រដ្ឋាភិបាលជប៉ុនរងគ្រោះដោយការវាយប្រហារតាមអ៊ីនធ័រនែតជាង ២ពាន់លានដង ក្នុងឆ្នាំ ២០១៤
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
នៅប្រទេសជប៉ុន គេរកឃើញថា គ្រាន់តែនៅឆ្នាំ ២០១៤ មានការវាយប្រហារតាមអ៊ីនធ័រនែតប្រមាណ ជាង ២ពាន់លានដងទៅលើស្ថាប័នរដ្ឋាភិបាល និងអង្គភាពដទៃរបស់ជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ នៅថ្ងៃអង្គារទី ១៧ កុម្ភៈ។ ៤០ភាគរយនៃការវាយប្រហារតាមអ៊ីនធ័រនែតទៅលើប្រទេសជប៉ុនមានប្រភពមកពីប្រទេសចិន។
ស្ថាប័នរដ្ឋាភិបាលជប៉ុនជាផ្ទាំងស៊ីបសំខាន់របស់ក្រុមវាយប្រហារតាមអ៊ីនធ័រនែត។ យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ វិទ្យាស្ថានជាតិ នៃព័ត៌មានវិទ្យា និងទំនាក់ទំនងបច្ចេកវិទ្យាជប៉ុនបានរកឃើញថា នៅឆ្នាំ ២០១៤ ការវាយប្រហារព័ត៌មានវិទ្យាទៅលើស្ថាប័នរដ្ឋជប៉ុន មានចំនួនដល់ទៅ ២៥៦៦លានករណី។ តួលេខមានរួមបញ្ចូលផងដែរពី ចំនួនប៉ុនប៉ងរបស់ចោរអ៊ីនធ័រនែតដែលចង់ធ្វើតេស្តសាកល្បងភាពស៊ាំ និងសមត្ថភាពការពាររបស់ប្រព័ន្ធព័ត៌មានវិទ្យាជប៉ុន។
សម្រាប់វិទ្យាស្ថានព័ត៌មានជាតិជប៉ុន ដែលមានបណ្តាញរបស់ខ្លួន នៅក្នុងឧបករណ៍ចាប់សញ្ញា ជាង២សែន នៅជប៉ុន ការវាយប្រហារតាមអ៊ីនធ័រនែតទៅលើស្ថាប័នរដ្ឋជប៉ុនបានកើនឡើង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការស្ទង់មតិលើកដំបូងនៅឆ្នាំ ២០០៥បង្ហាញថា ការវាយប្រហារតាមអ៊ីនធ័រនែតមានប្រមាណ៣២០លានដងតែប៉ុណ្ណោះ។
យោងតាមអ្នកជំនាញព័ត៌មានវិទ្យាជប៉ុន ប្រភពវាយប្រហារព័ត៌មានវិទ្យាទៅលើស្ថាប័នរដ្ឋជប៉ុន មានចេញមកពីប្រទេសចិន កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក។ ការវាយប្រហារចេញមកពីចិន មានដល់ទៅ ៤០ភាគរយ នៃចំនួនសរុប។ តាមអ្នកជំនាញដដែល នៅក្នុងការវាយប្រហារម្តងៗ ក្រុមចោរព្យាយាមចូលទៅគ្រប់គ្រងប្រអប់ចែកចាយអ៊ីនធ័រនែតរ៉ូតទ័រ កាម៉េរ៉ាសន្តិសុខ និងបណ្តាញផ្សេងទៀតដែលតភ្ជាប់ទៅអ៊ីនធ័រនែត។
អសន្តិសុខផ្នែកព័ត៌មានវិទ្យាកំពុងក្លាយជាក្តីកង្វល់របស់រដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគជាច្រើននៅក្នុងពិភពលោក។ កាលពីពេលថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុនរុស្ស៊ីមួយ ឈ្មោះ Kaspersky បានចេញរបាយការណ៍មួយដែលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៣ មកការវាយប្រហារ តាមអ៊ីនធ័រនែតទៅលើធនាគារ នៅក្នុងពិភពលោក បានធ្វើឲ្យគេខាតបង់ទឹកប្រាក់ប្រមាណ ជាង ១ពាន់លានដុល្លារ។ តាម Kaspersky សកម្មភាពវាយប្រហារតាមអ៊ីនធ័រនែត កំពុងតែមានបន្ត ហើយវាជាសញ្ញានៃការចាប់ផ្តើមបើកនៃសករាជសម្រាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែត៕
selfpromo.newsletter.titleselfpromo.newsletter.text
selfpromo.newsletter.link.label