អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ហេង​ សំរិន ​ថា ​២​ ធ្នូ​ ជា​កញ្ចក់​ប្រវត្តិ​សាស្រ្ត​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​ជា​ថ្មី​ទៀត​

លោក ហេង សំរិន ពេល​ចូលរួម​ទវា​២​ធ្នូ​នៅ​ខេត្ត​ក្រចេះ​
លោក ហេង សំរិន ពេល​ចូលរួម​ទវា​២​ធ្នូ​នៅ​ខេត្ត​ក្រចេះ​ @F/Heng Samrin

ថ្ងៃ​នេះ​ គឺ​ជា​ខួប​លើក​ទី​៤០​ឆ្នាំ​ នៃ​រណ​សិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា​ ដែល​បង្កើត​ឡើង​ កាល​ពីថ្ងៃ​ទី​២​ ខែ​ធ្នូ ​ឆ្នាំ​១៩៧៨​ មុន​ពេល​វាយ​រំលំ​របប​ខ្មែរ​ក្រហម​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩​។ ​ដូច​រៀង​រាល់​ឆ្នាំដែរ​ រដ្ឋាភិបាល​កម្ពុជា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​តែង​តែ​រំឭក​ទិវា​នេះ​ ។​ សម្រាប់​ឆ្នាំ​នេះ លោក​ ហេង​ សំរិន​ អំពាវ​នាវ​ឲ្យ​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ​ត្រូវ​ចង​ចាំ​ព្រឹត្តិ​ការណ៍​នេះ​ ដោយ​ថា​ ២​ ធ្នូ ជា​កញ្ចក់​ប្រវត្តិ​សាស្រ្ត​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​ជាថ្មី​ទៀត​។​

ផ្សាយពាណិជ្ជកម្ម

ពី​ឃុំ​២​ធ្នូ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ​នៅ​ចំពោះ​មុខ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក ហេង​ សំរិន​ ដែល​អះអាងថា​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ​ឬហៅថា​ រណសិរ្ស​ ២​ធ្នូ ​ដែល​បច្ចុប្បន្ន​មាន​ឈ្មោះថា​ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​ មាតុ​ភូមិ​កម្ពុជា​ បាន​លើក​ឡើង​ថា ​ការ​កកើត​ឡើង​នៃ​ចលនា​នេះ​ គឺ​ដោយសារ​កម្លំាង​មហាសាមគ្គី​របស់​ប្រជាជន​ និង​ឥស្សរៈ​ជន​៣​រូប​ទៀត​ មាន​ លោក ​ហេង​ សំរិន​ លោក​ ជា​ ស៊ីម ​និង​ លោក​ ហ៊ុន​ សែន​ ។​

រណសិរ្ស​២​ធ្នូ​នេះ​បាន​កើត​ឡើង​មុន​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ដួល​រំលំ​ក្រោម​ការ​ជួយ​វាយ​ពីសំណាក់​កង​ទ័ព​វៀត​ណាម​នៅ​ថ្ងៃទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩​។​ សម្រាប់​ឆ្នាំនេះ ​ លោក ​ហេង ​សំរិន ​អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ត្រូវចង​ចាំ​ព្រឹត្តិការណ៍នេះ​ ដោយថា​ ២​ ធ្នូ​ ជា​កញ្ចក់ប្រវត្តិសាស្រ្ត​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​ជា​ថ្មី​ទៀត​។

លោក​ សំបូរ ​ម៉ាណារ៉ា​ សាស្ត្រាចារ្យ​ប្រវត្តិសាស្រ្ត ​បានឲ្យដឹងថា ​២​ធ្នូ​ជា​មូលដ្ឋាន​សម្រាប់​បញ្ជាក់​ពី​ការ​កកើត​នៃ​កង​កម្លាំង​ខ្មែរ​ដោយ​មានការ​ជ្រោម​ជ្រែង​ពី​កង​ទ័ព​វៀត​ណាម​ដើម្បី​វាយ​រំលំ​របប​ខ្មែរ​ក្រហម​។​

ទាក់​ទង​នឹង​កំណើត​២ធ្នូ​នេះ​ដែរ​ លោក​ ប៉ែន​ សុវណ្ណ ​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​ ពី​ចុង​ខែ​មិថុនា ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​១៩៨១​ នៅគ្រា​ដែល​កម្ពុជា ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម​នោះ ​លោក​ បាន​អះអាងថា ​លោក​គឺ​ជា​បិតា​ស្ថាបនិក​២​ធ្នូ ​និង​បិតា​៧មករា​។ ​ប៉ុន្តែ​លោក​ត្រូវ​បាន​វៀតណាម​ចាប់​យកទៅដាក់​គុក​នៅប្រទេស​វៀតណាម​អស់​រយៈ​ពេល​១០​ឆ្នាំ​ ដោយសារ​តែ​លោក​មិន​ធ្វើ​តាម​បញ្ជារបស់​វៀតណាម​។​

មក​ដល់​ចំណុច​នេះ ​លោក​ សំបូរ​ ម៉ាណារ៉ា ​សាស្ត្រាចារ្យ​ប្រវត្តិសាស្រ្ត ​បាន​អះអាងថា​ លោក ប៉ែន​ សុវណ្ណ ​មិន​មាន​ឈ្មោះជា​មេទ័ព​នៅ​ភូមិ​ភាគបូព៌ា ដែល​ចេញ​ចូល​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​តស៊ូ​នោះទេ​។ ​ប៉ុន្តែ​មូល​ហេតុ​ដែល ​លោក​ ប៉ែន​ សុវណ្ណ ​ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ក្រោយ​ថ្ងៃ​៧មករាឆ្នាំ​១៩៧៩​ លោក​​សំបូរ​ ម៉ាណារ៉ា​ ឲ្យ​ដឹងថា ​មក​ពី ​លោក ​ប៉ែន ​សុវណ្ណ ​ធ្លាប់​បាន​ទៅ​រៀន​សូត្រ​នៅប្រទេស​វៀតណាម​ ដែល​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​វៀតណាម​ទុក​ចិត្ត​ពី​ដំបូង​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ