អានតួអត្ថបទ
នីហ្ស៊េរីយ៉ា

ពួក​ឧទ្ទាម​ព្រៃ​បូកូហារ៉ាម​ សម្លាប់​អ្នក​លក់ត្រី​៤៨នាក់​នៅ​នីហ្ស៊េរីយ៉ា

ក្រុម​​​ឧទ្ទាម​ជីហាត​​អ៊ីស្លាម បូកូហារ៉ាម បដិសេធ មិន​ចរចា​ជាមួយ​នរណាទាំងអស់
ក្រុម​​​ឧទ្ទាម​ជីហាត​​អ៊ីស្លាម បូកូហារ៉ាម បដិសេធ មិន​ចរចា​ជាមួយ​នរណាទាំងអស់ AFP PHOTO / BOKO HARAM

ក្រុម​ឧទ្ទាម​អ៊ីស្លាម​បូកូហារ៉ាម ​នៅ​ប្រទេស​នីហ្ស៊េរីយ៉ា​ បាន​សម្លាប់​ជន​ស្លូតត្រង់​៤៨នាក់ ​យ៉ាង​ព្រៃផ្សៃ​បំផុត ​នៅ​ភាគ​ឥសាន ​ប្រទេស​នីហ្ស៊េរីយ៉ា។ ក្រុម​ឧទ្ទាម​ព្រៃ​អ៊ីស្លាម​បូកូហារ៉ាម​នេះ បាន​បន្ត​សម្លាប់​ប្រជាជន​ស្លូតត្រង់ ​ជា​ញឹកញាប់ ​ហើយ​បាន​ធ្វើ​ការ​វាយប្រហារ​គ្រប់គ្រង​ដែន​ដី​ នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្ស៊េរីយ៉ា​ បាន​មួយ​ភាគ​ធំ ​ដោយ​អនុវត្ត​តាម​លទ្ធិ​កាលីហ្វា​អ៊ីស្លាម​ផ្តាច់ការ។

ផ្សាយពាណិជ្ជកម្ម

ដំណក់​ឈាម​ប្រជាជន​ស្លូតត្រង់​នៅ​ប្រទេស​នីហ្ស៊េរីយ៉ា មិន​ដឹង​ជា​ថ្ងៃណា​ នឹង​ឈប់​ហូរ​នោះ​ទេ។ ក្រុម​ឧទ្ទាម​អ៊ីស្លាម​បូកូហារ៉ាម ​ទើប​តែ​បាន​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​៤៨នាក់ ទៀត​នៅ​ភាគ​ឥសាន​នីហ្ស៊េរីយ៉ា ក្បែរ​ក្រុង​ដូរ៉ុងបាកា។ តាម​ការ​រាយការណ៍​របស់ ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ប្រចាំការ​នៅ​នីហ្ស៊េរីយ៉ា ​បាន​ផ្តល់​តំណឹង​ថា ពួក​ឧទ្ទាម​អ៊ីស្លាម​បូកូហារ៉ាម បាន​ស្ទាក់​ប្រជាជន​ ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ទៅ​ទិញ​ត្រី​នៅ​ភូមិ​មួយ​ មាត់​បឹង​ឆាត។

 
ព័ត៌មាន​បន្ថែម​ថា ​ពួក​ឃាតុករ​មិន​បាន​សម្លាប់​ប្រជាជន​ ដោយ​គ្រាប់​កាំភ្លើង​​ទេ ព្រោះ​ខ្លាច​ផ្អើល​ដល់​ក្រុម​យោធា​នីហ្ស៊េរីយ៉ា ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីនោះ។ ពួក​បូកូហារ៉ាម ​បាន​សម្លាប់​ប្រជាជន​ដោយ​ យក​កាំបិត​អារក ហើយ​មួយ​ចំនួន​ទៀត​គឺ ពួក​វា​ចាប់​យក​ទៅ​ជ្រមុជ​ទឹក​បឹង​សម្លាប់។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំង​ពី​ថ្ងៃ ​ព្រហស្បត្តិ៍ ​ទី២០ ​វិច្ឆិកា​ម្លេះ ​ប៉ុន្តែ​ព័ត៌មាន​ក្រ​មក​ដល់​ ដោយសា​តែ​បណ្តាញ​ទូរស័ព្ទ​ត្រូវ​កាត់​ផ្តាច់ ​និង​ខូចខាត​ ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​គ្នា​កាល​ពី​លើក​មុន រវាង​ក្រុម​ឧទ្ទាម​បូកូហារ៉ាម និង​អាជ្ញាធរ​នីហ្ស៊េរីយ៉ា។

សូម​បញ្ជាក់​ថា បឹង​ឆាត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នោះ ជា​ទី​ដែល​សម្បូរ​ត្រី​ណាស់។ ជា​ច្រើន​លើក​ច្រើន​សា​ ពួក​ឧទ្ទាម​អ៊ីស្លាម​បូកូហារ៉ាម ​បាន​ធ្វើ​បាប ​ប្លន់ ​និង​សម្លាប់​ប្រជាជន​ស្លូតត្រង់ ដែល​ជា​អ្នក​នេសាទ និង​អ្នក​ដែល​ទៅ​ទិញ​ត្រី​ យក​មក​លក់​នៅ​តំបន់​នោះ។ ជាក់ស្តែង ​កាល​ពី​ខែ ធ្នូ​ឆ្នាំ​២០១៣ ពួក​នេះ ​បាន​សម្លាប់​អ្នក​នេសាទ​៧នាក់ ហើយ​នឹង​បាន​ដុត​ផ្ទះ​ប្រជាជន​ជា​ច្រើន​ខ្នង​ទៀត។ ដូច​គ្នា​ដែរ ​កាល​ពី​ខែ ​សីហា​កន្លង​ទៅ​ ក្រុម​ព្រៃ​នេះ ​បាន​សម្លាប់​អ្នកភូមិ​២៧នាក់ និង​បាន​ចាប់​ជា​ឈ្លើយ​ ៩៧នាក់។

ពួក​បូកូហារ៉ាម​នេះ​ ជា​ប្រភេទ​ក្រុម​ជីហាត​អ៊ីស្លាម​មួយ​ដែរ ដែល​ធ្វើការ​តស៊ូ បង្កើត​រដ្ឋ​អ៊ីស្លាម​ផ្តាច់ការ ​ហៅ​ថា​លទ្ធិ​កាលីហ្វា ដូច​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​ដែរ។ ចំណែក​ភាព​សាហាវ​ព្រៃផ្សៃ ​យង់ឃ្នង​ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។ លោក​ប្រធានាធិបតី​នីហ្ស៊រីយ៉ា បាន​ប្រកាស​ដាក់​តំបន់​ភាគ​ឥសាន​ប្រទេស ​ស្ថិត​ក្នុង​ភាព​អាសន្ន​ តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ម្លេះ៕​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​ក្រុម​ព្រៃ​បូកូហារ៉ាម នៅ​តែ​បន្ត​ចេញ​ប្រតិបត្តិការ សម្លាប់​មនុស្ស​ជារើយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ