អានតួអត្ថបទ
ពាណិជ្ជកម្ម​

សំណុំរឿង​ប្រេងដូង៖ ឥណ្ឌូណេស៊ី ​​ប្តឹង ​សហភាព​អឺរ៉ុប​ ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

ចម្ការដូងប្រេង នៅ​ភាគ​ខាង​ជើង​ឥណ្ឌូណេស៊ី។​
ចម្ការដូងប្រេង នៅ​ភាគ​ខាង​ជើង​ឥណ្ឌូណេស៊ី។​ Jefta Images / Barcroft Images / Barcroft Media via Getty Images

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ឥណ្ឌូណេស៊ី បាន​សម្រេច​ប្តឹ​ងសហភាពអឺរ៉ុប ពីការយកពន្ធគយ​ច្រើន​និង​​ហាមឃាត់​មិន​ឱ្យ​នាំ​ផលិតផល​ប្រេងដូង​របស់​ខ្លួន​ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប។  ក្នុង​ពាក្យ​ប្តឹង​នេះ ​ឥណ្ឌូណេស៊ី បាន​ចោទប្រកាន់​ សហភាព​អឺរ៉ុប​ថា «អនុវត្ត​នយោបាយ​ពាណិជ្ជកម្ម​ដោយ​ភាព​រើស​អើង»។​ ​ពាក្យ​បណ្តឹងនេះ​ បាន​ប្តឹង​ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោករួច​ហើយ និង​បាន​ដាក់សំណុំឯកសារ​​ទៅ​សហភាព​អឺរ៉ុប​រួច​ហើយដែរ​។ នេះបើតាម​​​ព័ត៌មាន​ដែល​ផ្សាយ​នៅ​ដើម​សប្តាហ៍​នេះ។ 

ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ចិត្ត​​ប្តឹង​នេះ គឺ​ក្រោយ​ពេល​ដែល​ឥណ្ឌូណេស៊ី​ប្រឹងប្រែង​ចរចា​ជាច្រើ​នលើក​​ជាមួយ​សហភាព​អឺរ៉ុប តែ​មិន​បាន​ផល។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Agus Suparmanto បញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍​ពីថ្ងៃអាទិត្យ ថា​ឥណ្ឌូណេស៊ីត្រូវ​ការ​ចង់​បាន​សហភាពអឺរ៉ុបប្តូរ​ជំហរ​របស់ខ្លួន។​

គួរ​រម្លឹក​ជូន​ថា គណៈកម្មាធិការ​សហភាព​អឺរ៉ុប កាលពី​ខែសីហា​កន្លងទៅ​នេះ​ បាន​សម្រេច​ចិត្ត​ ដាក់​ពន្ធគយ​លើ​ប្រទេស​ឥណ្ឌូណេស៊ី ចំពោះ​ការ​នាំចូល​​ផលិតផល​ជីវឥន្ធនៈ​ ទៅកាន់​សហភាព​អឺរ៉ុប។ មូលហេតុគឺ​ពីព្រោះតែ ឥណ្ឌូណេស៊ី បាន​ជួយ​ឧបត្ថម្ភ​​ធន ​ក្នុង​ដំណើរ​ការ​ផលិត​ជីវឥន្ធនៈ។​ ​ដោយសារ​តែ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គឺធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន អាច​ទិញ​ប្រេង​ដូង​ក្នុង​តម្លៃ​ថោក និង​ទាប​ជាងថ្លៃ​លើ​​ទីផ្សារ។ ទង្វើ​បែប​នេះ ផ្ទុយ​នឹង​ច្បាប់​សហភាព​អឺរ៉ុប ដែល​រំលោភលើគោលការណ៍​​​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ និង​ដោយ​សមធម៌​។

ហេតុផលមួយ​ទៀត ​ក្នុងដំណើរការដាំដូងប្រេង គឺឥណ្ឌូណេស៊ី​ បានកាប់បំផ្លាញ់ព្រៃឈើខ្លាំងពេក​​ ដើម្បីយកដី​ដាំដូង​ប្រេង ដែល​ទង្វើនេះ គឺ​ផ្ទុយ​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​សហភាព​អឺរ៉ុប ដែល​ចង់​ឱ្យ​មាន​ការ​ផលិត​ថាមពល​កកើត​ឡើងវិញ នៅ​ឆ្នាំ​២០៣០​។​ ដូច្នេះហើយទើបសហភាព​​អឺរ៉ុប​ដាក់​ពន្ធគយយ៉ាង​​ខ្លាំង​ចំពោះ​ឥណ្ឌូណេស៊ី។​ ក៏ប៉ុន្តែ វិធានការ​ដាក់​ពន្ធ​គយ​នេះ​គឺធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​មិន​ពេញ​ចិត្ត​ជាងខ្លាំង​។  ព្រោះវា​ធ្វើឱ្យឥណ្ឌូណេស៊ី ខាតបង់ជាង៤០០លានអឺរ៉ូ ក្នុងមួយឆ្នាំៗ។

ក្នុង​សំណុំ​រឿង​ដូង​ប្រេង​នេះ ប្រទេស​ម៉ាឡេស៊ី ក៏​គ្រោង​នឹង​ប្តឹង​សហភាព​អឺរ៉ុប​ដែរ។ ប៉ុន្តែ​ ម៉ាឡេស៊ី​​ថា​ចាំ​​ប្តឹង ​​នៅ​ឆ្នាំក្រោយ ដើម្បីទុក​ពេល​ចរចាគ្នា​​បន្តិច​ទៀតសិន។​

គួរ​ជ្រាប​ថា ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ជា​ប្រទេស​ពីរនៅ​អាស៊ី​អាគ្នេយ៍​ ដែល​នាំ​ចេញ​ជីវឥន្ធនៈ​ ច្រើន​ជាង​គេ​ គឺ​ស្មើនឹង​៨៥ភាគ​រយ​នៃ​ការ​ផលិត​ប្រេង​ដូង​លើពិភពលោក​។ ប្រេង​ដូង​ ជាប្រេង​ធម្មជាតិ​​ដែល​គេ​និយម​ប្រើ​ប្រាស់​ច្រើន​ជាង​លើពិភព​លោក។ រាប់​ចាប់តាំង​ពី​ការ​ច្នៃ​ធ្វើ​ជា​គ្រឿង​ទេស, ចំណី​អាហារ រហូត​ដល់​ផលិត​ចេញ​ជា​គ្រឿង​សំអាង​តុបតែង​កាយ​ ទៀត​ផង ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ