អានតួអត្ថបទ
ថៃ

អំណាចផ្តាច់ការ​កាន់តែ​ចាក់ឬសជ្រៅ​ក្នុង​ប្រទេស​ថៃ

មេទ័ព​ថៃ​ប្រកាស​ធ្វើ​រដ្ឋប្រហារ នៅថ្ងៃ​ទី ២២​ឧសភា។ បីថ្ងៃក្រោយអំណាច​ដឹកនាំ​របស់​ លោក​ប្រាយុទ្ធ​ ចាន់អូចាត្រូវ​បានព្រះមហាក្សត្រ​ថៃ​ឡាយព្រះហស្ត​ទទួល​ស្គាល់
មេទ័ព​ថៃ​ប្រកាស​ធ្វើ​រដ្ឋប្រហារ នៅថ្ងៃ​ទី ២២​ឧសភា។ បីថ្ងៃក្រោយអំណាច​ដឹកនាំ​របស់​ លោក​ប្រាយុទ្ធ​ ចាន់អូចាត្រូវ​បានព្រះមហាក្សត្រ​ថៃ​ឡាយព្រះហស្ត​ទទួល​ស្គាល់ AFP PHOTO / ROYAL BUREAU

ប្រមុខ​​របប​សឹក​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ថ្ងៃ​អង្គារ​ទី ៣១ មីនា ពី​គម្រោង​ដក​ចេញ​ច្បាប់​អាជ្ញាសឹក ដែល​ត្រូវ​បានដាក់​ឲ្យ​​អនុវត្ត កាលពីខែ​ឧសភា គឺ​ពីរថ្ងៃ​មុន កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ របស់​លោកស្រី យីងឡាក់ ស៊ីណាត់។ យ៉ាងណាក៏ ដោយ ប្រជាជន​ថៃ ក៏មិនត្រូវ​ត្រេកអរ​ពេកដែរ ព្រោះ​ថា ក្រឹត្យ​​ថ្មី​មួយ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង នៅថ្ងៃ​ខាងមុខ ដើម្បី​ដាក់ឲ្យ​ប្រើ ជំនួស​ច្បាប់​អាជ្ញាសឹក​ដែល​របប​សឹក​ត្រូវ​ដក​ចេញ​នោះ។  

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​របបសឹក​ថៃ លោកប្រាយុទ្ធ ចាន់អូចា បាន​និយាយ​ប្រាប់​អ្នកកាសែត កាលពីថ្ងៃ​អង្គារ​ថា លោក​បាន​ដាក់​សំណើ​រួចហើយ ទៅព្រះចៅភូមិបុល ដើម្បី​សុំ​អនុញ្ញាត​ដកចេញ ច្បាប់​អាជ្ញាសឹក ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ប្រទេស​ថៃ ចាប់តាំងពី​ថ្ងៃ​មុន​ធ្វើ​រដ្ឋប្រហារ នា​ខែ​ឧសភា។ តាម​លោក​ប្រាយុទ្ធ ចាន់អូចា ការសម្រេច​ចិត្ត កំពុង​ស្ថិតនៅ ក្នុង​ព្រះហស្ត​របស់​ព្រះមហាក្សត្រ។

 
តាមអ្នកនាំពាក្យ​របស់​របប​សឹក លោក ប្រាយុទ្ធ ចាន់អូចា​បាន​ឆ្លើយតប​ទៅតាម​ការទាមទារ​របស់​សម្ព័ន្ធមិត្ត បស្ចឹមលោក​និង​ក្រុមហ៊ុន​វិនិយោគ​ឯកជន ជាពិសេស ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​កត់សំគាល់​ឃើញ​វិស័យ​នេះ រងប៉ះពាល់​ខ្លាំង ដោយសារ​បាតុកម្ម និង​ច្បាប់​អាជ្ញាសឹក។

នៅ​២​ថ្ងៃ មុន​ធ្វើ​រដ្ឋប្រហារ យោធា កងទ័ព​ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក ក្នុង​គោលដៅ ស្តារ​សណ្តាប់ធ្នាប់​ក្នុង​ប្រទេស ដែល​ជួប​អស្ថិរភាព នយោបាយ និង​បាតុកម្ម​រាប់ខែ ប្រឆាំង​រដ្ឋាភិបាល​របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ ច្បាប់​អាជ្ញាសឹក​ថៃ​អនុញ្ញាត បើកដៃ ឲ្យ​កងទ័ព​ចាប់ ឃុំ ឬ​ប្តឹង​មនុស្ស នៅ​តុលាការ​យោធា។ ច្បាប់​អាជ្ញាសឹក​ហាមឃាត់​ផងដែរ មិនឲ្យ​មាន​ការជួបជុំ​នយោបាយ ដែល​មាន​មនុស្ស​ចាប់ពី ៥​នាក់​ឡើងទៅ។

ច្បាប់​អាជ្ញាសឹក នឹង​ត្រូវ​ដកចេញ ប៉ុន្តែ តាម​លោក​ប្រាយុទ្ធ ចាន់អូចា វា​នឹង​ត្រូវ​ជំនួស​ដោយ​ក្រឹត្យ​ថ្មី​មួយ ដែល​នឹង​ត្រូវ​គេ​ប្រកាស នៅថ្ងៃ​ខាងមុខ។ មេដឹកនាំ​របបសឹក ចង់​ប្រើ ក្រឹត្យ ថ្មី លេខ ៤៤ នៃ​រដ្ឋធម្មនុញ្ញ​ថ្មី មក​ជំនួស​ច្បាប់​អាជ្ញាសឹក​វិញ។

សកម្មជនសិទ្ធិមនុស្ស និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch ជាដើម បាន​សំដែង​ការព្រួយបារម្ភ បើ​សិន របប​សឹក ចាប់អនុវត្ត ក្រឹត្យ លេខ ៤៤​ជំនួស​ច្បាប់​អាជ្ញាសឹកមែន។ សម្រាប់​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស ក្រឹត្យ​លេខ ៤៤ នឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ ធ្លាក់​ចូល​ក្នុង​របប​ផ្តាច់ការ ព្រោះ​ក្រឹត្យ​នេះ​បាន​ចែង​ពីការ​ផ្តល់​អំណាច ពេញទី ដល់​ប្រមុខ​ដឹកនាំ​យោធា គឺ​លោកប្រាយុទ្ធ ចាន់អូចា។ ដោយ​យោង​ទៅលើ​ហេតុផល សន្តិសុខ​ជាតិ របបសឹក អាច​អនុវត្ត​ក្រឹត្យ លេខ ៤៤ ដោយ​មិន​ចាំបាច់​ឆ្លងកាត់ សុំ​ការអនុញ្ញាតិ ពី​សភា។ ក្រឹត្យ​លេខ ៤៤​នឹង​អនុញ្ញាត​ឲ្យ​យោធា​អាច​ចាប់ចង ឃុំ សួរចម្លើយ មនុស្ស រយៈពេល ៧​ថ្ងៃ ដោយ​មិនចាំបាច់​មាន​ដីកា​ពី​តុលាការ ឬ​បញ្ជាក់​ហេតុផល៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ