អានតួអត្ថបទ
កម្ពុជា-នយោបាយ

មុន​ចូល​ឆ្នាំ​ខ្មែរ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បន្ត​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា ពី​ការ​ឃុំ​ក្នុង​ផ្ទះ​

អង្គការ Human Rights Watch។
អង្គការ Human Rights Watch។ @RFI

ជាង​មួយ​សប្តាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង ប្រធាន​អតីត​គណបក្ស​ប្រឆាំង លោក​ កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ពី​ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​។ ក្នុង​នោះ Human Rights Watch ក៏​ទាមទារ​ឲ្យ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់ ដែល​អង្គការ​នេះ​លើក​ឡើង​ថា «​ក្លែង​ក្លាយ​» ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ៤មេសា អង្គការ​សិទ្ធិមនុស្សអន្តរជាតិ បាន​លើកឡើង​ថា លោក​ កឹម សុខា ត្រូវបាន​ឃុំខ្លួន ដោយ​គ្មាន​សេរីភាព រយៈពេល ១៨ខែមក​ហើយ ដែល​ការ​ឃុំខ្លួន​នេះ ហួសរយៈពេលកំណត់​ក្នុងច្បាប់​ ខណៈតុលាការ​មិនបាន​កំណត់​ថ្ងៃជំនុំ​ជម្រះ ដើម្បីរក​មើល​ពិរុទ្ធភាព​របស់​លោក​នោះឡើយ។

នាយក​អង្គការ​ Human Rights Watch ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​លោក Brad Adams បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ថា អាជ្ញាធរកម្ពុជា បាន​ចាប់ឃុំខ្លួន​លោក​កឹម សុខា ជាង​មួយ​ឆ្នាំ​កន្លះ​ហើយ តាំងពីក្នុង​ពន្ធនាគារ រហូត​ដល់​ក្នុង​ផ្ទះ ដោយ​មិន​អនុញ្ញាត​ ឲ្យ​មានការ​ជួប​ជាមួយ​សហការី អ្នក​ការទូត និង​អ្នក​សារព័ត៌មាន​នោះឡើយ។ ប៉ុន្តែតុលាការ បាន​បើក​ការ​ស៊ើប​អង្កេតដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​​ការ​វិវឌ្ឍ​អ្វី​ទាំងអស់។ លោក Brad Adams ទាមទារឲ្យ​រដ្ឋាភិបាលលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែ​បញ្ឈប់​​​ជា​បន្ទាន់ ​នូវ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​បែប​នេះ និងត្រូវតែ​​ដោះលែង​លោក​ កឹម សុខា។

លោក Brad Adams បាន​បន្ត​ទៀតថា «លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ប្រើប្រាស់​កលល្បិច​មិន​ស្រប​គ្រប់បែបយ៉ាង ដើម្បីពង្រឹងការគ្រប់គ្រង​បែប​ផ្តាច់ការឯកបក្ស និង​កម្ចាត់​បក្ស​ប្រឆាំង ដែល​មាន​ឥទ្ធិពល​ជាងគេ»។ លោក Adams ក៏សំណូមពរឲ្យ ម្ចាស់​ជំនួយ និង​ដៃគូពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ត្រូវតែ​រួមគ្នា​ដាក់​សម្ពាធឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បីជា​ជំហាន​ឆ្ពោះទៅបញ្ឈប់​ការ​ធ្លាក់ចុះ​នៃវិស័យ​សិទ្ធិមនុស្សនៅកម្ពុជា។

សូម​រម្លឹកជូនថា លោក​ កឹម សុខា ត្រូវបាន​​អង្គរក្ស​ផ្ទាល់ខ្លួន​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួន ៨នាក់​ និង​មន្ត្រីប៉ូលីស​ ប្រមាណ ១០០នាក់ ចាប់ខ្លួន ពីក្នុងផ្ទះរបស់លោក នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី ៣ខែកញ្ញា ឆ្នាំ ២០១៧ ដោយ​តុលាការ​ចោទប្រកាន់​លោក ពីបទ «សន្និដ្ឋិភាពជាមួយ​បរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែល​ប្រឈមជាប់​ពន្ធនាគារ រយៈពេល ៣០ឆ្នាំ។

លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ អស់​រយៈ​ពេល ១២ខែ​និង​៦ថ្ងៃ មុន​ពេល​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ កាល​ពី​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​។ បើ​ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ​ក្តី ប៉ុន្តែ​លោក កឹម សុខា មិន​អាច​ចេញ​ពី​ក្នុង​ផ្ទះ និង​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ជាទូទៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ