អានតួអត្ថបទ
ជប៉ុន-អាល្លឺម៉ង់

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​រំលឹក​ជប៉ុន​ឲ្យ​ហ៊ាន​ប្រឈមនឹង​ ប្រវត្តិសាស្រ្ត​អតីតកាល​

©Reuters

នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា ម៉ែរគែល ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ២​ថ្ងៃ នៅថ្ងៃ​ចន្ទ​ទី ៩​មីនា នៅក្នុង​ប្រទេស​ជប៉ុន។ នៅ​ក្នុងវេទិកា​សាធារណៈ រៀបចំ នៅមុន​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បាន​អំពាវនាវ​ឲ្យ​ជប៉ុន​ហ៊ាន​ប្រឈមមុខ​នឹង​អតីតកាល ដូច​ដែល​អាល្លឺម៉ង់​ធ្លាប់​បាន​ធ្វើ នៅ​ក្រោយ​ចប់​សង្រ្គាម​លោកលើក​ទីពីរ។ នៅ​ប្រទេស​ជប៉ុន នឹង​ចូលជួប​ព្រះចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ មុន​ជួប​ពិភាក្សា ជាមួយ​លោកនាយក​រដ្ឋមន្រ្តី ជប៉ុន ពី​ប្រធាន​បទ​សំខាន់ៗ ដូចជា ការដោះដូរ​ពាណិជ្ជកម្ម​សេរី វិបត្តិ​អ៊ុយក្រែន និង​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ជប៉ុន ដែល​មានជា​លើក​ទីមួយ ចាប់តាំង​ពី​ឆ្នាំ​២០០៨ លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម វិបត្តិ​អ៊ុយក្រែន និង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅមុន​​ពេល​ដែល​អាល្លឺម៉ង់​ត្រូវ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុមប្រទេស​មហាឧស្សាហកម្ម​ទាំង៧។

 
នៅថ្ងៃ​ចន្ទ ​ទៅតាម​ការអញ្ជើញ​របស់​កាសែត​ជប៉ុន អាសាហ៊ី សម្រាប់​ វេទិកា​សាធារណៈ​មួយ លោកស្រី​នាយក​រដ្ឋមន្រ្តី អាល្លឺម៉ង់​ចែករំលែក​បទពិសោធន៍ និង​មេរៀន​ស្តីពី​ប្រវត្តិសាស្រ្ត​ជាមួយ​ជប៉ុន។ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អំពាវនាវ​ឲ្យ​ជប៉ុន​ហ៊ាន​ប្រឈម ប្រកប​ដោយ​ភាពស្មោះត្រង់​ចំពោះ ​នយោបាយ​យោធា​និយម​របស់ខ្លួន កាលពី​អតីតកាល។ ការអំពាវនាវ​របស់​លោកស្រី​អង់ហ្គែរឡា ម៉ែរគែល ធ្វើឡើង នៅក្នុង​អំឡុង​ពេល​ដែល​នាយក​រដ្ឋមន្រ្តី​ជប៉ុន កំពុង​ត្រៀម​សរសេរ​សារ មួយ​ដែល​លោក​នឹង​ថ្លែង​នា​ខែ​សីហា​ខាងមុខ នៅ​ក្នុង​បុណ្យខួប ៧០​ឆ្នាំ នៃ​ការបញ្ចប់​សង្រ្គាម​លោកលើក​ទីពីរ។

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ​ធ្លាប់​បាន​និយាយថា លោក​មានបំណង​ថ្លែង​ពី​ការសោកស្តាយ​ចំពោះ​សង្រ្គាម​ដែល​ជប៉ុន​បាន​បង្ក​ឡើង​កាលពី​អតីតកាល និង​រក្សា​ពាក្យ​សុំទោស ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន​មុនៗ ធ្លាប់​បាន​ថ្លែង​កន្លងមក។

ចិន និង​កូរ៉េ​ដែល​ធ្លាប់​រងគ្រោះ ដោយ​ការឈ្លានពាន​របស់​ជប៉ុន នៅ​សម័យ​សង្រ្គាម​លោកលើក​ទីពីរ កំពុង​តាមដាន មើល​យ៉ាង​យក​ចិត្ត​ទុកដាក់ ពាក្យ​សំដី ដែល​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ត្រូវ​ប្រើ​ក្នុង​សារ​ថ្នាក់ជាតិ របស់ខ្លួន។

គេ​នៅ​តែ​បារម្ភថា កំហុស​ឆ្គង​ពាក្យ​សំដី​ណាមួយ របស់​នាយករដ្ឋមន្រ្តី​ជប៉ុន​នឹងអាច​ត្រូវ​ចិន កូរ៉េ​ចាប់ថ្នាក់ និង​​អាច​បង្ក​ឲ្យ​មាន​ភាពតានតឹង​កាន់តែ​ខ្លាំង រវាង​ជប៉ុន​ជាមួយ​នឹង​ប្រទេស​ជិតខាង ដូចជា​ចិន និង​កូរ៉េខាងត្បូង។ គេ​ដឹង​មិន​ច្បាស់​ទេ ថា តើ នៅក្នុង​សារ ថ្នាក់ជាតិ ដើម្បី រំលឹក​ខួប ៧០​ឆ្នាំ នៃ​ការបញ្ចប់​សង្រ្គាម​លោកលើក​ទីពីរនេះ លោក​ស៊ីនហ្សូ អាបេ នឹង​ឡើង​ពី​ការសុំ​ទោស ឲ្យ​ស្មោះ​អស់​ពី​ចិត្ត​របស់​ជប៉ុន​ដែរ​ឬទេ? តើ នាយករដ្ឋមន្រ្តី ជប៉ុន​នឹង​លើក​និយាយ​ពីអាណានិគមកិច្ច ការរំលោភ​ឈ្លានពាន​របស់​កងទ័ព​ជប៉ុន នៅក្នុង​សារ​របស់​លោក​ដែរឬទេ។

រហូត​មកដល់​ពេលនេះ បើទោះបី​ជាជប៉ុន​បាន​ប្រកាស​ទទួល​ខុសត្រូវ​លើ​សកម្មភាព​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ខ្លួន​បាន​ធ្វើ​នៅក្នុង​សង្រ្គាម​លោកលើកទីពីរ ក៏ពិតមែន ប៉ុន្តែ កូរ៉េ និង​ជាពិសេស​ចិន ដែល​ធ្លាប់រងគ្រោះ​ដោយសារ​ការឈ្លានពាន កាប់សម្លាប់​របស់​ទ័ព​ជប៉ុន នៅ​តែ​មិនជឿទុកចិត្ត និង​បាន​វាយតម្លៃ​ថា ជប៉ុន គ្មាន​ភាពស្មោះត្រង់ ដើម្បី​សុំ​ទោស​នោះទេ។ ចិន​ជា​ដើម បាន​ចោទ​ជប៉ុន​ថា បាន​បដិសេធ​មិន​ធ្វើការងារ​ចងចំា ជាពិសេស នៅក្នុង​ការអប់រំ​ប្រវត្តិសាស្រ្ត​របស់​សិស្ស​សាលា​ជប៉ុន។

លោកស្រី​អង់ហ្គែឡា ម៉ែរគែល៖ ​ភាពស្មោះត្រង់ និង​សណ្តានចិត្ត​ល្អ​ជា​កូនសោរ​សំខាន់​សម្រាប់​ការផ្សះផ្សារ​ក្រោយ​សម័យសង្រ្គាម
អាល្លឺម៉ង់ និង​ជប៉ុន​បាន​ចូលរួម​ចង​សម្ព័ន្ធមិត្ត​នឹងគ្នា នៅ​ឆ្នាំ ១៩៣០ ដើម្បី​ធ្វើសង្រ្គាម​វាតទឹកដី នៅសម័យ​សង្រ្គាម​លោក​លើកទីពីរ។ អាល្លឺម៉ង់​បង្ក​សង្រ្គាម​អុកឡុក នៅ​អឺរ៉ុប ចំណែក​ជប៉ុន​ធ្វើសង្រ្គាម ឈ្លានពាន នៅ​ទ្វីបអាស៊ី។ ដោយសារ​មាន​អតីតកាល​ប្រវត្តិសាស្រ្ត​ដូច​ជប៉ុន អាល្លឺម៉ង់ ជា​ប្រទេស​ដែល​សក្តិសម​ជាងគេ ដើម្បី​ផ្តល់​មេរៀន​ដល់​ជប៉ុន។

ចំណុច​ខុសគ្នា រវាង​អាល្លឺម៉ង់ និង​ជប៉ុន គឺ​នៅត្រង់ថា នៅក្រោយ​សង្រ្គាម​លោកលើក​ទីពីរ​ចប់​ភ្លាម អាល្លឺម៉ង់​បាន​ផ្សះផ្សារ ត្រូវរ៉ូវ​គ្នា ឡើងវិញ ជាមួយ​នឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការឈ្លានពាន របស់​អាល្លឺម៉ង់។ សម្រាប់​លោកស្រី​អង់ហ្គែឡា ម៉ែរគែល នៅក្នុង​ជម្រៅ​ចិត្ត ប្រជាជន​អាល្លឺម៉ង់ មាន​ឆន្ទះ ចង់​កែប្រែ ទទួល​កំហុស ចំពោះ​អ្វី​ដែលបានកើតឡើង។ នៅ​ចំពោះ​មុខ​សាធារណរជន​ជប៉ុន លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​លើកឡើង​ឃ្លា​ប្រវត្តិសាស្រ្ត មួយ​ដែល​ថ្លែង ដោយ​អតីត​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​ម្នាក់ ដែលថា អ្នកដែល​បិទភ្នែក​ចំពោះ​រឿង​អតីតកាល គឺ​ជា​មនុស្ស​ខ្វាក់ មើលមិនឃើញ​អ្វីនៅពេល​បច្ចុប្បន្ន។ គឺ​អតីត​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នោះ​តែម្តង ដែល​ហ៊ាន​ហៅ​ថ្ងៃ​បញ្ចប់​សង្រ្គាម​លោក​លើកទីពីរ នៅ​អឺរ៉ុប បង្ក​ឡើង​ដោយ​ពួកណាហ្ស៊ី របស់​ហ៊ីត្លែរ ថា ជាថ្ងៃ​រំដោះ ឲ្យមាន​សេរីភាព នៅ​អឺរ៉ុប ហើយ

រហូតមកដល់​ពេលនេះ ដោយសារ​តែ​ការបន្សល់ទុក​នៃ​ប្រវត្តិសាស្រ្ត ជប៉ុន​វិញ នៅ​តែ​មិនតែ​មិនទាន់​មើលមុខ មិន​ចំ​នឹង​អតីត​សត្រូវ​របស់ខ្លួន​ដូចជា​ចិន និង​កូរ៉េ​ជាដើម។ ជប៉ុន ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្រ្តី​ជាតិ​និយម កំពុងធ្វើ​សកម្មភាព​ចម្រូងចម្រាស​ជាច្រើន ដូចជា​ការទៅ​គោរព​ផ្នូរអតីត​ទាហាន​ជប៉ុន ដែល​ចិន និង​កូរ៉េ​ចាត់ទុក​ជាឧក្រិដ្ឋជន​សង្រ្គាម។ រដ្ឋាភិបាល​ជប៉ុន​នៅ​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កែប្រែ​លក្ខន្តិកៈ​យោធា​របស់​ជប៉ុន។ ចិនបាន​រិះគន់ និង​ចាត់ទុក ការវិលត្រលប់​ទៅរក​យោធានិយម​របស់​ជប៉ុន​ថា ជា​ការគំរាមកំហែង ដល់​សន្តិសុខ និង​ជាចេតនា បំភ្លេច​អតីតកាល​សង្រ្គាម​ដែល​ជប៉ុន​ធ្លាប់បង្កឡើង។

ជប៉ុន​ត្រូវការ​ការចូលរួម​ពី​ប្រទេស​ជិតខាង​ដើម្បី ធ្វើការងារ​ប្រវត្តិសាស្រ្ត
សម្រាប់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ជប៉ុន​ត្រូវ​ហ៊ាន​ប្រឈម​នឹង​អតីតកាល​របស់ខ្លួន និង​​ដោះស្រាយ​បញ្ហា​មិន​ចុះ​សម្រុង​ជាមួយ​អតីត​សត្រូវ​របស់ខ្លួន ប៉ុន្តែ ជប៉ុន​មិន​អាច​ធ្វើការងារ​នេះ បាន​តែ​ម្នាក់ឯងទេ។

នៅ​ទីក្រុង​តូក្យូ នៅថ្ងៃនេះ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​អះអាងថា បើ​គ្មាន​ការសហការ ការយោគយល់​ពី​ប្រទេស​ដែល​ធ្លាប់​រងគ្រោះ​ដោយ​អាល្លឺម៉ង់ នោះ អាល្លឺម៉ង់​​មិន​អាច​ប្រឈមនឹង​អតីតកាល ដើម្បី​កែប្រែខ្លួន បោះជំហាន​ទៅមុខ​បានឡើយ។ ត្រង់​ចំណុចនេះ លោកស្រី អង់ហ្គែឡា ម៉ែរគែល​បាន​លើកឡើង​ករណី ប្រទេស​បារាំង ដែល​ធ្លាប់​រងគ្រោះ​ដោយការឈ្លានពាន​របស់​អាល្លឺម៉ង់។ នៅក្រោយ​ចប់​សង្រ្គាម​លោកលើកទីពីរ បារាំង​បាន​ចូលរួម​យ៉ាងច្រើន ​ជួយ​អាល្លឺម៉ង់​ឲ្យ​ផ្សះផ្សារ​ជាមួយ​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត និង​ជួយ​ឲ្យ​អាល្លឺម៉ង់ ធ្វើការ​ខាង​ ផ្នែក​ចងចាំ​ប្រវត្តិសាស្រ្ត នៅក្រោយ​សង្រ្គាម​លោកលើក​ទី​ពីរ៕

 

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ