អានតួអត្ថបទ
នេប៉ាល់

នេប៉ាល់៖ចំនួន​មនុស្ស​ស្លាប់​កើន​ជា​លំដាប់ រីឯ​ជំនួយ​អន្តរជាតិ​ក៏​កំពុង​កើន​ឡើង និង​ផ្តើម​ទៅ​ដល់​បណ្តើរៗ

នេប៉ាល់៖ចំនួន​មនុស្ស​ស្លាប់​កើន​ជា​លំដាប់ រីឯ​ជំនួយ​អន្តរជាតិ​ក៏​កំពុង​កើន​ឡើង និង​ផ្តើម​ទៅ​ដល់​បណ្តើរៗ
នេប៉ាល់៖ចំនួន​មនុស្ស​ស្លាប់​កើន​ជា​លំដាប់ រីឯ​ជំនួយ​អន្តរជាតិ​ក៏​កំពុង​កើន​ឡើង និង​ផ្តើម​ទៅ​ដល់​បណ្តើរៗ REUTERS/IFRC/Palani Mohan

នៅ​ប្រទេស​នេប៉ាល់ ៣ថ្ងៃ ក្រោយ​គ្រោះរញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៥ មេសា​មក ចំនួន​មនុស្ស​ស្លាប់ និង​របួស​បាន និង​កំពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ចំណែក​ជំនួយ​អន្តរជាតិ ពិសេស​ស្បៀងអាហារ ថ្នំាពេទ្យ និង​សម្ភារៈ​ចំា​បាច់​បន្ទាន់​មួយ​ចំនួន​ក៏​កំពុង​កើន​ឡើង​ជា​លំដាប់ និង​បាន​ផ្តើម​ទៅ​ដល់​ទឹកដី​នេប៉ាល់​ជា​បណ្តើរៗ។ តែ​អ្វី​ដែល​រដ្ឋអំណាច​នេប៉ាល់​កំពុង​ជួប​ការ​លំបាក​ពេល​នេះ គឺ​ការ​គ្រប់គ្រង និង​ការ​ចែកចាយ​ជំនួយ​ជា​បន្ទាន់​សម្រាប់​ជនរងគ្រោះ​ដែល​ស្ថិត​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ដែល​គេ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដល់ ដោយសារ​តែ​ផ្លូវថ្នល់​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទីរ​ដោយ​រញ្ជួយដី។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ម៉ោង​នេះ គេ​ពិបាក​នឹង​ផ្តល់​តួលេខ​ពិត​ប្រាកដ​នៃ​ចំនួន​មនុស្ស​ស្លាប់ និង​របួស។ តែ​លោក​នាយករដ្ឋមន្រ្តី​នេប៉ាល់ Sushil Koirala បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី២៨ មេសា​ថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើន​លើស​ពី ១០ ០០០នាក់។ ការ​ប្រមើលមើល​យ៉ាង​ដូច​នេះ​ត្រូវ​បាន​លោក Koirala លើក​យក​ហេតុផល​ថា នៅ​មាន​ភូមិ ស្រុក​រងគ្រោះ​ដាច់​ស្រយាល​ជា​ច្រើន​ទៀត​ដែល​រដ្ឋអំណាច​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​នេប៉ាល់​បាន​ប្រកាស​កាន់​ទុក្ខជាតិ​ចំនួន ៣ថ្ងៃ ព្រម​ទំាង​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​នំា​ជំនួយ​ទៅ​ជួយ​ជនរងគ្រោះ​ឲ្យ​បាន​គ្រប់ទីកន្លែង ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​ដោយសារ​តែ​ផ្លូវថ្នល់​ខ្ទេចខ្ទីរ រួម​ផ្សំ​នឹង​កង្វះ​សម្ភារៈ និង​ក្រុមអ្នកជំនាញ។ ជា​ថ្មី​ម្តង​ទៀត រដ្ឋាភិបាល​នេប៉ាល់​បាន​បន្ត​ទទូច​សុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ពិសេស​ជំនួយ​ជា​សម្ភារៈពេទ្យ។

នៅ​ពេល​នេះ សឹង​តែ​គ្រប់​ប្រទេស​ក្នុង​លោក​បាន​ឆ្លើយ​តប​តាម​សំណើ​សុំ​របស់​នេប៉ាល់ ហើយ​ជំនួយ​មួយ​ភាគ​ធំ​បាន​ទៅ​ដល់ និង​ផ្តើម​ទៅ​ដល់​ទឹកដី​នេប៉ាល់​ជា​បណ្តើរៗ។ មាន​ប្រទេស​ខ្លះ​ថែម​ទំាង​ដំឡើង​ជំនួយ​របស់​ខ្លួន ដូច​យ៉ាង​អាមេរិក​សន្យា​ជួយ ១០លានដុល្លារ ជប៉ុន​ផ្តល់ ៨លានដុល្លារ អូស្រ្តាលី​ផ្តល់ ៤លាន ៧សែនដុល្លារ និង​ន័រវែស​សន្យា​ផ្តល់​ឲ្យ​ជិត ១៧លានដុល្លារ។ ចំណែក​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​វិញ មូលនិធិ​អន្តរាគមន៍​បន្ទាន់​បាន​ផ្តល់​ចំនួន ១៥លានដុល្លារ ហើយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​សន្យា​ផ្គត់ផ្គង់​ស្បៀងអាហារ​សម្រាប់​ប្រជាជន​នេប៉ាល់ ១លាន ៤សែននាក់​ក្នុង​រយៈពេល ៣ខែ​ខាង​មុខ។

ដូច្នេះ​ជំនួយ​អន្តរជាតិ​សម្រាប់​នេប៉ាល់​មិន​ខ្វះ​ទេ តែ​ការ​លំបាក​ដែល​រដ្ឋអំណាច​នេប៉ាល់​កំពុង​ជួប​ពេល​នេះ គឺ​ការ​គ្រប់គ្រង និង​ចាត់ចែង​ជំនួយ​ទំាង​នោះ ពិសេស​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ​ដែល​ចរាចរណ៍​ហោះ​ឡើង និង​ចុះ​ចត​កំពុង​កកស្ទះ។ មាន​យន្តហោះ​ដឹកជំនួយ​ខ្លះ​ត្រូវ​ហោះ​ក្រឡឹង​ពីរ ឬ​បី​ជុំ​មុន​នឹង​អាច​ចុះ​ចត​បាន ហើយ​មាន​ឧទ្ធម្ភាគចក្រ​ខ្លះ ពិសេស​របស់​ឥណ្ឌា​ថែម​ទំាង​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​ចុះ​ចត​កន្លែង​ដើម​វិញ​មួយ​រយៈ​សិន ទើប​ហោះ​ត្រឡប់​មក​នេប៉ាល់​ជា​ថ្មី។ យោង​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ មាន​អ្នកបាត់បង់​ទីជម្រក​ប្រមាណ​ជា ៨លាននាក់​ដែល​កំពុង​ស្នាក់នៅ​កណ្តាល​វាល​គ្មាន​ទីជម្រក​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ