អានតួអត្ថបទ
កម្ពុជា-វប្បធម៌

រដ្ឋាភិបាល​នឹង​ស្នើ​ដាក់​បញ្ចូល​រមណីយដ្ឋាន និង​ប្រាសាទ​៨​ទៀតជា​សម្បត្ត​បេតិក​ភណ្ឌ

រូបថតៈ ប្រាសាទសំបូរព្រៃគុក
រូបថតៈ ប្រាសាទសំបូរព្រៃគុក

កាល​ពី​យប់​មិញ​នេះ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុកជា​សម្បត្ត​បេតិកភណ្ឌ​ពិភព​លោក​ប្រមុខ​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​នឹង​ដាក់​បញ្ចូល​ប្រាសាទ​ខ្មែរ​មួយ​ចំនួន​ទៀត ជា​សម្បត្ត​បេតិក​ភណ្ឌ។ ក្នុង​នោះ​គឺ តំបន់​ធម្មជាតិ និង​ប្រាង​ប្រាសាទ​ជាដើម សរុប​មាន​ចំនួន​៨​កន្លែង។

ផ្សាយពាណិជ្ជកម្ម

រមណីយដ្ឋាន និង​ប្រាសាទ​ទាំង​៨​កន្លែង​នោះ​រួមមានៈប្រាសាទ​កោះកេរ ប្រាសាទព្រះខ័ន​កំពង់​ស្វាយ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ប្រាសាទ​បន្ទាយ​ឆ្មារ ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប្រាសាទ​បន្ទាយ​ព្រៃ​នគរ ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ប្រាសាទ​បឹង​មាលា និងរមណីយដ្ឋាន​ភ្នំ​គូលែន​ស្ថិត​នៅ​ខេត្ត​សៀម ប្រាសាទ​ភ្នំ​ដា ស្ថិត​នៅ​ខេត្តតាកែវ និង​រមណីយដ្ឋានឧដ្ដុង្គ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល។

លោក ប្រាក់ សុណ្ណារ៉ា អគ្គ​នាយក​អាជ្ញាធរ​បេតិ​កភណ្ឌ​នៃ​ក្រសួង​វប្បធម៌​អះអាង​ថា ប្រាសាទ និង​មរណីយដ្ឋាន​ទាំង​នេះ​គឺក្រសួង បាន​រៀប​ចំ​ឯកសារ​ទាក់​ទង​នឹង​ប្រវត្តិ​ប្រាសាទ​​រួច​ហើយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​អភិរក្ស និង​ជួស​ជុល​ចំណុច​​បាក់​បែក ទើប​ពន្លឿន​ការ​ងារ​ចុះ​បញ្ចី​ឆាប់​រហ័ស​។

មន្ត្រី​ដដែល​គូស​បញ្ជាក់​ថា លក្ខណៈ​ពិសេស​ធ្វើ​ឲ្យ​អង្គការ​យូណេស្កូ UNESCO ទទួលចុះ​បញ្ជី​ប្រាសាទ​ខ្មែរ​ជា​សម្បត្ត​រួម​របស់​មនុស្ស​ជាតិ​ដោយ​សារ​តែ​ប្រាសាទ​ខ្មែរ​រក្សា​នូវស្ថាន​ភាព​ដើម​បាន​យ៉ាង​ល្អ ទោះ​រង​ប៉ះ​ទង្គិច​ដោយ​សារ​សង្គ្រាម គ្រោះ​ធម្មជាតិ ឬការបំផ្លាញ​របស់​មនុស្ស។ តួយ៉ាង​ប្រាសាទ​សំបូរ​ព្រៃគុក និង​ប្រាសាទ​ព្រះវិហារ​នេះ​តែ​ម្ដង​។ ប្រាសាទ​​​ក្រោយៗ​ទៀត​ដែល​រដ្ឋាភិបាល​ស្នើ​ឲ្យ​ដាក់​បញ្ចូល​នា​ពេល​ខាង​មុខ​ក៏​អង្គ​ការ​យូណេស្កូ​​ពិនិត្យ​ទៅ​លើ​លក្ខណៈ​ពិសេស​ដូច​គ្នា​ដែរ។ ​​

សូមបញ្ជាក់ថា ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ មិន​មែន​​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ព្រោះ​ថា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​ទាំង​ភាគី​ពាក់​ព័ន្ធ បាន​ត្រៀម​ឯកសារ​ជា​ច្រើន ដើម្បី​ដាក់ទៅ​អង្គការ​យូណេស្កូ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

មក​ដល់​ចំណុចនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​យប់​មិញ​បាន​បង្ហាញ​ពី​មោទ​នភាព​ថា ប្រាសាទ​កម្ពុជា​មាន​ភាព​លឿន ដែល​ប្រាសាទ​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ចីជា​សម្បត្ត​រួម​របស់​មនុស្ស​ជាតិ ដែល​ផ្ទុយ​ពី​ប្រទេស​មួយ​ចំនួន​បាន​ស្នើ​ចុះ​បញ្ចី​កេរមរតកទៅ​អង្គការ​យូណេស្កូ​២០-៣០ឆ្នាំ នៅ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។​

គួររម្លឹកថា ប្រាសាទ​កម្ពុជា​ចំនួន​បី ត្រូវ​បាន​ចុះ​បញ្ចី​ជា​សម្បត្ត​បេតិកភណ្ឌ​ពិភព​លោក​រួម​មានៈ​ ប្រាសាទ​អង្គរវត្ត ព្រះវិហារ និងថ្មីៗនេះ​សំបូរ​ព្រៃគុក។ ទន្ទឹម​នឹង​នេះ​លោក ហ៊ុន សែន កំណត់​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា រៀង​រាល់​ឆ្នាំ ជា​ទិវា​ចង​ចាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសា​ទ​​​ព្រះវិហារ និង​ប្រាសាទ​សំបូ​រព្រៃ​គុក​របស់​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ