អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មូលនិធិរូបិយវត្ថុ​កាត់បន្ថយ​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦

សំឡេង ០៥:៤៥
កម្មករ​ចិន​ធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់​អគារ​ពាណិជ្ជកម្ម​នៅទីក្រុងប៉េកាំង​ ថ្ងៃ​ទី ១៩​មករា ២០១៥
កម្មករ​ចិន​ធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់​អគារ​ពាណិជ្ជកម្ម​នៅទីក្រុងប៉េកាំង​ ថ្ងៃ​ទី ១៩​មករា ២០១៥ ©REUTERS/Kim Kyung-Hoon

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅកាត់ថា FMI​គ្មាន​សុទិដ្ឋិនិយម​ទៅលើ​កំណើន​សេដ្ឋកិច្ច​ពិភពលោក សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ នៅថ្ងៃ​អង្គារនេះ នៅក្នុង​របាយការណ៍​ដ៏ខ្លី​របស់ខ្លួន មូលនិធិ​រូបិយវត្ថុ​បាន​កាត់បន្ថយ​អត្រា​កំណើនសេដ្ឋកិច្ច​ពិភពលោក មក​នៅ​ត្រឹម​៣,៥​ភាគរយ សម្រាប់​ឆ្នាំ​២០១៥ គឺ​ថយចុះ​បន្តិច ប្រមាណ ០,៣ភាគរយ បើប្រៀបធៀប​នឹង​អត្រា​ដែល​ FMI​បាន​ព្យាករ​ទុក កាលពី​ខែ​តុលា ឆ្នាំមុន។ នៅក្នុង​ការព្យាករណ៍​របស់ FMI មាន​តែ​មហាអំណាច​អាមេរិក​ទេ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​វិជ្ជមាន។ ចំណែក​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​មាន​សេដ្ឋកិច្ច​ទើបរីកលូតលាស​ដទៃទៀត ដូចជា​ចិន​ជា​ដើម នឹង​មាន​PIB ឬ​ផលិតផល​ក្នុង​ស្រុក​សរុប​ធ្លាក់ចុះ នៅ​ពីរឆ្នាំ​ខាងមុខ។  

ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុង​រយៈពេល​ពីរឆ្នាំ​ទៅមុខ គេ​មិនសង្ឃឹម​ថា ពិភពលោក​នឹង​ជួប​កំណើនសេដ្ឋកិច្ច​ជា​វិជ្ជមាន​នោះទេ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ត្រូវ​កាត់​បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោក សម្រាប់​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៦ដោយ​ផ្អែក​​ទៅលើ​ការធ្លាក់​ថយចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន តួលេខ​មិនល្អ​របស់​សេដ្ឋកិច្ច​រុស្ស៊ី និង​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ នៅក្នុង​ប្រទេស​ដែល​នាំចេញ ផលិតផល​ប្រើប្រាស់​ជា​មូលដ្ឋាន។

 
ប្រទេស​ចិន នៅថ្ងៃអង្គារ​នេះ ក៏​ទើប​បាន​ចុះផ្សាយ​តួលេខ​ដែលបង្ហាញ​ថា សេដ្ឋកិច្ច​របស់​ចិន​សម្រាប់​ឆ្នាំ ២០១៤ កន្លងទៅ បាន​ថយ​ចុះ ពី​៧,៧​ភាគរយ ឆ្នាំ​២០១៣ មកនៅ​ត្រឹម​៧,៤​ភាគរយ។ កង្វះការវិនិយោគ ជាពិសេស នៅក្នុង​ផ្នែកអចលនទ្រព្យ ជា​មូលហេតុ​ចំបង​ដែល​ទាញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់ចុះ។ នៅក្នុង​ពេល​ដែល​រដ្ឋាភិបាល​ចិន សន្យា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ចិន​ឲ្យ​នៅ​៧ភាគរយ សម្រាប់​ឆ្នាំ នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ប៉ាន់ស្មាន​ថា កំណើន​សេដ្ឋកិច្ច​របស់ចិន​នឹង​ថយចុះ ក្រោម ៧ភាគរយ សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ អ្នកសេដ្ឋកិច្ច​ជាច្រើន វាយតម្លៃថា កំណើន​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់ចុះ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល ដោយសារ​តែ​ចិន​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល​របស់​អឺរ៉ុប និង​របស់​ប្រទេស​អភិវឌ្ឍ​ដទៃទៀត។

ការធ្លាក់ថយចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ចិន នឹង​រឹត​តែ​មិន​អំណោយផល​ដល់​ ​ប្រទេស​អឺរុប និង​របស់​ជប៉ុន។ តាម​តួលេខ​របស់​ FMI កំណើន​សេដ្ឋកិច្ច​របស់ប្រទេស​ចាយប្រាក់​អឺរ៉ូ ហើយ​និង​ជប៉ុន នឹង​កើនឡើង​យឺតជាង ការព្យាករណ៍​ទុក កាល​ពី​តុលា។

តាម FMI នៅក្នុង​រយៈពេល​២​ឆ្នាំ​ទៅ​មុខ កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់ថយចុះ ទាំងនៅ​ក្នុង​ប្រទេស​អភិវឌ្ឍ និង​ក្នុង​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ទើប​លូតលាស់​ថ្មី។ រុស្ស៊ី​ដែល​គេ​ចាត់ថ្នាក់ ជា​ប្រទេស​ទើបមាន​សេដ្ឋកិច្ច​រីកលូតលាស់​ដូចជា​ចិន ឥណ្ឌា និង​ប្រេស៊ីល នឹង​មាន​កំណើន​សេដ្ឋកិច្ច ធ្លាក់ចុះ​ខ្លាំង ដោយសារ​តែ រុស្ស៊ី​កំពុង​រង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអាមេរិក និង​ពី​សហភាពអឺរ៉ុប នៅក្នុង​វិបត្តិ​អ៊ុយក្រែន។ លុយ​រូប្លរបស់​រុស្ស៊ី​ក៏ធ្លាក់​ចុះ​ខ្លាំង ចំណែក​ប្រេង​ដែល​រុស្ស៊ី​ពឹងផ្អែកខ្លាំង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ក៏​កំពុង​ធ្លាក់ចុះ​ថ្លៃ យ៉ាង​គំហុក នៅក្នុង​ទីផ្សារអន្តរជាតិ។

តម្លៃប្រេងធ្លាក់ចុះ​ជា​ដំណឹងល្អ ប៉ុន្តែ វាមិនគ្រប់គ្រាន់
តម្លៃ​ប្រេង​ឆៅ នៅក្នុង​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់ចុះ ៥៥ភាគរយ ចាប់តាំង​ពី​ខែ​កញ្ញា​ឆ្នាំមុន។ តម្លៃប្រេង​ឆៅ ធ្លាក់ចុះ​ដោយសារ​តែ​តម្រូវការ​ជាទូទៅ បាន​ធ្លាក់ចុះ និង​ដោយសារ​តែ​អង្គការ​ប្រទេស​នាំចេញ​ប្រេង Opec បដិសេធមិន​ព្រម​កាត់បន្ថយ​ការផលិត​របស់ខ្លួន។ នេះនៅមិនទាន់​និយាយ​ពី​អាមេរិក ដែល​មិនមែន​ជា​សមាជិក​របស់​Opec ប៉ុន្តែ ដែល​នៅ​តែ​បន្ត​បង្កើន​ការផលិត និង​នាំចេញ​ប្រេង​របស់ខ្លួន។

មូលនិធិ FMI ទទួល​ស្គាល់​ថា ការធ្លាក់ចុះ​តម្លៃ​ប្រេង​ជា​ដំណឹង​ល្អ​មួយ សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​ពិភពលោក គឺ​លើកលែង​តែ​សម្រាប់ អាមេរិក​ជា​ប្រទេស​ដែល​នាំចេញ​ប្រេងនោះ។ ជាទូទៅ ប្រទេស​ដែលត្រូវ​នាំចូល​ប្រេង ច្រើន ដូចជា​ចិន ឬ​ជប៉ុន​នឹង​អាច​យក​ចំណេញ​ពី​ប្រេង​ចុះថ្លៃខ្លាំង ដើម្បី​ជំរុញ​ការផលិត​របស់ខ្លួន។ ប៉ុន្តែ តាម​FMI ប្រេងធ្លាក់​ចុះ​ថ្លៃខ្លាំង​នៅ​តែ​មិន​គ្រប់គ្រាន់ នោះទេ ព្រោះថា កត្តា​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក គឺ​ការវិនិយោគ​នោះ​បាន​ធ្លាក់ចុះ ខ្លាំង នៅ​ទូទំាង​ពិភពលោក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

វិបត្តិ​សេដ្ឋកិច្ច​កើត​មាន នៅគ្រប់​ទិសទី មិនថា នៅ​អឺរ៉ុប នៅ​អាមេរិកឡាទីន ឬ​នៅ អាស៊ី ដែល​តាមពិត​ជាទីផ្សារ​អន្តរជាតិ​យ៉ាងសំខាន់។ អ្នកវិនិយោគ​ជាច្រើន​បាន​បាក់​ទឹកចិត្ត​មិនចង់ ប្រថុយប្រថាន ខ្ចីទុន ទៅ​វិនិយោគ ដោយសារ​តែ​តម្រូវការ​ធ្លាក់ចុះ នៅ​ទីផ្សារ​អន្តរជាតិ ជាពិសេស នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ។ នៅ​ប្រទេស​ចិន អត្រាការ​ប្រាក់ខ្ពស់​មិន​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​បោះទុន​វិនិយោគ​នោះទេ។

សេដ្ឋវិទូ​ជា​ច្រើន​បារម្ភថា ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់​ថ្មី និង​របស់ប្រទេស​ចាយប្រាក់​អឺរ៉ូ នៅ​ឆ្នាំខាងមុខ នឹង​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃ​ទៀត ដូចជានៅ​អាស៊ី ជាដើម។

FMI​បានអំពាវនាវ​ឲ្យ​ប្រទេស​អភិវឌ្ឍ ឬ​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី រៀបចំ ធ្វើកំណែ​ទម្រង់ រចនាសម្ព័ន្ធ ជាពិសេស​នៅក្នុង​នយោបាយ​រូបិយវត្ថុ​របស់ខ្លួន។ ប្រទេស​ដែល​ជាប់ប្រាក់​បំណុល​ច្រើន​ត្រូវ​ពិនិត្យ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​ចំពោះ​នយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន គឺ​ធ្វើយ៉ាងណា​ដើម្បី​កុំ​ឲ្យ​អត្រា​ការប្រាក់​ដែល​ខ្លួន​ជំពាក់នោះ កើនឡើង។ និយាយ​ឲ្យ​ស្រួលស្តាប់​គឺ​ត្រូវ​ព្យាយាម​ធានា​ម្ចាស់​បំណុល​ឲ្យ​ជឿទុកចិត្ត​លើ​នយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន។

និយាយ​ពី​ចិន វិញ​អាច​ពិចារណា​បញ្ចុះ​អត្រាការប្រាក់ សម្រាប់​ដើម្បី​ជំរុញ​ការវិនិយោគ និង​ត្រូវបំពាក់​បច្ចេកវិទ្យា ដូចដែល​ប្រទេស​អភិវឌ្ឍ​បាន​ធ្វើ​រួចមកហើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ