អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្មជន​អតីត​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោម​ការ​ចោទ​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​

លោក គង់ ម៉ាស់  សកម្មជនអតីតគណបក្សសង្រ្គោះជាតិ
លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ @FB/Kong Mas

សកម្មជន​ម្នាក់​​របស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​​ត្រូវ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​ កាល​ពី​ល្ងាច​​ម្សិល​មិញ​ ដោយ​​ចោទ​​ប្រកាន់​​ថា ​ប៉ុន​ប៉ង​​ផ្តួល​​រំលំ​រដ្ឋាភិបាល​​កម្ពុជា​ តាម​​ការ​​បញ្ជា​របស់​​លោក ​សម ​រង្ស៊ី ពី​ក្រៅ​​ប្រទេស​។ ​នេះគឺ​ជាការ​​លើក​​ឡើង​​របស់​ លោក ​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​​ក្រសួង​​មហា​ផ្ទៃ​។​

ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះជាតិ​រូបនេះ គឺដោយ​ផ្អែកលើ​ភស្តុតាង ​ដែល​មានបង្ហាញ​នៅ​លើ​ហ្វេស​ប៊ុក និង​នៅក្នុង​កុំ​ព្យូទ័រ​របស់ លោក គង់ ម៉ាស់។ ជាភស្តុតាង​ ដែលអ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ អះអាងថា ជាការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលកម្ពុជាស្រប​ច្បាប់​ទៅ​តាម​ការ​បញ្ជា​របស់​លោក​ សម រង្ស៊ី។

បើតាម ​លោក ខៀវ សុភ័គ សមត្ថកិច្ចត្រូវបញ្ជួន លោក គង់ ម៉ាស់ ទៅកាន់​តុលាការ​នៅរសៀល​ថ្ងៃទី១៧​ខែ​មករានេះ បន្ទាប់ពីឃាត់ខ្លួន​កាលពីល្ងាចថ្ងៃទី១៦​ខែមករា។

ប៉ុន្មានម៉ោងមុនការ​ឃាត់​ខ្លួន នៅលើ​ហ្វេស​ប៊ុកមួយដែល​មានឈ្មោះ Kong Mas បាន​សរសេរ​ថាទឹកទី១៖ «សហភាបអឺរ៉ុបបាន​សម្រេចជំហាន​ដំបូងដាក់​ទណ្ឌកម្ម​លើ​ការ​យកពន្ធ និងតំឡើងថ្លៃមកលើការនាំចូលអង្ករពីកម្ពុជា ដោយយកពន្ធ ២០០,៧៣​ដុល្លារ​ក្នុងមួយតោន នេះតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី១៤ មករា កន្លង​មកនេះ»។

ការចាប់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ ធ្វើឡើងពីរថ្ងៃ ក្រោយពេល​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ព្រមានដាក់សម្ពាធបន្ថែមលើក្រុមអតីតបក្សប្រឆាំង ប្រ​សិន​​បើសហគមន៍អន្តរជាតិដាក់​ទណ្ឌកម្មសេដ្ឋកិច្ចមក​លើរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​បញ្ហា​EBA។

សូម​ជំរាប​ជូន​ថា ចាប់​តាំង​ពី​ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០១៨មក មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចេញ​លិខិត​កោះ​ហៅ និង​ធ្វើ​កិច្ច​សន្យា​ជា​បន្ត​បន្ទាប់​។ កិច្ច​សន្យា​នោះ គឺ​បញ្ឈប់​បង្ហោះ​វីដេអូ​ឃ្លីប ដែល​គាំទ្រ លោក សម រង្ស៊ី ជា​ប្រធាន​​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ និង​មិន​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ