អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌូណេស៊ី​រង​ការរិះគន់​យ៉ាង​ខ្លំាង ក្រោយ​ពី​ប្រហារជីវិត​អ្នក​រត់ពន្ធគ្រឿងញៀន ៦នាក់

សំឡេង ០៥:០៣
កម្លំាង​ប៉ូលិសឥណ្ឌូណេស៊ី​ពង្រឹងសន្តិសុខ​នៅ​ពន្ធនាគារ
កម្លំាង​ប៉ូលិសឥណ្ឌូណេស៊ី​ពង្រឹងសន្តិសុខ​នៅ​ពន្ធនាគារ Reuters

នៅ​យប់​ថ្ងៃ​សៅរ៍ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៨ មករា​នេះ រដ្ឋអំណាច​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រហារ​ជីវិត​ជនបរទេស​ចំនួន ៥នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន។ ជនជាតិ​បរទេស​ទំាង ៥នាក់​នោះ​មាន ស្រ្តី ២នាក់ និង​បុរស ៣នាក់​មក​ពី​ប្រទេស​ប្រេស៊ីល ហូឡង់ វៀតណាម ម៉ាឡាវី និង​នីហ្សរីយ៉ា។ តំាង​ពី​លោក​ហ្សូកូ វីដូដូ​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ខែ​តុលា ឆ្នំា ២០១៤ មក នេះ​ជា​លើកទី១ ដែល​រដ្ឋអំណាច​បាន​ប្រហារ​ជីវិត​អ្នក​មាន​ទោសប្រហារជីវិត។ ប្រតិកម្ម​ភ្លាមៗ រដ្ឋាភិបាល​នៃ​ប្រទេស​ប្រេស៊ីល និង​ហូឡង់​បាន​ថ្កោលទោស​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដោយ​បាន​ចាត់​ទុក​ការ​ប្រហារ​ជីវិត​នេះ​ថា ជា​ទង្វើ​ព្រៃផ្សៃ និង​អមនុស្សធម៌។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​រហ័ស និង​ទាន់ហន់​ភ្លាមៗ រដ្ឋាភិបាល​នៃ​ប្រទេស​ប្រេស៊ីល ក៏​ដូច​ជា​ហូឡង់​បាន​ចេញ​មុខ​ថ្កោលទោស ព្រម​ទំាង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចំា​ទីក្រុង​ហ្សាការតា​ឲ្យ​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ រដ្ឋាភិបាល​ប្រេស៊ីល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ស្ថានទូត​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី​នឹង​មាន​ត្រឹម​តែ​អ្នកតំណាង​ប៉ុណ្ណោះ។ វិមាន​ប្រធានាធិបតី​ប្រេស៊ីល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​ថ្ងៃ​នេះ​ថា ការ​ដែល​ឥណ្ឌូណេស៊ី​កំពុង​បន្ត​អនុវត្តន៍​ទោស​ប្រហារ​ដែល​មាន​ប្រទេស​ជា​ច្រើន​ក្នុង​លោក​បាន​បោះបង់​ចោល និង​ថ្កោលទោស​ពេល​នេះ កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ឥណ្ឌូណេស៊ី និង​ប្រេស៊ីល​មាន​ភាព​ល្អក់កករ​កាន់​តែ​ខ្លំាង។

រីឯ​ប្រតិកម្ម​របស់​ប្រទេស​ហូឡង់​ក្នុង​នាម​ជា​អតីត​ម្ចាស់​អាណានិគម​ប្រទេស​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​ទីក្រុង​អំាស្ទែដំា​បាន​ថ្កោលទោស​យ៉ាង​ចាស់​ដៃ​លើ​ទង្វើ​ប្រហារ​ជីវិត​ជនជាតិ​គេ​ពី​សំណាក់​រដ្ឋអំណាច​ឥណ្ឌូណេស៊ី។ ចំណែក​ក្រសួង​ការបរទេស​ហូឡង់​បាន​គូស​បញ្ជាក់​ថា ការ​ប្រហារជីវិត​អ្នកមាន​ទោសប្រហារជីវិត គឺ​ជា​ទង្វើ​ព្រៃផ្សែ និង​អមនុស្សធម៌​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​វា​បាន​ប្រឆំាង​ទៅ​នឹង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សលោក។

ឥណ្ឌូណេស៊ី​មាន​ច្បាប់​យ៉ាង​តឹងតែង​ប្រឆំាង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន

ព៍ត៌មាន​ផ្តល់​ដោយ​រដ្ឋអំណាច​ឥណ្ឌូណេស៊ី​ឲ្យ​ដឹង​ថា អ្នក​ទំាង ៦នាក់​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ក្នុង​ចន្លោះ​ឆ្នំា ២០០០ និង ២០១១ ពី​បទ​រត់ពន្ធ​គ្រឿង​ញាន។ ក្នុង​ចំណោម​អ្នក​ទំាង ៦នាក់​នោះ មាន ៥នាក់​បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់ និង​មាន​ម្នាក់​ជា​ជនជាតិ​ហូឡង់​ម្នាក់​អាយុ ៦២ឆ្នំា​បាន​ប្រកាស​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន។ ក្រោយ​ពី​បាន​ទទួល​ទោស​ប្រហារ​ជីវិត អ្នក​ទំាង ៦នាក់​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី។ ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប ក៏​ដូច​ជា​ប្រទេស​ពាក់ព័ន្ធ ពិសេស​ប្រេស៊ីល និង​ហូឡង់​ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បោះបង់​ចោល​ការ​ប្រហារ​ជីវិត​នោះ។ តែ​ទីក្រុង​ហ្សាការតា​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់ ហើយ​គឺ​រូបលោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ហ្សូកូ វីដូដូ​ផ្ទាល់​ខ្លួន​តែ​ម្តង​ដែល​បាន​សម្រេច​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១៤ ឲ្យ​ប្រហារ​ជីវិត​អ្នក​មាន​ទោស​ប្រហារជីវិត​ទំាង ៦នាក់​នោះ ដោយ​បាញ់​សម្លាប់​ចង​ផ្អោប​នឹង​សសរ។

ក្រៅ​ពី​អ្នក​ដែល​ទើប​បាន​ប្រហារជីវិត​ចោល​ទំាង ៦នាក់ នៅ​មាន​អ្នក​មាន​ទោសប្រហារជីវិត​ប្រមាណ​ជា ២០នាក់​ទៀត​ដែល​កំពុង​រង់ចំា​ថ្ងៃ​អង្សារ​របស់​ខ្លួន ក្នុង​នោះ​មាន​ជនបរទេស ៤នាក់ គឺ​អង់គ្លេស​ម្នាក់​អាយុ ៥៦ឆ្នំា អូស្រា្តលី ២នាក់ និង​ជនជាតិ​បារំាង​ម្នាក់។ តែ​ជនជាតិ​បារំាង​កំពុង​រង់ចំា​លទ្ធផល​នៃ​ការ​ប្តឹង​ទៅ​តុលាការកំពូល។ គួរ​រម្លឹក​ជូន​ថា ឥណ្ឌូណេស៊ី​ធ្លាប់​បាន​ផ្អាក​ការ​ប្រហារ​ជីវិត​អ្នក​មាន​ទោសប្រហារជីវិត​កាល​ពី​ឆ្នំា ២០០៨ តែ​បាន​ផ្តើម​អនុវត្តន៍​ជា​ថ្មី​កាល​ពី​ឆ្នំា ២០១៣។ ម្យ៉ាង​ទៀត នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ឥណ្ឌូណេស៊ី ច្បាប់​ទាក់ទង​នឹង​រឿង​ជួញដូរ​គ្រឿងញៀន គឺ​ជា​ច្បាប់​មួយ​ដ៏​តឹងតែង​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​ហ្សូកូ វីដូដូ៖សង្គម​ឥណ្ឌូណេស៊ី​កំពុង​បំផ្លិចបំផ្លាញ​ដោយ​គ្រឿងញៀន

លោក​ប្រធានាធីបតី​ឥណ្ឌូណេស៊ី​ហ្សូកូ វីដូដូ​បាន​លើក​យក​ហេតុផល​មក​បញ្ជាក់​ពី​ទោសប្រហារ​ជីវិត​ក្នុង​រឿង​ជួញដូរ​គ្រឿងញៀន។ សម្រាប់​លោក​វីដូដូ គ្រឿងញៀន​កំពុង​បំផ្លិចបំផ្លាញ​សង្គម​ឥណ្ឌូណេស៊ី។ យោង​តាម​តួលេខ​របស់​រដ្ឋអំណាច​ឥណ្ឌូណេស៊ី​ឲ្យ​ដឹង​ថា មាន​ស្លាប់​យុវជន​ដល់​ទៅ ៥០នាក់​ក្នុង​មួយ​ថ្ងៃៗ​ដោយសារ​តែ​ពួក​គេ​បាន​សេប​គ្រឿងញៀន។ មួយ​វិញ​ទៀត ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី​ទំាង ២៥០លាននាក់ មាន​ជិត ៥លាននាក់​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន។

គួរ​ជម្រាប​ជូន​ថា នៅ​ពេល​ដែល​លោក​វីដូដូ​ទើប​បាន​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ភ្លាម លោក​បាន​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ច្រើន​ដល់​សមាគម​អ្នក​ការពារសិទ្ធិមនុស្ស​ដោយ​គេ​យល់​ថា លោក​ជា​អ្នកកំណែទម្រង់​ម្នាក់​ដែល​នឹង​អាច​សើរើ​មើល​ឡើង​វិញ​ពី​បញ្ហា​ទោស​ប្រហារ​ជីវិត។ តែ​ទីបំផុត លោក​វីដូដូ​បាន​បញ្ជាក់​ដោយ​គ្មាន​អល់អែក​ថា គ្មាន​លទ្ធភាព​ក្នុង​ការ​លើកលែង​ទោស​ដល់​អ្នក​ជាប់​ទោស​ក្នុង​រឿង​ជួញដូរ​គ្រឿងញៀន​ទេ។។ ចំណែក​លោក​ប្រធាន​មហាអយ្យការ​បាន​អះអាង​ថា គេ​ត្រូវ​តែ​ស្រោចស្រង់​ឥណ្ឌូណេស៊ី​ឲ្យ​ផុត​ពី​គ្រឿងញៀន ព្រោះ​វា​បាន​និង​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្សជំនាន់​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ