អានតួអត្ថបទ
កម្ពុជា-សង្គម

កសិករ​ដែល​គ្រោង​ដាក់​ញត្តិ​នៅ​ស្ថាប័ន​ជាតិ​ ត្រូវ​បាន​គៀង​ឲ្យ​ទៅ​ផ្តុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​

ការ​ប្រមូលផ្តុំ​របស់​កសិករ​នៅទី​លានប្រជាធិបតេយ្យ
ការ​ប្រមូលផ្តុំ​របស់​កសិករ​នៅទី​លានប្រជាធិបតេយ្យ @CCFC

ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ ហើយ​ឡើង​មកដាក់​​ញត្តិ​​នៅ​ស្ថាប័ន​​ជាតិ​សំខាន់​ៗ ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ ​ត្រូវ​​បាន​អាជ្ញាធរ​គៀង​ឲ្យ​ទៅ​នៅផ្តុំ​គ្នា​លើ​ទី​លាន​​ប្រ​ជា​ធិប​តេយ្យ​​ថ្មី​ ក្នុង​ខណ្ឌ​ឬស្សីកែវ​ ឆ្ងាយ​ពី​កន្លែង​​ដែល​​ពួកគេ​​ចង់​​ជួបជុំគ្នា​។​ ប្រជា​កសិករ​ទាំង​នោះ ​គឺ​មកពី​ខេត្ត​ស្វាយរៀង ខេត្តព្រះវិហារ​ ព្រះសីហនុ​ ត្បូងឃ្មុំ​ និង​ខេត្ត​កណ្ដាល​ ជាដើម​។

ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តី​ប្រកាសរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា អ្នករងគ្រោះ​បញ្ហាដីធ្លី​ជាង ១០០០នាក់ដែល​ឡើង​មកពីតាមបណ្តា​ខេត្ត គឺមាន​បំណងដាក់ញាត្តិ​ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ រដ្ឋសភា ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងគណកម្មការទទួលពាក្យបណ្ដឹងនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី។ គម្រោង​ដាក់​ញត្តិ​នេះ ត្រូវបាន​ខកខាន​ទៅ​វិញ ​ដោយសារតែ​អាជ្ញាធរ​បាន​គៀង​ប្រជាពលរដ្ឋទាំងនោះ ឲ្យទៅនៅផ្តុំ​គ្នា​នៅលើ​ទី​លាន​ប្រជាធិបតេយ្យថ្មី ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​ដែលកសិករ​ចង់​ដាក់​ញត្តិ​។

អ្នកស្រី យស់ សោភ័ណ្ឌ ជាកសិករ​មកពី​ខេត្ត​ស្វាយ​រៀង ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ថា ពេល​ដែល​អាជ្ញាធរដេញ​ពួកគាត់​មិនឲ្យ​ដាក់​ញត្តិនៅរដ្ឋសភា គឺអាជ្ញាធរប្រាប់ថា មានអ្នករង់ចាំទទួលយកញត្តិនៅទីលានប្រជាធិបតេយ្យហើយ។ យ៉ាង​ណា​ក៏​ដោយ នៅ​​ពេលពួកគាត់ទៅ​ដល់​ទីលានប្រជាធិបតេយ្យ គឺមិនមាន​អាជ្ញាធរណាទទួល​យកញត្តិរបស់គាត់ ​ដែល​រៀបរាប់​ពី​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ជាង​១០០​គ្រួសារ តាំង​ពី​ឆ្នាំ២០០៩ ទេ។ អ្នកស្រី​បន្ថែមថា អភិបាលរង​ខេត្ត​ស្វាយ​រៀង​បានមកជួបពួកគាត់ ដោយ​​​សន្យាថានឹង​ចុះ​ស៊ើប​អង្កេត​លើ​ដីទំនាស់​នោះ ជាថ្នូរឲ្យពួកគាត់​ត្រឡប់​ទៅ​ផ្ទះវិញ។

ក្រៅ​ពី​អភិបាល​រង​ខេត្ត​ស្វាយរៀង គេក៏​ឃើញតំណាងខុទ្ទកាល័យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ផ្សេងទៀត​នៅទីលាន​ប្រជាធិបតេយ្យផងដែរ។

ដោយឡែក បើតាមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ការ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​នៅថ្ងៃអង្គារ​នេះ ក៏ដើម្បីស្នើដល់អាជ្ញាធរ​ធ្វើការអន្តរាគមន៍ដោះលែង​ប្រជាពលរដ្ឋ ឬសកម្មជនដីធ្លីដែលកំពុងជាប់​ពន្ធនារធានាគារឲ្យមានសេរីភាព និងបញ្ឈប់ការគំរាមកំហែង តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ​ប្ដឹងផ្ដល់​លើ​ប្រជាពលរដ្ឋដែលធ្វើការតវ៉ា ឬស្វែងរកដំណោះស្រាយដោយសន្តិវិធី។

លើសពីនេះទៀត ពួកគេក៏ស្នើឲ្យរដ្ឋាភិបាលធ្វើការធានា និងចេញ​បណ្ណ​កម្ម​សិទ្ធិ​ទទួលស្គាល់ដីធ្លីរបស់កសិករ ក្នុងការ​ប្រកបមុខរបកសិកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ