អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖សន្និសីទអន្តរជាតិ​ស្តីពី​គ្រោះធម្មជាតិ​បិទបញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ស្តួចស្តើង

សន្និសីទអន្តរជាតិ​ស្តីពី​ការ​កាត់បន្ថយ​គ្រោះធម្មជាតិ​ដែល​បាន​រៀបចំ​រយៈពេល ៥ថ្ងៃ​ក្នុង​ទីក្រុង​សេនដាយ​ប្រទេស​ជប៉ុន​បាន​បិទបញ្ចប់​នៅ​ថ្ងៃ​ពុធ ទី១៨ មីនា។ ជា​លទ្ធផល សន្និសីទ​បាន​អនុម័ត​ចេញ​នូវ​វិធានការ​បង្ការ​មួយ​ចំនួន​សម្រាប់​រយៈពេល ១៥ឆ្នំា​ខាង​មុខ ពោល​ពី​ឆ្នំា ២០១៥ ដល់​ឆ្នំា ២០៣០។ តែ​លទ្ធផល​នេះ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​វាយតម្លែ​ថា នៅ​មាន​លក្ខណៈ​តិចតួច ស្តួចស្តើង​នៅ​ឡើយ ព្រម​ទំាង​បាន​បរិហារ​លើ​ក្រុមប្រទេស​អ្នកមាន​ពី​បទ​មិន​បាន​បំពេញ​កាតព្វកិច្ច និង​គោរព​ពាក្យសន្យា​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ។

ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចំា​រហូត​ដល់​យប់​ជ្រៅ​ក្នុង​ថ្ងៃ​ពុធ ទី១៨ មីនា​ដែល​ជា​ថ្ងៃ​កិច្ចប្រជុំ​ចុង​ក្រោយ​រយៈពេល ៥ថ្ងៃ​ទើប​សន្និសីទ​បាន​អនុម័ត​ចេញ​នូវ​កម្មវត្ថុ​ចម្បង​ចំនួន ៧ ស្តីពី​ការ​បង្ការ​ការ​កាត់បន្ថយ​គ្រោះមហន្តរាយ​ធម្មជាតិ​សម្រាប់ ១៥ឆ្នំា​ខាង​មុខ ពោល​ពី​ឆ្នំា ២០១៥ នេះ​ដល់​ឆ្នំា ២០៣០។ កម្មវត្ថុ​ទំាង ៧ រួម​មាន កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ឲ្យ​បាន​ចំនួន ១០០ ០០០នាក់​ក្នុង​រយៈពេល ១០ឆ្នំា កាត់​បន្ថយ​ចំនួន​ជនរងគ្រោះ​ឲ្យ​បាន​ចំនួន ១០០ ០០០នាក់​ក្នុង​រយៈពេល ១០ឆ្នំា កាត់​បន្ថយ​ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​ការ​បាត់បង់​សេដ្ឋកិច្ច​ឲ្យ​បាន​ជា​អតិបរមា ឬ​មួយ​ក៏​ចូលរួម​ជួយ​បង្កើន​ចំនួន​ប្រទេស​ឲ្យ​បំពាក់​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រឈម​ទប់​នឹង​ហានិភ័យ​ជា​ដើម។ ទន្ទឹម​គ្នា​នេះ សន្និសីទ​ក៏​បាន​អំពាវនាវ​ឲ្យ​កិច្ចសហប្រតិបត្តិ​អន្តរជាតិ​ក្រោម​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ និង​គំាទ្រ​ពី​ក្រុមប្រទេស​អ្នក​មាន។

យ៉ាង​ណា​ក៏​ដោយ ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​រយៈពេល ៥ថ្ងៃ​នោះ​បាន​បរិហារ​លើ​លទ្ធផល​ដែល​សន្និសីទ​សម្រេច​បាន។ អង្គការ ActionAid បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​មួយ​ដោយ​សម្តែង​ការ​សោកស្តាយ​ថា មហិច្ឆតា​របស់​សន្និសីទ​គឺ​ធំធេង​ណាស់ តែ​នៅ​ស្រពិចស្រពិល។ អ្វី​ដែល​អង្គការ ActionAid មាន​ការ​សោកស្តាយ​ខ្លំាង​នោះ គឺ​សន្និសីទ​មិន​បាន​កំណត់​តួលេខ​ច្បាស់លាស់​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នីមួយៗ​អនុវត្តន៍​ក្នុង​រយៈពេល ១៥ឆ្នំា​ខាង​មុខ​ទេ។ ចំណែក​អង្គការ Oxfam ជប៉ុន​ក៏​បាន​ថ្លែង​ខកចិត្ត​យ៉ាង​ខ្លំាង​ចំពោះ​លទ្ធផល​ដែល​សន្និសីទ​សម្រេច​បាន​ពេល​នេះ ពិសេស​ទាក់ទង​នឹង​តួលេខ​ដែល​តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​អនុវត្តន៍​ឲ្យ​បាន​នា​ពេល​ខាង​មុខ។

គួរ​រម្លឹក​ជូន​ថា កិច្ចព្រមព្រៀង​ដែល​សន្និសីទ​ទីក្រុង​សេនដាយ​សម្រេច​បាន​ពេល​នេះ គឺ​ជា​កិច្ចព្រមព្រៀង​បន្ត​ពី​ការងារ​ដែល​សម្រេច​បាន​កាល​ពី ១០ឆ្នំា​មុន​នា​ឱកាស​សន្និសីទ​ក្នុង​ទីក្រុង​យ៉ូហ្គូ​ប្រទេស​ជប៉ុន​ដដែល។ តែ​អ្វី​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​បារម្ភ​នោះ គឺ​ខ្លាច​តែ​លទ្ធផល​តិចតួច​នៅ​ក្នុង​សន្និសីទ​ពេល​នេះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អនាគត​សន្និសីទ​ស្តីពី​អាកាសធាតុ​ដែល​គ្រោង​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ចុង​ឆ្នំា ២០១៥ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ