អានតួអត្ថបទ
ម៉ាឡេស៊ី-អ៊ុយក្រែន

ម៉ាឡេស៊ី​ស្នើ​ឲ្យ​បង្កើត​តុលាការ​ពិសេស កាត់ទោស​អ្នកបាញ់​ទម្លាក់​យន្តហោះ​MH១៧ នៅ​អ៊ុយក្រែន

បំណែក​យន្តហោះ​ម៉ាឡេស៊ី ដែល​ផ្ទុះ​ឆេះធ្លាក់​នៅ ភាគខាងកើត​អ៊ុយក្រែន
បំណែក​យន្តហោះ​ម៉ាឡេស៊ី ដែល​ផ្ទុះ​ឆេះធ្លាក់​នៅ ភាគខាងកើត​អ៊ុយក្រែន REUTERS/Maxim Zmeyev

ម៉ាឡេស៊ី នឹង​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​បង្កើត​តុលាការ​ពិសេស​មួយ សម្រាប់​ជំនុំជម្រះ កាត់ទោស​អ្នកដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី នៅក្នុង​ទឹកដី​អ៊ុយក្រែន។ ការស៊ើបអង្កេត​អន្តររដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់​បាន​បង្ហាញ​ថា យន្តហោះ​ម៉ាឡេស៊ី MH 17 ដែល​បាន​ផ្ទុះ​ធ្លាក់ កាលពី​ថ្ងៃ​ទី ១៧​កក្កដា ឆ្នាំ ២០១៤ ដែល​សម្លាប់​អ្នកដំណើរ ២៩៨នាក់ ភាគច្រើន​ជា​ជនជាតិ​ហូឡង់ បាន​រងត្រូវ​គ្រាប់មីស៊ីល ដែល​បាញ់​ចេញ​ពី​ដី ភាគខាងកើត​អ៊ុយក្រែន។ 

ផ្សាយពាណិជ្ជកម្ម

ជិត​មួយ​ឆ្នាំ​ក្រោយ ព្រឹត្តិការណ៍ ផ្ទុះឆេះ​ធ្លាក់ យន្តហោះ ម៉ាឡេស៊ី នៅ​ភាគខាង​កើត​អ៊ុយក្រែន រដ្ឋាភិបាល​ម៉ាឡេស៊ី​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ បង្កើត​តុលាការ​ពិសេស មួយ ដើម្បី​កាត់ទោស អ្នក​ទទួល​ខុសត្រូវ​លើ​ការបាញ់​ទម្លាក់​យន្តហោះ​ MH 17។

 
តាម​ឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ អត្ថបទ​ព្រាង​នៃ​សេចក្តីសម្រេច ដើម្បី​បង្កើត​តុលាការ​ពិសេស នឹង​ដាក់​ជូន​ទៅ​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​ពិនិត្យ នៅ​សប្តាហ៍​ក្រោយ។ ម៉ាឡេស៊ី​ដែល​បច្ចុប្បន្ន ជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ សង្ឃឹមថា ការបោះឆ្នោត​ដើម្បី អនុម័ត​បង្កើត​តុលាការ​ពិសេស នឹង​អាច​ធ្វើឡើង នៅ​មុន​ដំណាច់​ខែ​កក្កដា នេះ។

នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ឯក​អគ្គរាជទូត​ម៉ាឡេស៊ី បាន​លើក​ឡើង​ថា តុលាការ​ពិសេស បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ នឹង​អាច​ធានា​ភាព​ស្របច្បាប់ ដើម្បី​កាត់ទោស​អ្នកដែល​ទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​យន្តហោះ ម៉ាឡេស៊ី​ផ្ទុះធ្លាក់ សម្លាប់​អ្នកដំណើរ​ទាំង ២៩៨​នាក់។

គំនិត​ផ្តួចផ្តើម​របស់​ម៉ាឡេស៊ី បាន​ទទួល​គាំទ្រ និង​ចូលរួម​ពី​ប្រទេស​អូស្ត្រាលី បែលហ្ស៊ិក ​អ៊ុយក្រែន និង​ជាពិសេស ហូឡង់ ដែល​មាន​ប្រជាជន​របស់ខ្លួន​ស្លាប់​ច្រើន​ជាងគេ នៅក្នុង​គ្រោះថ្នាក់​ផ្ទុះ​ធ្លាក់​ឆេះ​យន្តហោះ MH 17។ តាម​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ដដែល សេចក្តី​សម្រេច​នឹង​ត្រូវ​គេ​ដាក់​បញ្ចូល​ទៅក្នុង​ជំពូក​ទី ៧ នៃ​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ ដើម្បី ចាប់​បង្ខំ​រដ្ឋ​សមាជិក​ទាំងអស់​ឲ្យ​សហការ​ជាមួយ តុលាការ​ពិសេស។

ប៉ុន្តែ យ៉ាងណា​ក៏ដោយ គំនិតផ្តួចផ្តើម​របស់​ម៉ាឡេស៊ី នឹង​អាច​បរាជ័យ ដោយសារ​វេតូ​របស់​រុស្ស៊ី សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ធ្លាប់​ប្រកាស​ប្រឆាំង​រួចហើយ នឹង​សំណើ​របស់​ម៉ាឡេស៊ី ដើម្បី​បង្កើត​តុលាការ​ពិសេស។ អាមេរិក និង​អ៊ុយក្រែន​បាន​ចោទ​ក្រុមឧទ្ទាម​អ៊ុយក្រែន ដែល​គាំទ្រ​ដោយ​រុស្ស៊ី ថា ជាអ្នកបាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី ក្នុងពេល​ដែល​រុស្ស៊ី បាន​ទម្លាក់​កំហុស​ទៅលើ​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន។ ការស៊ើបអង្កេត​អន្តរជាតិ​ដំណាក់កាល​បឋម ដែល​ដឹកនាំ​ដោយ​មន្រ្តីជំនាញ​ហូឡង់ អូស្ត្រាលី ម៉ាឡេស៊ី វិញ ធ្លាប់​បាន​បង្ហាញ​ថា យន្តហោះ ម៉ាឡេស៊ី MH 17​បាន​រងគ្រាប់​មីស៊ីល មុន​នឹង​ផ្ទុះ​ធ្លាក់​ទៅក្នុង​តំបន់​ភាគខាងកើត​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ