អានតួអត្ថបទ
កម្ពុជា-សង្គម

ពេលចូលឆ្នាំ​៖ ​លោក ​ហ៊ុន ​សែន​ ឲ្យ​ជិះ​រថយន្ត​ក្រុង​មិន​គិត​ថ្លៃ​ទៅ​តាម​ខេត្ត​មួយ​ចំនួន​

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ​បាន​ប្រកាស​​ជា​ផ្លូវ​​ការ​នៅ​​ថ្ងៃ​នេះ​​ថា ​​នៅ​​ក្នុង​​អំឡុង​​ពេល​ចូល​​ឆ្នាំ​ខ្មែរ​ ប្រជា​ពលរដ្ឋ​​អាច​​ជិះ​​រថយន្ត​ក្រុង​​ដោយ​មិន​បង់លុយ ​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និងទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​។ ​អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ ​បញ្ជាក់​ថា ​រថយន្ត​ទាំង​នោះ ​គឺ​ជា​រថយន្ត​​ស្វយ័ត​​របស់​​អាជ្ញាធរ​ក្រុង​ដែល​មាន​ចំនួន​៦០​គ្រឿង​។​

ផ្សាយពាណិជ្ជកម្ម

ចាត់​ទុក​ជា​កាដូ​ថ្មី ពី​នាយករដ្ឋ​មន្ដ្រី ជូន​ដល់​ប្រជាពលរដ្ឋ​។ ពីរ​សប្ដាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​អាទិត្យទី​១​មេសា​នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋអាចជិះរថយន្តក្រុង​ដោយមិនបង់លុយ ទាំង​នៅ​ក្នុង​រាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តមួយចំនួនទៀត នៅក្នុង​អំឡុងពេលចូលឆ្នាំខ្មែរ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រៅពីរាជធានីភ្នំពេញ ការជិះ​រថយន្ត​ក្រុង ​អំឡុងពេល​ចូល​ឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា គឺមិន​ត្រូវបានគិតប្រាក់នោះទេ។ ប៉ុន្តែមិនមែន មិន​គិតលុយ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់នោះទេ ពោល​​គឺសម្រាប់​តែ​រថយន្ត​ក្រុង​ទៅ​តាមផ្លូវជាតិលេខ៥ ពីភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យប៉ុណ្ណោះ។ លើសពីនេះទៀត អ្នក​ធ្វើ​ដំណើរ​តាមផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅខេត្ត កណ្តាល ព្រៃវែង និង​ស្វាយរៀង ក៏ជិះរថយន្ត​ក្រុងនេះ ​ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​ដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្តី ប្រាប់​វិទ្យុ​បារាំង​ RFI ថា រថយន្តទាំងនោះ គឺជារថយន្ត​ស្វ័យត​របស់​អាជ្ញាធរក្រុងដែលមានចំនួនសរុប៦០គ្រឿង។

​បើតាមអ្នកនាំពាក្យរូបនេះ ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ១ ​គឺត្រូវទៅ​រង់ចាំ​ជិះ​រថយន្ត​ក្រុង​មិន​គិត​លុយនេះ នៅចំណតផ្លូវ៦០ម៉ែត្រខាង​លិច​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ចំណែក ​អ្នក​ធ្វើ​ដំណើរ​ទៅតាម​ផ្លូវជាតិ​លេខ​៥ គឺត្រូវ​រង់​ចាំ​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យថ្មី​ម្តុំ​ឃ្លាំងសាំង សូគីមិច។

លោក មេត មាសភក្តី បានបញ្ជាក់​បន្ថែមថា ការជិះរថយន្ត​ក្រុង​នៅក្នុង​ក្រុង​ភ្នំពេញ រយៈ​ពេល​៣​​ថ្ងៃ​នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​គឺនៅតែរក្សាដដែល បើទោះបីជារថយន្ត​ក្រុង​ចំនួន​៦០​គ្រឿង​ត្រូវបាន​​​ចែករំលែកឲ្យដឹក​ប្រជាពលរដ្ឋទៅតាមផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ ដោយ​មិន​គិត​ថ្លៃក៏ដោយ​​។​

លោក សន ជ័យ នាយកប្រតិបត្តិ​សម្ព័ន្ធគណនេយ្យភាពសង្គម យល់​ឃើញ​ថា ការ​បញ្ចេញ​រថយន្ត​ក្រុង​ដឹក​ប្រជាពលរដ្ឋ​ទៅតាម​ខេត្តមួយចំនួននេះ គឺអាចជួយទប់​ស្កាត់បានមួយចំណែក​ កុំ​ឲ្យ​រថយន្ត​ឈ្នួល​របស់​ក្រុម​ហ៊ុន​ឯកជន​តម្លើង​ថ្លៃ​ពីអ្នកធ្វើ​ដំណើរ​ទៅ​ចូលរួមបុណ្យចូល​ឆ្នាំខ្មែរ​នៅ​ឯស្រុក។ ប៉ុន្តែ​លោក​វិភាគថា នេះក៏ជានយោបាយមួយ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ទាក់ទាញ​សន្លឹក​ឆ្នោត​ពីកម្មកររោងចក្រ និង​មន្រ្តីរាជការផងដែរ ខណៈ​ការ​បោះឆ្នោត​នឹង​ជិតមកដល់​។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែល​រដ្ឋាភិបាលកម្ពុជា​បញ្ចេញ​រថយន្ត​ក្រុង​ដឹក​ប្រជាពលរដ្ឋ​ទៅ​តាម​ខេត្តមួយចំនួន​ដោយ​មិន​គិត​លុយ អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​តែងតែ​វិល​ទៅ​ស្រុក​កំណើតវិញនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ