អានតួអត្ថបទ
ថៃ

លោកប្រាយុទ្ធ ចាន់អូចា​ព្រមាន​បិទ​កាសែត​ដែល​រិះគន់​របបសឹក

លោក​ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ថ្ងៃ​ទី ២ មេសា​ដាក់​ឲ្យុ​ប្រើ​ក្រឹត្យ​លេខ ៤៤ ជំនួស ច្បាប់​អាជ្ញាសឹក
លោក​ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ថ្ងៃ​ទី ២ មេសា​ដាក់​ឲ្យុ​ប្រើ​ក្រឹត្យ​លេខ ៤៤ ជំនួស ច្បាប់​អាជ្ញាសឹក ©REUTERS/Damir Sagolj

ប្រមុខដឹកនាំ​របប​សឹក​ថៃ លែង​លាក់លៀម ពី​គំនិត​អរិភាព​របស់​លោក ចំពោះ​អ្នកកាសែត។ កាលពីថ្ងៃ​សុក្រទី ៣ មេសា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​សាលា​នាយទាហាន​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ព្រមាន​ចំៗ ថា នឹង​បិទ​រាល់​កាសែតណា ដែល​សរសេរ ចុះផ្សាយ​​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល។ 

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​យោធា​ថៃ​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ជាមួយ​អ្នកកាសែត។ កាលពីថ្ងៃ សុក្រ លោក​ប្រាយុទ្ធ ចាន់អូចា ដែល​ហាក់​អស់​អំណត់ធ្មត់​នឹង​​អ្នកកាសែត​ បាន​ព្រមាន បិទ​កាសែត​ទាំងឡាយ​ណា ដែល​មិន​សរសេរ ឬ​និយាយ​ពី​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល។ តាម​លោក​ប្រាយុទ្ធ ចាន់អូចា រដ្ឋាភិបាល​នៅ​មិនទាន់​បាន​បិទ​កាសែត​ណាមួយ នៅឡើយ​ទេ។ ប៉ុន្តែ លោក​នឹង​បញ្ជា​ឲ្យ​បិទ ប្រសិន​បើ​អ្នកកាសែត នៅ​បន្ត​សរសេរ​រិះគន់​រដ្ឋាភិបាល​នោះ។

 
ការព្រមាន​របស់​លោក​ប្រាយុទ្ធ ចាន់អូចា ទៅ​អ្នកកាសែត កើតឡើង នៅ​មួយ​ថ្ងៃ​ក្រោយ ទីក្រុង​វ៉ាស៊ីនតោន សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ចំណាត់ការ​របស់​របបសឹក ដែល​បាន​ប្រកាស​ប្រើ​ក្រឹត្យ លេខ ៤៤ ដើម្បី​ជំនួស ច្បាប់​អាជ្ញាសឹក ចាប់ពី​ថ្ងៃ​ពុធ ទី ១ មេសា។

ចូលកាន់​តំណែង ជា​នាយក​រដ្ឋមន្រ្តី ថៃ ដោយការធ្វើ​រដ្ឋប្រហារ លោក​ប្រាយុទ្ធ ចាន់អូចា បាន​ដំឡើង​សំឡេង ដាក់​អ្នកកាសែត បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ប្រទេស​ថៃ បាន​រាយការណ៍​មិន​ឈប់ ពី​ប្រតិកម្ម រិះគន់​ទៅលើ​​ការប្រើ​ក្រឹត្យ​លេខ​៤៤ របស់​រដ្ឋាភិបាល​យោធា​ថៃ។

តាម​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស ក្រឹត្យ​លេខ ៤៤ នៃ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​សរសេរ​ឡើង​ដោយ​របបសឹក មាន​លក្ខណៈ គាបសង្កត់​ទៅលើ​សិទ្ធិសេរីភាព ខ្លាំង​ជាង​ច្បាប់​អាជ្ញាសឹក​ទៅ​ទៀត។ ក្រឹត្យ​លេខ​៤៤​នឹង​ធ្វើ​ឲ្យ​របបសឹក​ថៃ​អនុវត្ត​នយោបាយ​ផ្តាច់ការ ដោយ​ស្របច្បាប់ ពោល គឺ​រដ្ឋាភិបាល​នឹង​បង្កើន​ការត្រួតពិនិត្យ​ច្រើន​ជាង​មុនទៅលើ​ខ្លឹមសារ​ចុះផ្សាយ ក៏ដូច​ជា​សេរីភាព​បញ្ចេញមតិ​ជាទូទៅ។ ក្រឹត្យ​លេខ ៤៤ ដែល​របបសឹក ដាក់​ឲ្យ​ប្រើ ជំនួស ច្បាប់​អាជ្ញាសឹក តាំងពីថ្ងៃពុធ នឹង​អនុញ្ញាត​ឲ្យ​យោធា​បិទ​ស្ថាប័ន​ព័ត៌មាន​ណាមួយ ដែល​យោធា​គិតថា បាន​សរសេរ ឬ​ចុះផ្សាយ ព័ត៌មាន​ដែល​បង្ក​ឲ្យ​មាន​ការភ័យខ្លាច ឬ ព័ត៌មាន​ដែល​មួល​បង្កាច់​របបសឹក។

នៅក្រោយ​រដ្ឋប្រហារ គេ​នៅ​តែ​ចោទសួរ ពី​ការចូល​កាន់​អំណាច​ដ៏​ចម្រូងចម្រាស​របស់​យោធា​ថៃ។ តាមអ្នកវិភាគ​ថៃ​ខ្លះ ប្រជាជន​ចង់​ឲ្យ​របប​សឹក​ដកចេញ ច្បាប់​អាជ្ញាសឹក ព្រោះតែ​ចង់​ឲ្យ​មាន​​សិទ្ធិ​សេរីភាព បញ្ចេញ​មតិឡើងវិញ។ ប៉ុន្តែ របបសឹក​មិនយល់​ពី​ការចង់​បាន​របស់​ប្រជាជន និង​បែរ​ជា​អនុវត្ត​ក្រឹត្យ លេខ ៤៤​ដែល​តឹង ជាង​ច្បាប់​អាជ្ញាសឹក​ទៅទៀត​នោះ។

របបយោធា​ថៃ​វិញ បាន​និយាយ​ការពារ​ក្រឹត្យ​លេខ ៤៤ ថា ជា​មធ្យោបាយ​រក្សា​ស្ថិរភាព បង្ការ​កុំ​ឲ្យ​មាន​បាតុកម្ម​ជាថ្មី ដែល​នឹង​បំផ្លាញ​សុខសន្តិភាព ដែល​របប​យោធា​ទើប​រក​បាន ឲ្យ​ប្រទេស​ថៃ ចាប់តាំង​ពី​រដ្ឋប្រហារ។

មិនមែន​ជា​លើក​ទីមួយ ទេ ដែល​ប្រមុខ​ដឹកនាំ​យោធា ដំឡើង សំឡេង​ដាក់​ក្រុម​អ្នកសារព័ត៌មាន។ កាលពី​ដើម​ខែ​មីនា លោកធ្លាប់​បាន​និយាយ​ដោយ​មិនលាក់លៀម ថា លោក​ចង់​តែ​ទះកំភ្លៀង អ្នកកាសែត​ដែល​បាន​សួរលោក​ពីលទ្ធផល​ការងារ​ដែល​រដ្ឋាភិបាល​សម្រេច​បាន ចាប់តាំង​ពី​រដ្ឋប្រហារ។ ពាក្យ​ពោល​របស់​លោក​ប្រាយុទ្ធ ចាន់អូ នៅពេលនោះ បាន​បង្ក​ឲ្យ​មាន​ចលនា​តវ៉ា មិនពេញចិត្ត​យ៉ាងច្រើន​ពី​សំណាក់​សមាគម​អ្នកកាសែត​ថៃ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ