អានតួអត្ថបទ
ជប៉ុន-ចិន

ជប៉ុន​តវ៉ា​នឹង​ការចុះ​​ឯកសារ​ស្តីពី​ការសម្លាប់រង្គាល​នៅ​ណានជីង ទៅក្នុង​បញ្ជីរ​​យូណេស្កូ

ស្តូប​សម្រាប់​ចងចាំ​ការសម្លាប់​រង្គាល​ជនជាតិ​ចិន ដោយ​ទាហាន​ជប៉ុន​នៅ​ណានជីង។ ៣០០០០០ ជាចំនួន​ជនរងគ្រោះ ដែល​គេឃើញ​មាន​ស្ទើរ​គ្រប់​ជញ្ជាំង​របស់​ស្តូប
ស្តូប​សម្រាប់​ចងចាំ​ការសម្លាប់​រង្គាល​ជនជាតិ​ចិន ដោយ​ទាហាន​ជប៉ុន​នៅ​ណានជីង។ ៣០០០០០ ជាចំនួន​ជនរងគ្រោះ ដែល​គេឃើញ​មាន​ស្ទើរ​គ្រប់​ជញ្ជាំង​របស់​ស្តូប DR

ជប៉ុន នៅថ្ងៃ​សៅរ៍​ទី ១០​តុលា បាន​សំដែងការតវ៉ា បន្ទាប់​ពី អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​សុក្រ បាន​សម្រេច​ដាក់​បញ្ចូល​ឯកសារ​ស្តីពី​ការសម្លាប់​រង្គាល​នៅ​ណានជីង ក្នុង​ប្រទេស​ចិន ទៅ​ក្នុង​បញ្ជី​ចងចាំ​ពិភពលោក​របស់យូនេស្កូ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ក្រសួង​ការបរទេស ជប៉ុន​បាន​​ចាត់ទុក​ការចុះបញ្ជី​ឯកសារ​របស់​ចិន ទៅក្នុង​បញ្ជី​កេរមរតក​របស់យូណេស្កូ​គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ

ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស​ជប៉ុន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ មួយ នៅថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​ទៅ​អង្គការ​យូនេស្កូ ដែល​កាលពី​ថ្ងៃ សុក្រ បាន​សម្រេច​ជាផ្លូវការ ចុះ​ឯកសារ​ទាក់ទង​នឹង​ការសម្លាប់​រង្គាល​នៅ​ណានជីង ទៅក្នុងបញ្ជី​កេរមរត​នៃការចងចាំ​ពិភពលោក​របស់​យូនេស្កូ។

 
ក្រសួងការបរទេស​ជប៉ុន​សំដែង​ការតវ៉ា​របស់ខ្លួន ដោយ​លើក​ហេតុផលថា ឯកសារ​ទាក់ទង​នឹងការសម្លាប់​រង្គាល​នៅ​ណានជីង គឺ​ជា​ឯកសារ​ដែល​ចិន​បាន​បង្កើត​ឡើង ជា​ឯតោភាគី គឺ​គ្មាន​បាន​ពិគ្រោះ​អ្វី ជាមួយ​ជប៉ុន​ដែល​ជា​ភាគី​មួយ​ដែរ នៅក្នុង ព្រឹត្តិការណ៍​នៅ​ណានជីង។ លើសពីនោះ ជប៉ុននៅ​បាន​វាយតម្លៃ​ថា ឯកសារ​នោះ​គឺ​មិនពេញ​លក្ខណៈ និង​គ្មាន​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ។
 

ការកាប់សម្លាប់​រង្គាល​របស់​ទាហាន​ជប៉ុន​ទៅលើ​ប្រជាជន និង​ទាហាន​ចិន​ នៅ​ទីក្រុង​ណានជីង កើតមាន​ពី​ឆ្នាំ ១៩៣៧ រហូត​ដល់​ឆ្នាំ ១៩៣៨1938.
ការកាប់សម្លាប់​រង្គាល​របស់​ទាហាន​ជប៉ុន​ទៅលើ​ប្រជាជន និង​ទាហាន​ចិន​ នៅ​ទីក្រុង​ណានជីង កើតមាន​ពី​ឆ្នាំ ១៩៣៧ រហូត​ដល់​ឆ្នាំ ១៩៣៨1938. Wikipedia

ជប៉ុន​បាន​ចូល​ឈ្លានពាន​ចិន តាំងពី​ឆ្នាំ ១៩៣០ និង​បាន​បើក​ការប្រយុទ្ធ​ខ្លាំង នៅ​ឆ្នាំ ១៩៣៧ ដើម្បី ចូល​កាន់កាប់​ទីក្រុង​ណានជីង។ តាម​ឯកសារ​របស់​រដ្ឋាភិបាល​ចិន មនុស្ស ប្រមាណ ៣សែន​នាក់ បាន​ស្លាប់ នៅក្នុង​រយៈពេល តែ​៦​សប្តាហ៍ ដែល​កងទ័ព​ជប៉ុន​បាន​ចូលឈ្លានពាន​ទីក្រុង​ណានជីង។ ពួកគេ​ត្រូវ​ទាហាន​ជប៉ុន​កាប់សម្លាប់ និង​រំលោភ ឆក់ប្លន់ យ៉ាង​ព្រៃផ្សៃ​បំផុត។ តាម​អ្នកស្រាវជ្រាវ​សកល​វិទ្យាល័យ​បរទេស ចំនួន​ជនរងគ្រោះ នៅ​ណានជីង មាន​តិច​ជាង​ចំនួន ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ចិន។ គេ​ប៉ាន់ប្រមាណ​ថា មាន​ទាហាន​ចិន ៤២០០០​នាក់ ត្រូវ​បាន​កងទ័ព​ជប៉ុន​សម្លាប់ ចំណែក​ស្រ្តី ជាង ២ម៉ឺននាក់ ត្រូវ​ទាហាន​ជប៉ុន​ចាប់រំលោភ ហើយ​ពួកគេ​ភាគច្រើន​បាន​ស្លាប់ នៅពេល​បន្ទាប់មក។ 

នៅក្នុង​ឯកសារ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ជប៉ុន​មិនដែល​ទទួល​ស្គាល់​ព្រឹត្តិការណ៍​នៅ​ណានជីង ថា ជា​ការសម្លាប់​រង្គាល​ទេ។ ថ្មីៗនេះទៀត រដ្ឋាភិបាល​ជប៉ុន ទើប​បាន​យល់ព្រម​ឲ្យ​ចេញផ្សាយ​សៀវភៅ​សិក្សា សម្រាប់​កូនក្មេង​ជប៉ុន ដែល​នៅក្នុង​នោះ ​ពាក្យ សម្លាប់​រង្គាល នៅ​ណានជីង ត្រូវ​ជំនួស​ដោយ​ពាក្យ សម្លាប់​មនុស្ស ធម្មតា​ទៅវិញ។ ជំហរ​របស់​តូក្យូ​បាន​ដុត​ឲ្យ​មាន​កំហឹង​តវ៉ា​ពី​ប្រទេស​ចិន ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ជប៉ុន​បដិសេធ មិនធ្វើការ​លើ​ការចងចាំ ស្តីពី​ការសម្លាប់​មនុស្ស​ដ៏សាហាវ ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ជប៉ុន។

ការខ្វែងគំនិត​គ្នា ពីរឿងប្រវត្តិសាស្រ្ត ជាពិសេស ការសម្លាប់រង្គាល​នៅ​ណានជីង គឺ​ជា​ប្រភព​តានតឹង​រវាង​ចិន និង​ជប៉ុន ដែល​កំពុងឈ្លោះ គ្នា​ផងដែរ ដណ្តើម​ដីកោះ នៅ សមុទ្រ​ចិនខាងកើត។
 
ចាប់តាំង​ពី​ឆ្នាំ ២០១៤ ចិន​បាន​ធ្វើការ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​អង្គការ​យូនេស្កូ ចុះបញ្ជី​ឯកសារ​ស្តីពី​ការសម្លាប់​រង្គាល​នៅ​ណានជីង ទៅក្នុង​បញ្ជី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូនេស្កូ។ ឯកសារ​មួយទៀត របស់​ចិន ស្តីពី​ទាសករផ្លូវភេទ​ដែល​ទាហានជប៉ុន ធ្វើទៅលើ​ស្រ្តី​នៅ​អាស៊ី នៅ​សម័យសង្រ្គាម​លោកលើក​ទី ២ ដែល ចិន បាន​ដាក់ស្នើ​ព្រមគ្នា នឹង​ឯកសារ​ទាក់ទង​នឹង​ការសម្លាប់​រង្គាល នៅ​ណានជីង មិន​ត្រូវ​បាន​អង្គការ​យូនេស្កូ ចាត់ចូល​ក្នុង​បញ្ជី​កេរមរតក នោះទេ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ កាលពីថ្ងៃ​សុក្រ លោកស្រី Irina Bokova អគ្គនាយិការ​អង្គការ​យូនេស្កូ បានបញ្ជាក់​ថា កម្មវិធី ស្តីពីការចងចាំ របស់​អង្គការ​យូនេស្កូ គឺ​មាន​ទិសដៅ ថែរក្សា បេតិកភណ្ឌ និងឯកសារ​ស្តីពីការចងចាំ សម្រាប់​ជំនាន់​មនុស្ស​បច្ចុប្បន្ន និង​អនាគត។ គោលបំណង​របស់​កម្មវិធី​មាន​តែមួយ គឺ ជំរុញ ឲ្យ​មាន​ការសហការ យោគយល់​គ្នា និង​ការកសាង​សន្តិភាព នៅក្នុង​ផ្នត់​គំនិត​របស់​បុរស និង​ស្រី្ត ក្នុង​ពិភពលោក។
 
ជប៉ុន៖ យូនេស្កូ​ត្រូវគេ​ប្រើ​ជា​ឈ្នាន់​នយោបាយ
ជប៉ុន​បាន​តស៊ូមតិ ពីរឆ្នាំ​មកហើយ ដើម្បី​បញ្ចុះបញ្ចូល​គណៈកម្មាធិការ​ទទួល​បន្ទុក​ចុះបញ្ជី​ឯកសារ កុំ​ឲ្យ​ពិចារណា​សំណើ​របស់​ចិន។ ប៉ុន្តែ គ្មាន​ប្រយោជន៍ទេ ព្រោះ​គណៈកម្មាធិការ​មួយនេះ បាន​ធ្វើការ​ស្រាវជ្រាវ និង​ធ្វើការ​វិភាគល្អិតល្អន់ មុន​នឹង​ដាក់​ស្នើ​ឲ្យ​អគ្គនាយិការ​យូណេស្កូ សម្រេច​យល់ព្រម​ ដាក់​បញ្ចូល​ឯកសារ​របស់​ចិន ទៅក្នុង​បញ្ជី​ចងចាំ​ពិភពលោក។

នៅក្រោយ​ពីរឆ្នាំ សិក្សា​ទៅលើ​សំណើ​មកពី​ប្រទេស​ជាង ៤០ គណៈអង្គការ​យូនេស្កូ​ទើប​តែ​សម្រេច នៅក្នុង​អង្គប្រជុំ​មួយ ដែល​ធ្វើឡើង នៅ​ប្រទេស​អេមីរ៉ា អារ៉ាប់​រួម នៅ​ដើម​សប្តាហ៍នេះ។ នៅ​ថ្ងៃ​សុក្រ ទើប អង្គការ​យូនេស្កូ បាន​ប្រកាស​ជា​ផ្លូវការ ចាត់បញ្ជូន ឯកសារ​ចំនួន ៤៧ មកពី​ប្រទេស​ចំនួន ៤០ ទៅក្នុង​បញ្ជី កេរមរតក​ឯកសារ​ពិភពលោក ដែលនៅក្នុង​នោះ​មាន​ផងដែរ ឯកសារ​ដែល​ទាក់ទង​នឹង​ការសម្លាប់​រង្គាល​នៅ​ណានជីង ដែល​ស្នើឡើង ដោយ​ប្រទេស​ចិន។ គម្រោង​ស្តីពីការ​ចុះឈ្មោះ​ឯកសារ​ស្តីពីការចងចាំ​ពិភពលោក​របស់​អង្គការ​យូនេស្កូ ត្រូវ​បាន​បង្កើតឡើង នៅឆ្នាំ ១៩៩២។ រួមបញ្ចូល​ទាំង​ឯកសារ​ចំនួន៤៧ ដែល​យូនេស្កូ ចុះបញ្ចី​កាល​ពី​ថ្ងៃ សុក្រ គម្រោង​នេះ​មាន​ឯកសារ និង​បណ្ណសារ​សរុប ៣៤៨ មកពី ប្រទេស​ជុំវិញ ពិភពលោក។

នៅថ្ងៃ​សៅរ៍ ក្រសួងការបរទេស​ជប៉ុន​បាន​ចោទ​ថា យូនេស្កូ មិន​យុត្តិធម៌ លំអៀង និង​មិនព្រម​ស្តាប់​តាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ជា​សមាជិក​មួយ​ដែរ​របស់​យូនេស្កូ​នោះ​ទេ។ ក្រសួងការបរទេស​ជប៉ុន​នៅ​បាន​និយាយ​ថែមទៀត​ថា ស្ថាប័ន​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​គេ​ចាប់​បង្វិល យក​ទៅ​ប្រើ​ក្នុង​ហេតុផល​នយោបាយ។ ការចោទប្រកាន់​របស់​ជប៉ុន គឺ​មិនពិត​ទាំងស្រុង​ទេ ព្រោះថា យូនេស្កូ​មិន​បាន​លំអៀង​ទៅខាងណា​ទេ។

ជាក់ស្តែង នៅក្នុង​ចំណោម ឯកសារ​ចំនួន ៤៧ ដែល​យូនេស្កូ ចាត់ចូល​ក្នុង​បញ្ជី ចងចាំ​ពិភពលោក នៅ​ថ្ងៃ​សុក្រ មាន​ផងដែរ ឯកសារ​ពីរ​របស់​ប្រទេស​ជប៉ុន ដែលនៅក្នុង​នោះ មាន​មួយ ជាឯកសារ​ដែល​និយាយ​ពីការចាប់​ដាក់ឃុំ និងការចាប់​ឲ្យ​ធ្វើការ​បង្ខំ ដែល​ទាហាន​ជប៉ុន​រងគ្រោះ ក្នុង​ដៃ​របស់​ទាហាន​រុស្ស៊ី នៅ​ស៊ីបេរី បន្ទាប់ពី ជប៉ុន​ចាញ់​សង្រ្គាម​លោក​លើក​ទី២​នោះ។ ជប៉ុន​មិនអាច​ចោទ​យូនេស្កូ ថា អយុត្តិធម៌ ព្រោះថា ការចាប់ឈឺចាប់​របស់​ទាហាន​ជប៉ុន នៅក្នុង​ជំរំ ធ្វើការ​ដោយ​បង្ខំ នៅក្នុង​តំបន់​ដ៏​ត្រជាក់ នៅ​ស៊ីបេរី ក៏​ត្រូវ​បាន​យូនេស្កូ យក​ទៅ​ថែរក្សា​ជា​សម្បត្តិ កេរមរតក​ពិភពលោក​មួយដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ