អានតួអត្ថបទ
ទីបេ

សម្តេចសង្ឃដាឡៃ ឡាម៉ា​មាន​ព្រះជន្ម ៨០​វស្សា

សម្តេចសង្ឃ​ដាឡៃ ឡាម៉ា នៅ​ទីក្រុង​វ៉ាស៊ីនតោន ខែ​កុម្ភៈ ឆ្នាំ ២០១៥
សម្តេចសង្ឃ​ដាឡៃ ឡាម៉ា នៅ​ទីក្រុង​វ៉ាស៊ីនតោន ខែ​កុម្ភៈ ឆ្នាំ ២០១៥ REUTERS/Kevin Lamarque

នៅ​ទីក្រុង ដារ៉ាំសាឡា ក្នុងទឹកដី​ឥណ្ឌា ជាទី​ដែល​ព្រះអង្គ​ភៀស​និរទេស​ខ្លួន ជាង​៥០​ឆ្នាំ សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា នៅថ្ងៃ​អាទិត្យ​នេះ ធ្វើ​បុណ្យ​ចម្រើន​ព្រះជន្ម ៨០​វស្សា របស់​ព្រះអង្គ​ជាមួយ​ពុទ្ធសាសនិក​ទីបេ រាប់ពាន់​នាក់។ ក្រៅតែ​ពី​កត់សំគាល់​ដោយ​បុណ្យ​សាសនា ដ៏ធំ នៅថ្ងៃ​អាទិត្យនេះ ពិធី​ចម្រើន​ព្រះជន្ម ជា​ស្នូរ​ជួង រំលឹក​ឲ្យ​គេ​គិត​ទៅ​ដល់​អនាគត​ប្រជាជន​ទីបេ ដែល​អស់មាន​​​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា។ 

ផ្សាយពាណិជ្ជកម្ម

សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ចាប់​កំណើត នៅ​ថ្ងៃ ទី ៦ កក្កដា ប៉ុន្តែ តាម​ប្រតិទិន​ចន្ទគតិ ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ត្រូវ​ធ្វើ​នៅថ្ងៃ​អាទិត្យនេះ។ នៅ​រដ្ឋធានី ដារ៉ាំសាឡា ក្នុង​ទឹកដី​ឥណ្ឌា ប្រជាជន​ទីបេ​រាប់ពាន់​នាក់​ដែល​បាន​រត់​និរទេស​ខ្លួន​ពី​ប្រទេស​ចិន និង​មករស់នៅ​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ពិធី​បុណ្យ​ដ៏ធំ សម្រាប់​ប្រមុខដឹកនាំ​សាសនា​របស់ខ្លួន។

 
សម្តេចសង្ឃ ដាឡៃ ឡាម៉ា មាន​ព្រះជន្ម ៨០​វស្សា។ ព្រះអង្គ​បាន​រត់ភៀស និរទេស​ខ្លួន​ចេញ​ពី​ទីបេ នៅ​ឆ្នាំ ១៩៥៩ ដើម្បី​គេចចេញ​ពីការចាប់ចង​របស់​រដ្ឋអំណាច​ប៉េកាំង។ នៅ​បរទេស ព្រះអង្គ​បាន​ផ្តើម​ការតស៊ូ ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​ទឹកដី​ទីបេ។ ប៉ុន្តែ ក្នុង​រយៈពេល ជាង ៥០ឆ្នាំ ការតស៊ូ​របស់​ព្រះអង្គ​បាន​ផ្តល់​ផ្លែផ្កា​តិចតួច។ នៅឆ្នាំ ២០១១ ព្រះអង្គ​បាន​ប្រកាស​លែង​ដឹកនាំ​នយោបាយ និង​បាន​ប្តូរជំហរ ដោយ​លែង​ទាមទារ​ឯករាជ្យ​ឲ្យ​ទីបេ ប៉ុន្តែ អំពាវនាវ​ឲ្យ​ទីក្រុង​ប៉េកាំង​ផ្តល់​ស្វ័យភាព​ដល់​តំបន់​ទីបេ។

បើទោះ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា ប្តូរជំហរ ប៉ុន្តែ ក្នុង​ក្រសែភ្នែក​របស់​រដ្ឋអំណាច​ប៉េកាំង ព្រះអង្គ​នៅ​តែ​អំបែងកែវ​ក្នុង​ភ្នែក ដែល​ចង់​ទាមទារ​ផ្តាច់ទឹកដី​ទីបេ​ចេញ​ពី​ប្រទេស​ចិន។ ចន្លោះឆ្នាំ ២០០២ និង​ឆ្នាំ ២០១១ អាជ្ញាធរ​ចិន និង​អ្នកតំណាង​របស់​រដ្ឋាភិបាល​ទីបេ នៅ​បរទេស បាន​បើក​ការចរចា ចំនួន ៩ដង ប៉ុន្តែ គ្មាន​ផ្តល់​លទ្ធផលអ្វី។

ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម នៅថ្ងៃ​នេះ ធ្វើ​ឲ្យ​គេ​ចោទ​សំណួរ​ផងដែរ ពី​អនាគត​នៃ​ចលនា​ទាមទារ​របស់​ប្រជាជន​ទីបេ នៅបរទេស នៅពេល​គ្មាន​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា ដែល​ដើរតួ​ជា​អ្នកបង្រួបបង្រួម រហូតមក។ លោកប្រធានាធិបតី​អាមេរិក ដែល​បាន​ទទួល​ជួប​សម្តេចសង្ឃ ដាឡៃ ឡាម៉ា កាលពី​ខែ​កុម្ភៈ​កន្លងមក ធ្លាប់​បាន​និយាយ​ថា សម្តេច​ដាឡៃ ឡាម៉ា ជាប្រភព​ស្មារតី ដែល​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​និយាយ ធ្វើអ្វីៗ ដើម្បី​សេរីភាព និង​ភាពថ្លៃថ្នូរ​របស់​មនុស្ស។

តើ​នឹង​មាន​អ្វី​កើតឡើង នៅក្រោយ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា សុគត? តើ​ប្រជាជន​ទីបេ ក្នុង និង​ក្រៅស្រុក នឹង​ជ្រើសតាំង​ដាឡៃ ឡាម៉ា​ថ្មី ដើម្បី​បន្ត​ស្នង​ពី​ព្រះអង្គ​ដែរឬទេ។ នៅ​ឆ្នាំមុន ព្រះអង្គ​ធ្លាប់​បាន​និយាយ​ប្រាប់​កាសែត​អាល្លឺម៉ង់ ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រហូត​ដល់​១១៣​វង្សា និង​ថា នៅក្រោយ​ព្រះអង្គ​នឹង​គ្មាន​ដាឡៃ ឡាម៉ា​ទៀតទេ ព្រោះ ព្រះអង្គ​បាន​សម្រេចចិត្ត នឹង​មិន​ត្រលប់​មក​ចាប់​កំណើត​ជាថ្មី​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ