរទេស បាន​ធ្វើ​ដំណើរ នៅថ្ងៃ​សៅរ៍ ទី ២៥​មេសា ទៅដល់​ពន្ធនាគារ លើ​កោះ​Nusakambagnan ជាទី​ដែល​អ្នកទោស​ត្រូវ​គេ​ឃុំខ្លួន ដើម្បី រង់ចាំ​ថ្ងៃ​ប្រហារ​ជីវិត។ នៅថ្ងៃ​សៅរ៍​នេះ​ដែរ នៅ​ប្រទេស​បារាំង សមាគម​ប្រឆាំង​ទោស​ប្រហារ​ជីវិត រួម​ជាមួយ​អង្គការ​ការពារ​សិទ្ធិមនុស្ស ចំនួន ១៩​ត្រូវ​ជួបជុំគ្នា​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដោះលែង ជនជាតិ​បារាំង Serge Atlaoui ដែល​ទើបត្រូវ​បាន​តុលាការ​កំពូល​ឥណ្ឌូណេស៊ី ប្រកាស​រក្សា​ទោស​ប្រហារ​ជីវិត កាលពីថ្ងៃ​អង្គារ។ ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់ វិញ នៅថ្ងៃ​នេះ បាន​ព្រមាន​ពី​ផលវិបាក​ការទូត រវាង​បារាំង និង​ឥណ្ឌូណេស៊ី ប្រសិន​បើ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នៅ​តែ​បន្ត​ចង់​ប្រហារជីវិត​ជនជាតិ​បារាំង Serge Atlaoui។ 

ផ្សាយពាណិជ្ជកម្ម

បារំាង​កាន់តែ​ប្រើ​សំដី​ធ្ងន់ៗ ទៅលើ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​បារាំង​មិន​បាន​ទទួល​ចម្លើយ​ឆ្លើយតប​អ្វី​សោះ ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នៅក្នុង​រឿង​សុំ​លើកលើកលែង​ជនជាតិ​ជាប់​បារាំង ដែល​តុលាការ​កំពូល​ឥណ្ឌូណេស៊ី​ប្រកាស​រក្សាទោស ប្រហារជីវិត កាលពីថ្ងៃ​អង្គារ។

 
Serge Atlaoui ជាជន​បរទេស​ម្នាក់ ក្នុង​ចំណោម​ជនបរទេស​៩​នាក់ ដែល​នឹង​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារ​ជីវិត នៅថ្ងៃ​ខាងមុខ ក្នុង​បទ​ជួញដូរ​គ្រឿងញៀន។ ក្នុង​អាយុ ៥១​ឆ្នាំ Serge Atlaoui ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី​កាត់ទោស​ប្រហារ​ជីវិត នៅ​ឆ្នាំ ២០០៧ ក្នុង​បទជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​ថ្នាំញៀន។ តាំងពី​ដំបូងទី ជនជាតិ​បារាំង​រូបនេះបាន​និយាយ​ការពារ​ខ្លួន ថា គ្មាន​បាន​ប្រព្រឹត្ត​កំហុស ដោយ​ថា ខ្លួន​ត្រូវ​បាន​គេជួល​ឲ្យ​ធ្វើការ​ដំឡើង​ម៉ាស៊ីន​នៅក្នុង​រោងចក្រ មួយដែល​ខ្លួន​មិន​ដឹង​ថា នោះ ជា​រោងចក្រ​សម្រាប់​ផលិត​ថ្នាំញៀន​អេស្តាស៊ី​នោះទេ។

គឺ​ចេញ​ពី​ពាក្យ​ថា គ្មាន​ប្រព្រឹត្ត​កំហុស​ដូចការចោទប្រកាន់​នោះហើយ ដែល​ធ្វើ​ឲ្យ​ Serge Atlaoui បាន​ទទួល​ការគាំទ្រ​មិនថា ពី​ប្រជាជន និង​រដ្ឋាភិបាល​បារាំង។ ប្រមុខដឹកនាំ​បារាំង​នៅ​បាន​ចេញមុខ​និយាយ​ការពារ ថា Serge Atlaouiគ្រាន់​តែ​កម្មករ​តូចតាច ដែល​មិន​ដឹងថា ខ្លួន កំពុង​ចូលរួម​ធ្វើការ​ឲ្យ​ក្រុម​ជួញដូរ​ថ្នាំញៀន។

តាំងពី​ជនជាតិ​បារាំង​រូបនេះ ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ដាក់​ក្នុង​បញ្ជី​អ្នកទោស​ដែលនឹងត្រូវ​ប្រហារ​ជីវិត រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​ការទូត ជាច្រើន រួម​ទាំង​ការសរសេរ​សំបុត្រ​ទៅ​សុំ​ការលើកលែង​ទោស​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ីផង ប៉ុន្តែ មិន​បាន​ទទួល​ចម្លើយ​តបវិញ។

លោក​ប្រធានាធិបតី​បារំាង​ធ្លាប់​បាននិយាយ​រួចហើយ​ថា រដ្ឋាភិបាល​បារាំង នឹង​ខិតខំ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជនជាតិ​បារាំង​បាន​រួចផុត​ពី​ការប្រហារ​ជីវិត នៅ​ឥណ្ឌូណេស៊ី។ នៅថ្ងៃ​សៅរ៍ ទី ២៥ មេសា លោក​ថែម​ទាំង​បាន​ព្រមាន​ពី​ផលវិបាក​ក្នុង​ផ្នែក​ការទូត ក៏​ដូចជា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​បារាំង​ធ្លាប់​បាន​សន្យា​ធ្វើ​ជាមួយ​ឥណ្ឌូណេស៊ី ក្នុង​ករណី​ដែល អាជ្ញាធរ​ឥណ្ឌូណេស៊ី​ប្រហារជីវិតSerge Atlaoui។

រដ្ឋាភិបាល​បារាំង ប្រឆាំង​ដាច់ខាត​នឹង​ទោស​ប្រហារជីវិត។ បារាំង​ទើប​បាន​លុបចោល ទោស​ប្រហារ​ជីវិត​ពី​ច្បាប់​របស់ខ្លួន នៅ​ឆ្នាំ ១៩៨១។ សម្រាប់​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័ ហូឡង់  ការលុប​ចោល​ទោស​ប្រហារជីវិត គឺ​ជា​គោលការណ៍​ដ៏សំខាន់​មួយ​របស់​បារាំង។ លោក​ប្រធានាធិបតី​បារាំង គិតថា ទោស​ប្រហារជីវិត មិនអាច​ត្រូវ​គេប្រើ​ដើម្បី​ដាក់​ពិន័យ​ជនជាតិ​បារំាង Serge Atlaoui នោះទេ។
 
បារាំង​ស្វះស្វែង​រក​ការគាំទ្រ​ពី​អឺរ៉ុប ដើម្បី​រួមគ្នា​ដាក់​គំនាប​លើ​ឥណ្ឌូណេស៊ី
នៅ​ខណៈ​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ប្រកាស​ថ្ងៃ​ប្រហារជីវិត​អ្នកទោស ជិត​មកដល់​យ៉ាងដូច្នេះ លោក​ប្រធានាធិបតី​បារាំង​បាន​ប្រើ​គ្រប់លទ្ធភាព ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី។ លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​បាន​និយាយ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ដែល​ត្រូវ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​ចាប់ពីថ្ងៃ​ចន្ទ។ អូស្ត្រាលី​ដែលមាន​ជនជាតិ​របស់ខ្លួន​២​នាក់ កំពុង​រង់ចាំថ្ងៃ​ប្រហារជីវិត ដោយសារ​ការជួញដូរ​គ្រឿងញៀន នៅ​ឥណ្ឌូណេស៊ី បាន​ព្រមាន និង​ទទូចសុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សណ្តោស លើកលែង​ទោស​ជនជាតិ​របស់ខ្លួន ប៉ុន្តែ គ្មាន​លទ្ធផល។

ក្រៅតែ​ប្រមែប្រមូល​ប្រទេស​ដែល​មាន​ពាក់ព័ន្ធ​ដូចជា​អូស្ត្រាលី ឬ​ប្រេស៊ីល​ជាដើម លោក​ប្រធានាធិបតី​​បារាំង​បាន​អូសទាញ​ឲ្យ​សហភាព​អឺរ៉ុប​ចូលរួម​ក្នុង​យុទ្ធនាការ​របស់ខ្លួន ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី ហ្សូកូ វីដូដូ។ នៅថ្ងៃ​នេះ លោក​បាន​ព្រមាន​ថា ឥណ្ឌូណេស៊ី មិនត្រឹម​មាន​វិបត្តិការទូត​ជាមួយ​បារាំង ប៉ុន្តែ ក៏​ប្រឈម​ផងដែរ​នឹង​ផលវិបាក​ការទូត​ជាមួយ​សហភាព​អឺរ៉ុប​ទាំងមូល។ កាលពីថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ជំនួប​កំពូល​របស់ខ្លួន សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម​ខ្លាំង និង​ប្រកាស​ប្រឆាំង​នឹង​ទោសប្រហារជីវិត។ សម្រាប់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​Donald Tusk ទោសប្រហារ​ជីវិត​មិនត្រូវ​គេ​ប្រើ​ដើម្បី​លុបបំបាត់​ការជួញដូរ​គ្រឿងញៀន​នោះ​ទេ។

គេ​មិនដឹងថា តើ​សកម្មភាព​ការទូត​របស់​បារាំង​នឹង​បាន​ទទួល​ជោគជ័យ​ឬ​ក៏​អត់​នោះទេ។ ប៉ុន្តែ យ៉ាងហោច គេ​ដឹងថា អាច​ទំនង​ដោយសារ​នយោបាយ​ការទូត​ដាក់សម្ពាធ​ជា​បន្តបន្ទាប់ របស់​រដ្ឋាភិបាល​បារាំង ដែល​រឿងក្តី​របស់​ជនជាតិ​បារាំង Serge Atlaoui ហាក់​ត្រូវ​បាន​ពន្យារពេល មួយលើក​ជាពីរលើក។ នៅថ្ងៃ​សៅរ៍នេះ មេធាវី​របស់​ Serge Atlaoui បានទទួល​ដំណឹងថា  Serge Atlaoui មិន​ទាន់​ត្រូវ​គេ​ដាក់ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នកទោស​ដែលនឹង​ត្រូវ​ប្រហារជីវិត​ នៅឡើយទេ ក្នុង​ពេល​ដែល​អ្នកទោស​៨បរទេស​នាក់ផ្សេងទៀត ត្រូវ​បាន​បញ្ជូន​រួចហើយ ទៅ​រង់ចាំ ការប្រហារ​ជីវិត​នៅលើ​កោះ។ តាម​មេធាវី ករណី​របស់​ Serge Atlaoui កំពុង​នៅ​ព្យួរ ដោយសារ​តែ​គ្រួសារ​របស់​ Serge Atlaoui កំពុង​ធ្វើ​បណ្តឹង​នៅ​តុលាការ​រដ្ឋបាល។ កំហុស​បច្ចេកទេស​ត្រូវ​គេ​រកឃើញ​នៅ ​ក្នុង​សំបុត្រ​ឆ្លើយតប​របស់​ ប្រធានាធិបតី ឥណ្ឌូណេស៊ី ដែល​មិន​បាន​បញ្ជាក់​ពី មូលហេតុ​ដែល​ថា ខ្លួន​មិន​ព្រម​លើកលែង​ទោស​ឲ្យ​ Serge Atlaoui។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រឈម​នឹង​ជម្រើស​ដ៏លំបាក
លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ហ្សូកូ វីដូដូ មាន​ជំហរ​រឹងមាំ​ណាស់ ក្នុង​រឿង​អនុវត្ត​ទោស​ប្រហារ​ជីវិត​។ លោក​ហ្សូកូវី បាន​ប្រកាស​ហើយ​ថា នឹង​មិន​អនុគ្រោះ ឬ​លើកលែង​ទោស​ដល់​ក្រុមជួញដូរ​គ្រឿងញៀន ដែល​លោក​ចាត់ទុកថា ជា​សត្រូវ​ដ៏គ្រោះថ្នាក់​សម្រាប់​អនាគត​ប្រជាជន​ឥណ្ឌូណេស៊ី។ ទោះមាន​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ ប៉ុន្តែ នៅក្នុង​ស្រុក លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ទទួល​គាំទ្រ ខ្លាំង។ ការស្ទង់​មតិ​បង្ហាញថា មាន​ប្រជាជន​ឥណ្ឌូណេស៊ី ប្រមាណ ៨៤​ភាគរយ​គាំទ្រ​ការអនុវត្តន៍​ទោសប្រហារជីវិត។

ម្យ៉ាងទៀត លើកនេះ លោក​ប្រធានាធិបតី​ហ្សូកូវី ក៏​ពិបាក​នឹង​ប្តូរជំហរ ដើរថយក្រោយ​ក្នុង​រឿង​ប្រហារជីវិត​អ្នកទោស​ដែរ ព្រោះថា លោក​ធ្លាប់​បាន​បញ្ជា​ឲ្យ​មាន​ការប្រហារជីវិត​កន្លងមក ទៅលើ​អ្នកទោស ជួញដូរ​ថ្នាំញៀន កាលពី​ខែ​មករា ដែល​នៅក្នុងនោះ មាន​ជនបរទេស ៦​នាក់​ឯណោះ។ កាលណោះ លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី មាន​ជំហរ​ដាច់ខាត ដើម្បី​ប្រហារជីវិត​អ្នកជួញដូរ​ថ្នាំញៀន។ តាមលោកប្រធានាធិបតី គ្រឿងញៀន​បាន​សម្លាប់​ប្រជាជន​ឥណ្ឌូណេស៊ី ៥០​នាក់ ក្នុង​មួយថ្ងៃៗ។ បើ​សិន​លោក​ដូរ​ជំហរ​លើកនេះ ដោយ​យល់ព្រម លើកលែង​ទោស ជនបរទេស ដើម្បី​ជៀសវាង​ភាពតានតឹង​ជាមួយ​បារាំង អូស្ត្រាលី ឬ​អឺរ៉ុប នោះ ការសន្យា​របស់​លោក ដែល​ចង់​លុបបំបាត់​ការជួញដូរ​គ្រឿង​ញៀន​នៅ​ឥណ្ឌូណេស៊ី នឹង​ក្លាយ​ជា​អសាបង់ ហើយ ការជឿទុកចិត្ត​ពី​ប្រជាជន​ម្ចាស់ឆ្នោត​ក៏​ត្រូវ​រលាយផងដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ