អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​រិះគន់​សេច​ក្តី​សម្រេច​របស់​អតីត​​បក្ស​ប្រឆាំង​ដែល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​កង​កម្លាំង​ផ្តាច់​ខ្លួន​

ទាហានខ្មែរ ត្រៀមការពារ​នៅសមរភូមិ ឧត្តរមានជ័យជិតព្រំដែនកម្ពុជាថៃថ្ងៃទី១ ឧសភា២០១១
ទាហានខ្មែរ ត្រៀមការពារ​នៅសមរភូមិ ឧត្តរមានជ័យជិតព្រំដែនកម្ពុជាថៃថ្ងៃទី១ ឧសភា២០១១ © Reuters

អតីត​បក្សប្រឆាំង​ពី​សហរដ្ឋ​អាមេរិក បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃ​របស់​ខ្លួន​ កាល​ពីថ្ងៃទី​១៣ ខែ​កញ្ញា ដោយ​សម្រេច​៥ចំណុច​ជុំវិញ​ការ​ត្រៀម​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី​។ ក្នុង​នោះ ​ការ​សម្រេច​របស់​បក្សប្រឆាំង​ដែល​ផ្តល់​ប្រាក់​​ផ្គត់ផ្គង់កងកម្លាំង​ផ្តាច់​ខ្លួន​ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ចាត់​ទុក​ថា​អតីតបក្ស​ប្រឆាំង​កំពុង​ដើរ​ហួស​ព្រំដែន​។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ក្រុង​ឡូវេល រដ្ឋ​ម៉ាសាឈូសែត សហរដ្ឋអាមេរិក បាន​សម្រេច​ចំនួន​៥ចំណុច​ ជុំវិញ​ដំណើរ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា របស់​លោក សម រង្ស៊ី នា​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ខាង​មុខ​។

ចំណុច​សំខាន់ៗ​នៃ​សេចក្តី​សម្រេច​នោះ​រួមមាន កំណត់​ចាត់ចែង​ឲ្យ​ថ្នាក់​ដឹក​នាំ និង​លោក សម រង្ស៊ី ចូល​មក​កាន់​តំបន់​អាស៊ី​នៅ​ថ្ងៃទី០៥ ខែ​វិច្ឆិកា ត្រៀម​ថវិកា​សម្រាប់​កង​កម្លាំង ដែល​ផ្តាច់​ខ្លួន​ពី​រដ្ឋាភិបាល​មក​ការពារ​ពល​រដ្ឋ​ នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា និង​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស វិល​ត្រឡប់​ចូល​មក​កម្ពុជា ចូល​រួម​ជា​មួយ​អតីត​គណបក្ស​ប្រឆាំង​ជា​ដើម​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ពី​ក្រុងឡូវេល រដ្ឋ​ម៉ាសាឈូសែត ចុះថ្ងៃ​ទី១៥ ខែ​កញ្ញា​។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា សកម្មភាព​របស់​អតីត​បក្ស​ប្រឆាំង​នា​ពេល​នេះ គឺ​ឈាន​ហួស​ព្រំដែន​បន្តិច​ហើយ ដោយ​សារ​ការ​ណែនាំ និង​ផ្តល់​មធ្យោបាយ​ទៅ​កង​ទ័ព​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​។

លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​កម្ពុជា​ដែរ​នោះ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ដែរ​ថា ផែន​ការ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​រួម​មាន​ការ​ត្រៀម​ថវិកា​សម្រាប់​កង​កម្លាំង ដែល​ផ្តាច់​ខ្លួន​ គឺ​ផ្ទុយ​ហួស​ពីក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ​ស្ថានភាព​ជាក់​ស្តែង​នៅ​កម្ពុជា​។

លោក​បណ្ឌិត គិន ភា បន្ថែម​ថា ការ​ត្រៀម​ថវិកា​សម្រាប់​កង​កម្លាំង ដែល​ផ្តាច់​ខ្លួន គឺ​ជា​ចេតនា​នៃ​ការ​បំបែក​បាក់​ជាតិ ជា​ចេតនា​នៃ​ការ​ធ្វើ​បដិវត្តន៍​មួយ និង​ជា​ចេតនា​បង្ក​ចលាចល​សង្គម​មួយ ដើម្បី​ឈាន​ទៅ​រក​ការ​កាន់​អំណាច​នៃ​អតីតបក្ស​នេះ​។

ប៉ុន្តែ​លោក​ស្រី មួរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​ប្រឆាំង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ពី​សហរដ្ឋអាមេរិក​ថា កាល​ពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៧ គឺ​ច្បាស់​ណាស់​ថា នៅ​ក្នុង​ចំណោម​កងទ័ព ប៉ូលីស និង​មន្ត្រី​រាជការ ពួក​គាត់​បាន​បោះឆ្នោត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ហើយ​ ទើប​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ទទួល​ជ័យ​ជំនះ​ពាក់កណ្តាល​ប្រទេស​។ លោក​ស្រី មួរ សុខហួរ បញ្ជាក់​ថា ក្នុង​ចំណោម​កងទ័ព ប្រាក​ជា​មាន​អ្នក​ចង់​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ