អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អ្នកណា​ជា​អ្នកបាញ់​ទម្លាក់​យន្តហោះ Malaysia Airline ដោយ​បណ្តាល​ឲ្យ​ស្លាប់​អ្នកដំណើរ​ទំាង ២៩៨នាក់?

សំឡេង ០៧:១៥
សំណល់​នៃ​ការ​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី Airline ក្នុង​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៧ កក្កដា ២០១៤
សំណល់​នៃ​ការ​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី Airline ក្នុង​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៧ កក្កដា ២០១៤

នៅ​ព្រហស្បតិ៍ ទី១៧ កក្កដា យន្តហោះ​ប៊ូអ៊ីង​ប្រភេទ ៧៧៧ មួយ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airline ដែល​មាន​ជើង​ហោះហើរ​លេខ MH១៧ និង​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​អំាស្ទែដំា ប្រទេស​ហូឡង់​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​កូឡាឡំាពួរ ប្រទេស​ម៉ាឡេស៊ី បាន​ផ្ទុះ​ធ្លាក់​មក​ដី​នៅ​ពេល​ហោះ​ឆ្លង​កាត់​ដែនអាកាស​នៃ​ប្រទេស​អ៊ុយក្រែន។ ឧប្បត្តិហេតុ​នោះ​បាន​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ទំាង ២៩៨នាក់​ស្លាប់​គ្មាន​សល់​ម្នាក់។ ខណៈ​នេះ គេ​បាន​ដឹង​កាន់​តែ​ច្បាស់​ហើយ​ថា យន្តហោះ​មិនមែន​ជួប​គ្រោះថ្នាក់​ធ្លាក់​ដោយ​បញ្ហា​បច្ចេកទេស​ទេ តែ​ដោយ​រងការ​បាញ់​គ្រាប់មីស៊ីល។ សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈអន្តរជាតិ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​សោកនាដកម្ម​ថ្មី​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​ពេល​ធ្លាក់​ផ្ទុះ​ឆេះ​បាន​បន្តិច មាន​សម្មតិកម្ម​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង រួម​មាន បញ្ហា​បច្ចេកទេស ឬ​មួយ​ក៏​ការ​ផ្ទុះគ្រាប់បែក​ដែល​ក្រុម​ភេរវជន​បាន​បង្កៃចោល​នៅ​ក្នុង​យន្តហោះ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក​អនុប្រធានាធិបតី​អាមេរិក យ៉ូ បៃដិន (Joe Biden) បាន​បញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា យន្តហោះ​នោះ​បាន​ជួប​គ្រោះថ្នាក់​ដោយ​រង​ការ​វាយប្រហារ គឺ​មិនមែន​ដោយ​បញ្ហា​បច្ចេកទេស​ទេ។ ទន្ទឹម​គ្នា​នោះ មន្រ្តី​អាមេរិកំាង​មួយ​ចំនួន​ក៏​បាន​ថ្លែង​ប្រាប់​កាសែត​អាមេរិកំាង The New York Times ដោយ​ច្បាស់ៗ​ថា យន្តហោះ​ប៊ូអ៊ីង​ប្រភេទ ៧៧៧ របស់ Malaysia Airline ដែល​មាន​ជើង​ហោះហើរ​លេខ MH ១៧ បាន​រង​គ្រាប់​មីស៊ីល​បាញ់​ពី​ដី។ បន្ទាប់​មក​ទៀត និង​បើ​យោង​តាម​កាសែត​អាមេរិកំាង Wall Street Journal រដ្ឋអំណាច​នៃ​ប្រទេស​អ៊ុយក្រែន និង​ក្រសួង​ស៊ើបការសម្ងាត់​អាមេរិកំាង​បាន​បញ្ជាក់​ដោយ​សំអាង​លើ​ទិន្នន័យ​ទទួល​បាន​ពី​ផ្កាយរណប​ថា យន្តហោះ​នោះ​ពិត​ជា​បាន​រងការ​វាយប្រហារ​ពី​គ្រាប់មីស៊ីល​មែន។

ដូច្នេះ គេ​លែង​មាន​មន្ទិល​សង្ស័យ​ទៀត​ឡើយ​ជុំវិញ​គ្រោះថ្នាក់​ធ្លាក់​ឆេះ​យន្តហោះ​នោះ។ គ្រាប់មីស៊ីល​ដែល​បាន​ទៅ​កម្ទេច​យន្តហោះ​ដែល​កំពុង​ហោះហើរ​ក្នុង​កម្ពស់ ១០ ០០០គីឡូម៉ែត្រ ជាមួយ​នឹង​ល្បឿន ៩០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ ពិត​ជា​គ្រាប់មីស៊ីល​ដែល​បាន​បាញ់​ចេញ​ពី​ទឹកដី​អ៊ុយក្រែន​ប៉ែកខាងកើត​ក្នុង​តំបន់​ដូណេត​ដែល​កំពុង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​អ្នកទាមទារ​ផ្តាច់​ទឹកដីនិយម​គំាទ្រ​រុស្ស៊ី។

តើ​ជា​ទង្វើ​របស់​អ្នក​ណា?

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​យ៉ាង​ណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​គឺ​ថា មាន​តួអង្គ​យ៉ាង​ហោច​ណាស់​ក៏ ៣​ដែរ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សោកនាដកម្ម​នេះ ទី១ គឺ​ប្រទេស​រុស្ស៊ី ទី២ គឺ​ប្រទេស​អ៊ុយក្រែន និង​តួអង្គ​ទី៣ គឺ​ក្រុមឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​គំាទ្រ​រុស្ស៊ី​នោះ​ឯង។ គឺ​ក្រុម​ឧទ្ទាម​នេះ​ហើយ​ដែល​បាន និង​កំពុង​តស៊ូ​ប្រឆំាង​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ទាមទារ​ឯករាជ្យ​តំបន់​មួយ​ចំនួន​ផ្តាច់​ចេញ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន។ តែ​តួអង្គ​ទំាង ៣ នេះ​កំពុង​បន្ត​ចោទ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​បាន​បញ្ជាក់​ថា ទង្វើ​នេះ​ជា​ស្នាដៃ​របស់​ក្រុមឧទ្ទាម​ដោយ​មាន​ការ​គំាទ្រ​ពី​ទ័ពរុស្ស៊ី។ សម្រាប់​លោក​ប៉ូរ៉ូឆេនកូ កងទ័ព​អ៊ុយក្រែន​មិន​ដែល​បាន​ប្រើ​គ្រាប់មីស៊ីល​ប្រភេទ « Bouk » ដើម្បី​វាយប្រហារ​ពួក​ឧទ្ទាម​ទេ ព្រោះ​ពួក​នេះ​គ្មាន​យន្តហោះចម្បំាង​ឡើយ។

ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទំាង​ស្រុង​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ដោយ​សំអាង​ថា បើ​ទ័ព​អ៊ុយក្រែន​មិន​បាន​វាយប្រហារ​លើ​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​ដូណេត​ទេ នោះ​ក៏​គ្មាន​សោកនាដកម្ម​ធ្លាក់​យន្តហោះ​នៅ​ពេល​នេះ​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​មាន​ការ​សង្ស័យ​ច្រើន​លើ​ក្រុមឧទ្ទាម​ដែល​មាន​រុស្ស៊ី​នៅ​ពី​ក្រោយ។

ពួកឧទ្ទាម​ធ្លាប់​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​ទ័ព​អ៊ុយក្រែន

កន្លង​មក ពោល​តំាង​ពី​ក្រុមឧទ្ទាម​​គំាទ្រ​រុស្ស៊ី​បាន​ងើប​ឡើង​បះបោរ​ទាមទារ​ឯករាជ្យ​ផ្តាច់​ទឹកដី​មួយ​ចំនួន​ចេញ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​មក ពួក​នេះ​ធ្លាប់​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​ទាហាន​អ៊ុយក្រែន​ចំនួន ២គ្រឿង​ហើយ។ តែ​គេ​មិន​ដឹង​ថា តើ​គ្រាប់មីស៊ីល​ដែល​ពួក​គេ​បាន​ប្រើ​នោះ ជា​គ្រាប់មីស៊ីល​ប្រភេទ​ណា​ទេ។ គេ​នំា​គ្នា​និយាយ​ថា ពួក​នេះ​មិន​មាន​បំពាក់​អាវុធ​ទំនើបៗ និង​ធុនធ្ងន់​ដូច​ទ័ពអ៊ុយក្រែន​ទេ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា រុស្ស៊ី​ពិត​ជា​បាន​ផ្តល់​អាវុធ​ឲ្យ​ពួក​នេះ​ច្រើន​ណាស់។ រឿង​ថា តើ​ពួក​នេះ​បាន​ទទួល​គ្រាប់មីស៊ីល​ប្រភេទ « Bouk » ពី​រុស្ស៊ី​ដែល​អាច​បាញ់​បាន​កំពស់​រហូត​ទៅ​ជាង ១០គីឡូម៉ែត្រ ឬ​អត់​នោះ ពិត​ជា​គ្មាន​នរណា​ម្នាក់​ហ៊ាន​សន្និដ្ឋាន​បាន​ទេ។ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា នៅ​ពេល​ប្រយុទ្ធ​ជាមួយ​ទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ដូណេត ពួក​ឧទ្ទាម​ដណ្តើម​បាន​គ្រាប់មីស៊ីល​ប្រភេទ « Bouk » នេះ​ពី​មូលដ្ឋានទ័ព​​អ៊ុយក្រែន​នៅ​ទីនោះ។

ដូច្នេះ​អាច​ថា ពួក​នេះ​ពិត​ជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​នោះ​មែន។ តែ​វា​ជា​ទង្វើ​មួយ​ចេតនា​ដើម្បី​ទម្លាក់​កំហុស​ដាក់​ទ័ពអ៊ុយក្រែន ដូច​សុភាសិត​ថា យក​បាយ​ទៅ​លាប​មាត់​ពពែ ឬ​មួយ​ក៏​ជា​ការ​ភាន់ច្រឡំ​ស្មាន​តែ​យន្តហោះ​ចម្បំាង​អ៊ុយក្រែន ឬ​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចំា​លទ្ធផល​ស៊ើបអង្កេត​នៅ​ថ្ងៃ​ខាង​មុខ។ និយាយ​ពី​ប្រទេស​រុស្ស៊ី​វិញ ការ​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​រុស្ស៊ី​ដែរ​នោះ ក៏​មក​ពី​ក្រុង​ម៉ូស្គូ​បាន​លូកដៃ​យ៉ាង​ជ្រៅ​ទៅ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ុយក្រែន។ ជាក់ស្តែង គឺ​ការ​ក្រសោប​យក​ដែនដី​គ្រីមេ​របស់​អ៊ុយក្រែន​នា​ពេល​ថ្មីៗ​កន្លង​ទៅ ហើយ​នៅ​ពេល​នេះ​ទៀត រុស្ស៊ី​ក៏​កំពុង​ជួយ​គំាទ្រ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ចំពោះ​ពួក​ឧទ្ទាម​ដែល​កំពុង​ប្រឆំាង​រដ្ឋាភិបាល​អ៊ុយក្រែន​សព្វថ្ងៃ។

សហគមន៍​អន្តរជាតិ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈអន្តរជាតិ

មក​ដល់​ពេល​នេះ ការ​បន្ត​ចោទ ឬ​មួយ​ក៏​ការ​សង្ស័យ​លើ​អ្នក​នេះ និង​អ្នក​នោះ​នៅ​តែ​បន្ត​មាន តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា គ្រប់​គ្នា​ហាក់​ដូច​ជា​ភ្ញាក់ខ្លួន ដោយ​បាន​យល់ព្រម និង​សុខចិត្ត​ចូលរួម​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ។ តំាង​តែ​ពី​ថ្ងៃ​ម្សិលមិញ​មក ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ធំ​ក្នុង​លោក មាន​អាមេរិក បារំាង អាល្លឺម៉ង អង់គ្លេស កាណាដា ឬ​មួយ​ក៏​អូស្រ្តាលី​សុទ្ធ​តែ​បាន​ចូលរួម​រំលែក​ទុក​ជាមួយ​ក្រុមគ្រួសារ​រងគ្រោះ និង​បាន​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ស្វែង​រក​ការ​ពិត។ រុស្ស៊ី និង​ក្រុមឧទ្ទាម​នៅ​តំបន់​ដូណេត​ក៏​បាន​យល់ព្រម​រួម​ចំណែក​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដែរ។ តែ​ដំបូង សហគមន៍​អន្តរជាតិ​បាន​ស្នើ​ឲ្យ​មាន​បទ​ឈប់បាញ់​ជា​មុន ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ​អាច​ចូល​ទៅ​ទីកន្លែង​ធ្លាក់​យន្តហោះ​នោះ។

នៅ​រសៀល​ថ្ងៃ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ តាម​សំណើ​របស់​ប្រទេស​អង់គ្លេស។ កម្មវត្ថុ​គឺ​ដើម្បី​ចាត់​វិធានការ​បន្ទាន់​មួយ​ចំនួន​នៅ​ក្នុង​សោកនាដកម្ម​មនុស្សលោក​មួយ​នេះ។ ដោយឡែក ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ហើយ និង​ដែល​តាម​រយៈប្រអប់​នេះ គេ​នឹង​អាច​ដឹង​ព័ត៌មាន​បន្ថែម​ជុំវិញ​មូលហេតុ​នៃ​ការ​ផ្ទុះ​ធ្លាក់​យន្តហោះ​នោះ។ គួរ​ជម្រាប​ជូន​ថា បើ​យន្តហោះ​ម៉ាឡេស៊ី​នោះ​ពិត​ជា​ត្រូវ​គ្រាប់មីស៊ីល​មែន នេះ​ជា​លើកទីមួយ​ហើយ​ដែល​មាន​យន្តហោះ​ស៊ីវិល​មួយ​រងការ​បាញ់​ប្រហារ​ក្នុង​ដែនអាកាស​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ