អានតួអត្ថបទ
នេប៉ាល់-រញ្ជួយដី

គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,៩ នៅ​ប្រទេស​នេប៉ាល់

អាគារបាក់រលំ នៅ​តាមផ្លូវ​​ក្នុងទីក្រុង​កាត្មាន់ឌូ ប្រទេស​ណេប៉ាល់ ដោយ​សារ​រញ្ជួយដី កម្រិង ៧,៩ រីឆទ័រ នៅ​ថ្ងៃ សៅរ៍ ទី២៥ មេសា ២០១៥
អាគារបាក់រលំ នៅ​តាមផ្លូវ​​ក្នុងទីក្រុង​កាត្មាន់ឌូ ប្រទេស​ណេប៉ាល់ ដោយ​សារ​រញ្ជួយដី កម្រិង ៧,៩ រីឆទ័រ នៅ​ថ្ងៃ សៅរ៍ ទី២៥ មេសា ២០១៥ AFP PHOTO / PRAKASH MATHEMA

ក្នុង​ពេល​ថ្ងៃត្រង់​ ថ្ងៃ​ទី ​២៥​ មេសា ​នេះ ​មាន​គ្រោះ​រញ្ជួយដី​មួយ ​បាន​កើតឡើង​ នៅក្នុង​ប្រទេស​ណេប៉ាល់ ​នៅ​ចំ​រដ្ឋធានី​កាត្មាន់ឌូ​តែម្តង។ គ្រោះ​រញ្ជួយ​ដី ​ក្នុង​កំរិត ​៧,៩ ​រីឆទ័រ ​បាន​ធ្វើ​ឲ្យ​រលំ​អាគារ ​ជាច្រើន ​ហើយ​បើ​តាម​តួលេខ​បថម ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ​៦៨០នាក់។ ក្រុម​សង្គ្រោះ​កំពុង ​តែ​រុករក​ជន​រងគ្រោះ ​ក្រោម​គំនរ​បាក់​បែក។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង ​កាតម៉ាន់ឌូ ​រដ្ឋធានី​ប្រទេស​ណេប៉ាល់ ​ម៉ោង​ប្រហែល​ជា ​១២​ថ្ងៃ​ត្រង់ ​ប្រជាជន​បាន​ផ្អើល​ឈូរឆ រត់​ជាន់​គ្នា ​ចេញ​មក​ខាង​ក្រៅ ​នៅ​តាម​ផ្លូវ ​ដោយសារ​ផែនដី​ចាប់ផ្តើម​រញ្ជួយ ​ធ្វើ​ឲ្យ​រលំ​អាគារ ​សំណង់​ផ្សេងៗ។

យោង​តាម​វិទ្យាស្ថាន ​ភូមិវិទ្យា ​របស់​អាមេរិក ​គ្រោះ​រញ្ជួយ​ដី​នេះ ​មាន​កំរិត​ ៧,៩​ រីឆទើ ​ដែល​នេះ​គឺ​ជា​កំរិត​ខ្ពស់​គួរសម ​ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ច្រើន ​ជា​ពិសេស​​ បើសិន​ជា​សំណង់ ​មិន​ត្រូវ​បាន​សាងសង់ ​ដោយ​គោរព​តាម​បច្ចេកទេស​ការពារ​ករណី​រញ្ជួយ​ដី។ ចំណុច​រញ្ជួយ​ធំ ​គឺ​កើតឡើង​នៅ​ចំងាយ​ប្រមាណ​ជា ​៨០​គីឡូមែត្រ ​ពី​ទីក្រុង​កាតម៉ាន់ឌូ។ យោង​តាម​សម្តី​របស់​ប្រជាជន ​ការ​រញ្ជួយ​ដី​នេះ ​មាន​រយៈ​ពេល ​ចន្លោះ​ពី​ ៣០ ​វិនាទី ​ទៅ ​២នាទី​ ប៉ុណ្ណោះ។

 
យ៉ាងណាមិញ ​លោក ​លក្ខស្ម៊ី ប្រសាដដាកាល់​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ណេប៉ាល់ ​បាន​ផ្តល់​ព័ត៌មាន​ថា អាគារ​ដ៏​ធំ​ខ្ពស់ ​ប្រចាំ​ក្រុង​កាតម៉ាន់ឌូ ​ឈ្មោះ ​Dharhara ​បាន​ដួល​រលំ​ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ ដែល​​ជាប់​ក្នុង​នោះ។ ចំនួន​អ្នក​ស្លាប់ ​ជា​បថម​មាន​ ៧១​នាក់ ​នៅ​ក្នុង ​ទីក្រុង​ កាតម៉ាន់ឌូ ​និង​សរុប​ទាំងអស់​ ចំនួន ១១៤​នាក់។ ប៉ុន្តែ​ការ​សង្រ្គោះ ​និង​រុករក​សាកសព​នៅ​តែ​បន្ត ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

ដោយឡែក​ ទីក្រុង​ញូដេលី ​ប្រទេស​ឥណ្ឌា ​និង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​បង់ក្លាដេហ្ស ​ក៏​បាន​រង​ការ​រញ្ជួយ​ដែរ ​ប៉ុន្តែ​មក​ត្រឹម​ពេល​នេះ ​គេ​នៅ​មិន​ទាន់​មាន​តួលេខ​ពី​ការ​ខូចខាត ​ និង​ជន​រងគ្រោះ​នៅ​ឡើយ​ទេ។ កម្លាំង​រញ្ជួយ​វា ​អាច​ប្រែប្រួល​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​ហើយ​រយៈ​ពេល​រញ្ជួយ​ក៏​ដូច​គ្នា​ដែរ។ នៅ​បង់ក្លាដេហ្ស ​មាន​ព័ត៌មាន​បញ្ជាក់​ថា ​កម្មករ ​កម្មការិនី ​នៅ​តាម​រោង​ចក្រ​កាត់ដេរ ​បាន​ផ្អើល​រត់ជាន់​គ្នា ​ដើម្បី​ចេញ​មក​ខាង​ក្រៅ ​ដោយសារ​តែ​ម្នាក់ៗ​ ​ខ្លាច​រលំ​អាគារ​សង្កត់​ស្លាប់ ​ដូច​ករណី ​រោងចក្រ ​Rana Plaza ​កាល​ពី​ឆ្នាំ​ ២០១៣។

សូម​បញ្ជាក់​ថា​ ប្រទេស​ណេប៉ាល់​ ក៏​ដូច​ជា​តំបន់​ជួរភ្នំ​ហិមាល័យ ​ស្ថិត​ក្នុង​តំបន់ ​ដែល​ស្រទាប់​ផែនដី ​​មាន​ភាព​រស់​រវើក។ តំបន់​នេះ ​ជា​ចំណុច​ប្រសប់ ​រវាង ​ឧបទ្វីប​ឥណ្ឌា​ ដែល​​អណ្តែត​មក​បុក​ ទល់​គ្នា ជាមួយ ​ទ្វីប​អាស៊ី ​ហើយ​បង្ក​ជា​ជួរ​ភ្នំ​ខ្ពស់ៗ។ ចលនា​ម៉ាក់ម៉ា ​និង​ស្រទាប់​ផែនដី ​នៅ​តែ​បន្ត​ រុញ​ទ្វីប​ទាំងពីរ​ជានិច្ច​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ ស្រទាប់​ដី​មាន​ការ​ប្រេះស្រាំ ​និង​រញ្ជួយ​ជារឿយៗ​ ហើយ​កំពស់​ភ្នំ​ហិមាល័យ ​កើន​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ