អានតួអត្ថបទ
កម្ពុជា

ក្រសួង​​កសិកម្ម​​ចេញ​​អាជ្ញា​ប័ណ្ណ​​ឲ្យ​​ក្រុមហ៊ុន​​កែ​​ច្នៃ​​ឈើ​​ស្រប​​ពេល​​រដ្ឋាភិបាល​​កំពុង​​ទប់ស្កាត់​​បទ​ល្មើស​​ព្រៃ​ឈើ​

ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី​រង​ការ​កាប់​ផ្លាញ​។
ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី​រង​ការ​កាប់​ផ្លាញ​។ @NGO Forom

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក ​វេ​ង ​សាខុន ​បាន​ចុះ​ហត្ថលេខា​លើ​ប្រកាស​មួយ​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ​លីម ​រ៉ូយ៉ាល់ ​ជ័​ញ ​ស្តុក ​(​Lim​ Royal​ Joint ​Stock​) ​បង្កើត​រោង​ម៉ាស៊ីន​កែ​ច្នៃ​ឈើ ​និង​ផលិត​គ្រឿង​សង្ហារិម​ជា​បណ្តោះអាសន្ន​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។ ​វត្តមាន​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​ដូច្នេះ ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សំណាក់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​ពី​ការ​ត្រលប់​មក​ម្តង​ទៀត​នូវ​វិនាសកម្ម​ព្រៃឈើ​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ ដែល​មាន​ការ​យល់ព្រម​ពី​រដ្ឋបាល​ព្រៃឈើ ​និង​ចុងក្រោយ​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ​ក្រសួង​កសិកម្ម ​វេ​ង ​សាខុន ​កាល​ពី​ថ្ងៃ​ទី​០៩ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ​បញ្ជាក់​ថា ​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ​Lim​ Yoyal ​Joint ​Stock ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​កែច្នៃ​ឈើ ​ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​ជាច្រើន​។

ប្រការ​២ ​នៃ​ប្រកាស​នេះ ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​សំណង់​រោង​ម៉ាស៊ីន ​រៀបចំ​គំនូរ​ប្លង់​បច្ចេកទេស​ផលិតកម្ម​និង​អនុវត្តតាម​គោលការណ៍​បច្ចេកទេស ​និង​ច្បាប់​ស្តីពី​ព្រៃឈើ​។ ​ឈើ​ពាក់​កណ្តាល​សម្រេច​ដែល​ដឹក​ជញ្ជូន​ចូល​ក្នុង​បរិវេណ​រោង​ម៉ាស៊ីន​ ត្រូវ​មាន​លិខិត​អនុញ្ញាត​ចេញ​ដោយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​។ ​អនុញ្ញាត​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ចេញ ​ចូល​ត្រួត​ពិនិត្យ​សកម្មភាព​រោង​ម៉ាស៊ីន​ គ្រប់​ពេល​វេលា​។ ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​គ្រប់​បទ​ល្មើស​ដែល​កើត​មាន​ក្នុង​បរិវេណ​រោង​ម៉ាស៊ីន ​និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​។

លោក​ សេង សុខ​ហេង​ អ្នក​សម្របសម្រួល​បណ្តា​ញ​សហគមន៍​ព្រៃ​ឡង់ ​ប្រតិកម្ម​ថា​យោងទៅលើ​ស្ថានភាព​ព្រៃឈើ​កម្ពុជា​បច្ចុប្បន្ន ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​បិទ​ទាំង​ស្រុង​នូវ​ការ​កែច្នៃ​ឈើ​គ្រប់​ប្រភេទ​មួយ​រយៈ ​និង​មាន​យន្តការ​ត្រួត​ពិនិត្យ​ការ​កែ​ច្នៃ​ផលិតផល​ព្រៃឈើ​ឡើងវិញ​។ លោក​ថា​ ព្រៃឈើ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន ​ហើយ​មិន​មាន​ព្រៃឈើ​ណា​សេស​សល់​សម្រាប់​ធ្វើ​ការ​កែ​ច្នៃ​ទេ ​គឺ​មាន​តែ​ព្រៃ​ឈើ​ដែល​ស្ថិតនៅ​តំបន់​ការពារ ​ដែន​ជ​ម្រាក​សត្វព្រៃ និង​ដែន​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​។

រដ្ឋបាល​ព្រៃឈើ​ក្រសួង​កសិកម្ម ​រួមទាំង​អ្នក​នាំពាក្យ​ក្រសួង​នេះ​ផង​ដែរ ​បាន​បដិសេធ ​ការ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម ​លើ​ការ​ចេញ​អាជ្ញាប័ណ្ណ ​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​កែ​ច្នៃ​ឈើ ​និង​ផលិតផល​គ្រឿង​សង្ហារិម​នេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​អេង ហ៊ី ​អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​ទុកចិត្ត​ឲ្យ​ដឹកនាំ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ​លើកឡើង​ថា ​គណៈកម្មការ​នេះ​បង្ក្រាប​តែ​ករណី​ឈើ​ដែ​ល​លើ្ម​ស​ច្បាប់ ​តែ​ការពារ​ក្រុមហ៊ុន ​និង​សិប្បកម្ម​កែច្នៃ​ឈើ​ដែល​មាន​ច្បាប់​អនុញ្ញាត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ