អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបោះឆ្នោត​ប្រជាមតិ​ដែល​កែប្រែ​ទេសភាព​នយោបាយ​រដ្ឋ​អាស៊ែរបែហ្ស៊ន់​

សំឡេង ០៦:២៨
ប្រធានាធិបតី​អាស៊ែរបៃហ្ស៊ន់ Ilham Aliyev ក្នុង​ការបោះឆ្នោត​ប្រជាមតិ​ កាលពីខែកញ្ញា
ប្រធានាធិបតី​អាស៊ែរបៃហ្ស៊ន់ Ilham Aliyev ក្នុង​ការបោះឆ្នោត​ប្រជាមតិ​ កាលពីខែកញ្ញា REUTERS/AZERTAC/Vugar Amrullayev

សប្តាហ៍​កន្លងទៅ​ ក្នុង​រដ្ឋ​ឯករាជ្យ​អាស៊ែរបៃហ្ស៊ន់ ជា​អតីត​សាធារណរដ្ឋ​សូវៀត កាន់សាសនា​អ៊ីស្លាម ​ស្ថិតនៅតំបន់​នាយភ្នំកូកាស​ មាត់សមុទ្រខ្មៅ​ជាប់នឹង​ប្រទេសអ៊ីរ៉ង់​ លោក ប្រធានាធិបតី​​iLham Aliev​ ដែលកាន់​អំណាច​១៣ឆ្នាំមកហើយ​ បាន​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​ ជាទី​ដែលប្រជាជន​ដោយ​សម្លេងភាគច្រើន​​បាន​អនុម័ត​វិសោធនកម្ម​ទាំង២៩ សម្រាប់​បញ្ចូលទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស។ តាមយោបល់​បស្ចិមលោក​ ប្រជាមតិ​បែបនេះ ដែល​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​គឺ​ពិបាកទិតៀន។   

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​វិសោធនកម្ម​ទាំង២៩នោះ ​សំខាន់​ជាងគេ​ តាមមតិអ្នក​សង្កេតការណ៍​ គឺ ការ​បង្កើន​រយៈពេល​នៃអាណត្តិ​ប្រធានាធិបតី,​ ការប្រគល់ទៅក្នុង​ដៃ​ប្រធានាធិបតី​នូវសិទ្ធិ​ សម្រាប់​រំលាយ​រដ្ឋសភា,​ ការបង្កើត​តំណែងថ្មី​ជា​អនុទី១​នៃប្រធានាធិបតី​ និង​អនុធម្មតា​នៃ ប្រធានាធិបតី, ការ​ឈប់កម្រិត​វ័យពលរដ្ឋ​សម្រាប់​ឈរឈ្មោះជា​បេក្ខជន​ប្រធានាធិបតី។ល។

តាមដែល​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រុស្ស៊ី ​ITAR-TASS ផ្សាយលម្អិត​ លទ្ធផល​ប្រកាសដោយ​ គ.ជ.ប.​ អាស៊ែរបែហ្ស៊ន់​ អំពី​លទ្ធផល​ប្រជាមតិនោះ​គឺ​ដូចតទៅ៖​

ទី១-អំពី​តំណែង​ថ្មីៗ​និង​ឋានានុក្រមអំណាច
-វិសោធនកម្ម​ស្តីអំពី​រឿងនេះ​គាំទ្រ​ដោយសម្លេង​អ្នកស្រុក​ម្ចាស់ឆ្នោត​ដល់ទៅ ​៨៩,៣%។ ​ស្របនឹង​វិសោធនកម្មនេះ​ នៅ​អាស៊ែរបែហ្ស៊ន់​ នឹងមាន​បង្កើតឡើង​តំណែង ជាអនុទី១​នៃ​ប្រធានាធិបតី និង​តំណែង​ជា​អនុធម្មតា​នៃប្រធានាធិបតី។​ តំណែងទាំងពីរ​នេះ​​ ចាត់តាំង​ឡើង​ដោយ​ប្រធានាធិបតី ហើយ​ដកចេញ​ទៅវិញ​ ក៏​ដោយប្រធានាធិបតី។​

-វិសោធនកម្ម​ដែលថា​អនុទី១​នៃប្រធានាធិបតី​ នឹងក្លាយ​ទៅជាមនុស្សទី២​ នៅ​អាស៊ែរបែហ្ស៊ន់​ គឺ​គាំទ្រ​ដោយសម្លេង​ជាង៨៧%​ នៃអ្នកចូលរួម​ក្នុង​ប្រជាមតិ។​ ស្របនឹង​មាត្រានេះ​ ក្នុង​ករណី​ ដែល​ប្រធានាធិបតី​ចាកចេញ​ពីតំណែងខ្លួន​ មុនចប់​អាណត្តិ ទម្រាំ​ដល់ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី​ តំណែងជា​ប្រមុខរដ្ឋ​បំពេញដោយ​អនុទី១​នៃ​ប្រធានាធិបតី។ ​ក្នុង មាត្រាមុន​ មានចែងថា​គឺ​នាយករដ្ឋមន្ត្រី​ដែលជា​មនុស្សទី២​ ក្នុងឋានានុក្រម​អំណាច។​

ប៉ុន្តែឥឡូវ ​សណ្តាប់ធ្នាប់នៃ​ឋានានុក្រមនោះ​ គឺដូច​តទៅ៖ ប្រធានាធិបតី, អនុទី១​នៃ​ប្រធានាធិបតី, អនុធម្មតា​នៃ​ប្រធានាធិបតី, នាយករដ្ឋមន្ត្រី​ ហើយនៅ​ទីបំផុត​ គឺ ប្រធាន​រដ្ឋសភា។​
 
ទី២-អំពីសិទ្ធិ​ប្រធានាធិបតី​រំលាយរដ្ឋសភា
វិសោធនកម្ម​នេះ ​ដែលបាន​ទទួលសម្លេងគាំទ្រ​អ្នកស្រុក​ម្ចាស់ឆ្នោត​ដល់ទៅ​៨៧,៤%​ ចែងថា​ បើរដ្ឋសភា​នីតិកាលតែមួយ​ ក្នុងរយៈពេល​មួយឆ្នាំ​​ បានដកការទុកចិត្ត​ដល់ទៅ​២ដង​ ពី​ រដ្ឋាភិបាល​ ឬ​ដល់ទៅ២ដង​មិនតែងតាំង​ស្របតាមសំនើ​ប្រធានាធិបតី​ ក្នុងរយៈពេល​កំណត់​ ដោយច្បាប់​ ចំនួនបេក្ខជន​ដែលត្រូវការ​ជាចាំបាច់​ ​សម្រាប់ការ​ដំណើរការ​ជាសមូហភាព​​នៃ តុលាការ​ធម្មនុញ្ញ នៃ​តុលាការកំពូល​ នៃ​ធនាគារ​កណ្តាល​ នោះ​ប្រធានាធិបតី​មានសិទ្ធិ​ រំលាយ​​រដ្ឋសភា​តែម្តង។​
 
ទី៣-អំពី​ការ​បង្កើនរយៈពេល​ពន្យារ​ទៅ​នៃ​អាណត្តិ​ប្រធានាធិបតី​
វិសោធនកម្ម​ដែលចែងអំពី​ការបង្កើន​អាណត្តិ​ប្រធានាធិបតីពី​៥ឆ្នាំ រហូតដល់​៧ឆ្នាំ បាន​ទទួល​សម្លេងគាំទ្រ​អ្នកស្រុក​ម្ចាស់ឆ្នោត​ ​ចំនួនដល់ទៅ​៩១,២%។ ​មាត្រា​សមស្រប​នៃរដ្ឋធម្មនុញ្ញ​ក៏ចែង​ថា ប្រធានាធិបតី​មានសិទ្ធិ​ប្រកាសធ្វើការ​បោះឆ្នោត​មុនកាល​កំណត់។​
 
ទី៤-អំពីការឈប់​កម្រិតវ័យ​ពលរដ្ឋ​សម្រាប់​ជាប់ជា​ប្រធានាធិបតី​
-មកទល់​ឥឡូវ​ អាចជាប់ជា​ប្រធានាធិបតី​ លុះណាតែ​ពលរដ្ឋ​មានអាយុ​ចាប់ពី​ ៣៥ឆ្នាំ​ឡើងទៅ។​​

វិសោធនកម្ម​ដែល​លុបចោល​ការកម្រិត​វ័យនេះ ​ត្រូវបាន​គាំទ្រ​ដោយសម្លេង​៩១% គត់។ ​ត្រង់​ចំណុច​នេះ ទូរទស្សន៍​ក្រុងម៉ូស្គូ​បញ្ចេញ​យោបល់ថា​ តាមមើលទៅ​ លោក ប្រធានាធិបតី​​iLham Alievត្រាយផ្លូវ​ទុកជាស្រេច​ សម្រាប់​កូនប្រុស​គាត់ ​ដែលឥឡូវ​អាយុទើប​១៩ឆ្នាំ សម្រាប់​ថ្ងៃមុខ ចូលខ្លួន​ស្នងតំណែង​ពីគាត់។ ជាការ​កត់សម្គាល់ លោក iLham Aliev ផ្ទាល់​ កាន់​តំណែង​ជាប្រធានាធិបតី​អាស៊ែរបែហ្ស៊ន់​ គឺ​ដោយបន្តវេន​​ពី​ឳពុកគាត់ លោក Gueidar Aliev ដែល​បានដឹកនាំ​អាស៊ែរបែហ្ស៊ន់​ពីឆ្នាំ១៩៩៣​ ដល់​ឆ្នាំ២០០៣។ បើ​សេណារីយ៉ូ​នេះ សម្រេច​ដូចចិត្ត​មែន គឺថា​អំណាចកំពូល​ក្នុងរដ្ឋឯករាជ្យ​នោះ ​នឹងបន្ត​ពីតា​រហូតដល់ចៅ។​
 
-ចំណែក​វិសោធនកម្ម​ ដែលបន្ទាបវ័យ​ពលរដ្ឋ​ពី២៥ឆ្នាំ​សព្វថ្ងៃ​ ឲ្យចុះ​ដល់​១៨ឆ្នាំ​​ សម្រាប់​ជាប់ ជា​តំណាងរាស្ត្រ​ ត្រូវបាន​គាំទ្រ​ដោយ​សម្លេង​៨៨,៣%។​
 
លទ្ធផល​ប្រជាមតិ​នោះ​ក៏​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​បស្ចិមលោក។ យ៉ាងណាមិញ​កាសែត​អង់គ្លេស The Financial Times ចោទ​ជា​សំនួរ​តើ​ហេតុដូចម្តេច​បានជា​លោក​ប្រមុខរដ្ឋ​អាស៊ែរបៃហ្ស៊ន់ ត្រូវការ​អោយ​មាន​ការកែប្រែ​ច្បាប់គោល​របស់​ប្រទេស។

ចម្លើយ​ដែលអាចមាន​គឺថា៖​
-ទី១ ​ដោយបង្កើន​អាណត្តិ​ប្រធានាធិបតី ​លោក iLham Aliev សាកល្បង​ចៀសឲ្យផុត​ពី ភាព​ចាំបាច់​ត្រូវ​ធ្វើការបោះឆ្នោត​ ខណៈណា​សេដ្ឋកិច្ចជាតិ​ធ្លាក់ក្នុង​អស្ថិរភាព។

-ទី២ ៖ដោយចាត់តាំង​ឡើងជា​អនុទី១​នៃប្រធានាធិបតី​ លោក iLham Aliev​ អាចតែងតាំង​ ក្នុង​តំណែងនេះ​ គឺអនាគត​អ្នកស្នង​អំណាច​ពីគាត់​ ហើយអាច​ជាបុគ្គល​បែបនេះ​ គឺ​នរណា​ម្នាក់ ពីក្នុង​ចំណោម​សមាជិក​គ្រួសារ​គាត់។​
 
​និន្នាការ​បែបនេះ​ក៏​ត្រូវគេ​សង្កេតឃើញ​ នៅតាម​ប្រទេសមួយចំនួន​នៃ​តំបន់​អាស៊ីកណ្តាល។ ​យ៉ាងណាមិញ​ ក្នុង​មួយឆ្នាំ​ចុងក្រោយ​ពីក្នុង​ចំណោម៨​អតីត​សាធារណរដ្ឋ​សូវៀត (ពោលគឺ ៣​ នៅតំបន់​នាយភ្នំកូកាស​ និង​៥​នៅតំបន់​អាស៊ីកណ្តាល) មានដល់​ទៅ ៤​ដែលបាន​សរសេរ រដ្ឋធម្មនុញ្ញ​ខ្លួន​ឡើងវិញ។ តាមដែល​គេរង់ចាំ​ ទាំង​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន ​ក្នុងពេល ឆាប់ៗ​ខាងមុខ​ ក៏នឹងកែប្រែ​រដ្ឋធម្មនុញ្ញ​ខ្លួនដែរ។
 
ជាការ​កត់សម្គាល់ ពាក្យថា ​តំបន់​អាស៊ីកណ្តាល​ ​គឺរួមក្តោប ៥​រដ្ឋ​ឯករាជ្យ៖ កាហ្សាក់ស្ថាន​ អ៊ូសបេគីស្ថាន ​កៀហ្ស៊ីស៊ីស្ថាន​ តាហ្ស៊ីគិស្ថាន​ និង​តួគ្មេនីស្ថាន។ ចំណែក​​តំបន់​នាយភ្នំ​កូកាស គឺ​រួមក្តោប៣​រដ្ឋឯករាជ្យ៖ អារមេនី​ ហ្ស័កហ្ស៊ី​ និង​​អាស៊ែរបែហ្ស៊ន់។
 
តាមកាសែត​អង់គ្លេស​នោះ មេដឹកនាំ​នៃ​ប្រទេស​ខាងលើ​តែង​ព្រួយបារម្ភ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ក៏​ដូចជា​នឹង​អាកប្បកិរិយា​របស់​រុស្ស៊ី ​ដែលធ្លាប់​បាន​បង្ហាញ​ជាច្រើនលើក​ទៅហើយ​ ពីភាព​ត្រៀមខ្លួន​ជ្រៀតចូល​ទៅក្នុង​កិច្ចការ​ប្រទេស​ជិតខាង។​
 
កាសែត​The Financial Times ​ហ៊ានទាញយក​សេចក្តីសន្និដ្ឋាន​ថា​ ការលេង​ក្បាច់​ខាង​កែប្រែ មាត្រា​ជាច្រើន​នៃ​រដ្ឋធម្មនុញ្ញ គឺអនុញ្ញាត​ឲ្យមេដឹកនាំ​បណ្តាប្រទេស​​ក្នុងលំហ​អតីត​សហភាព សូវៀត​ បង្ហាញពី​ភក្តីភាពស្មោះត្រង់​ចំពោះ​គោលការណ៍​ប្រជាធិបតេយ្យ​ ហើយ​យ៉ាងនេះ​ គឺ គេចផុត​ពី​ការទិតៀន​ពីខាង​បស្ចិមលោក៕  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ