អានតួអត្ថបទ
ម៉ាឡេស៊ី

នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ថា​ប្រតិបត្តិការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​ឈានចូល​ដល់​ដំណាក់កាល​ថ្មី

យាន​មុជទឹក​គ្មាន​មនុស្ស​បើក ឈ្មោះ Bluefin-21 ដែល​កំពុង​ស្វែងរក​បំណែក​យន្តហោះ MH370 នៅ​បាតសមុទ្រ
យាន​មុជទឹក​គ្មាន​មនុស្ស​បើក ឈ្មោះ Bluefin-21 ដែល​កំពុង​ស្វែងរក​បំណែក​យន្តហោះ MH370 នៅ​បាតសមុទ្រ REUTERS/Australian Defence Force/Handout via Reuters

លោក​ Tony Abbott ​នាយករដ្ឋមន្រ្តី​អូស្រ្តាលី បាន​ប្រកាស នៅថ្ងៃ​ចន្ទ​នេះ​ថា ប្រតិបត្តិការ​រុករក​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​លេខ MH370 មិនបាន​ទទួល​លទ្ធផល​អ្វី​ទេ មក​ទល់​នឹង​ពេលនេះ ក៏ប៉ុន្តែ បាន​អះអាង​ថា គេ​នឹងនៅតែ​បន្តព្យាយាម​ស្វែងរក​តទៅទៀត ហើយ​ថា ប្រតិបត្តិការ​នេះ​នឹង​ត្រូវ​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​មួយទៀត។

ផ្សាយពាណិជ្ជកម្ម

៥២ថ្ងៃ​មក​ហើយ ដែល​យន្តហោះ​ប៊ូអ៊ីង ៧៧៧ ជើងហោះហើរលេខ MH370 បាន​បាត់​សម្រោល​រកមិនឃើញ ហើយ​បើ​តាម​លោក Tony Abbott គេ​លែង​រំពឹង​ថា​នឹង​អាចរកឃើញ​ដានយន្តហោះ​នេះ នៅលើ​ផ្ទៃទឹក​នោះទេ។ ដូច្នេះ ចាប់ពីពេលនេះ​ទៅ រាល់​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ​ពីលើ​អាកាស និង​នៅលើ​ផ្ទៃ​សមុទ្រ​នឹង​ត្រូវ​ផ្អាក​ទាំងអស់ ដោយ​ផ្តោត​តែ​ទៅលើ​ការរុករក​​នៅ​បាតសមុទ្រ​វិញ។

គួរបញ្ជាក់ថា ប្រតិបត្តិការ​រុករក​បំណែក​យន្តហោះ​នៅ​បាតសមុទ្រ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ធ្វើ​​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយប្រើ​យាន​មុជទឹក​គ្មាន​មនុស្ស​បើក​របស់​អាមេរិក ឈ្មោះ​ថា Bluefin-21។ ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ ការរុករក​នៅ​បាតសមុទ្រ​នេះ​ ក៏​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះដែរ។

នាយករដ្ឋមន្រ្តី​អូស្រ្តាលី ដែល​ជា​ប្រទេស​ទទួល​បន្ទុក​សម្របសម្រួល​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ​នេះ​ បាន​ឲ្យដឹង​ថា នៅ​ក្នុង​ពេល​ខាងមុខនេះ ​​ប្រតិបត្តិការ​រុករក​នៅ​បាតសមុទ្រ​នឹង​ត្រូវ​ពង្រីក​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត ដែល​គិតជា​ផ្ទៃដី​​សរុប​ប្រមាណ​ជា ៦ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ដោយ​នៅ​កន្លែង​ខ្លះ​បាតសមុទ្រ​ស្ថិត​នៅ​ជម្រៅ​រហូតដល់​ទៅ ៤ ៥០០ម៉ែត្រ។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ប្រតិបត្តិការ​នេះ​អាច​នឹង​ត្រូវ​ចំណាយលុយ​រហូតដល់​ទៅ​ប្រមាណ​ជា ៦០លាន​ដុល្លារ ហើយ​ចំណាយ​ពេល​ពី ៦ខែ ទៅ​៨ខែ។

គួររំឭកឡើងវិញ​ថា យន្តហោះ​ប៊ូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន​ Malaysia Airlines ជើង​ហោះហើរ​លេខ​ MH370 ​ពី​ទីក្រុង​គួឡាឡាំពួរ ទៅ​កាន់​ទីក្រុង​ប៉េកាំង បាន​បាត់ពី​រ៉ាដា កាល​ពីថ្ងៃទី៨ មីនា ជាមួយ​នឹង​អ្នក​ដំណើរ ព្រមទាំង​យានិក គិតជា​សរុប​ចំនួន ២៣៩នាក់។

ការបាត់យន្តហោះ MH370​ នេះ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​​ហេតុការណ៍​ប្រកបដោយ​​អាថ៌កំបាំង​បំផុត ដែល​គេ​មិន​ធ្លាប់​ជួបប្រទះ នៅ​ក្នុង​ប្រវត្តិ​អាកាសចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ