អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​​ត្រូវ​​ការ​​ពង្រឹង​​ឥទ្ធិ​​ពល​​ស្ថាប័ន​​ព្រះ​​មហា​​ក្សត្រ​​!

សំឡេង ០៥:០៨
ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី (ស្តាំ) និង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង (ឆ្វេង)។
ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី (ស្តាំ) និង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង (ឆ្វេង)។ @rfi/siv channa

ជា​ថ្មី​ម្តង​ទៀត នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំ​ពុង​មាន​វិបត្តិ​ពិបាក​ដោះ​ស្រាយ គេ​នាំ​គ្នា​គិត​ដល់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​ពី​ព្រោះ​តែ​ស្ថាប័ន​នេះ​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​នយោ​បាយ​ដែល​កើត​ឡើង។ ព្រះ​មហា​ក្សត្រ​ត្រូវ​បាន​រដ្ឋ​ធម្ម​នុញ្ញ​ប្រគល់​តួ​នាទី​ជា​និមិត្ត​រូប​នៃ​ឯក​ភាព​ជាតិ ជា​អ្នក​ធានា​បូរណ​ភាព​ទឹក​ដី និង​ជា​អាជ្ញា​កណ្តាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ។ ប៉ុន្តែ ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​អាច​បំពេញ​តួ​នាទី​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព អ្នកនយោ​បាយ​គួរស្រុះ​ស្រួល​គ្នា​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​ឲ្យ​មាន​ឥទ្ធិ​ពល​ពិត​ប្រាកដ។

ផ្សាយពាណិជ្ជកម្ម

ដោយ​គិត​ត្រឹម​រយៈ​ពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយ ចាប់​តាំង​ពី​ព្រះ​រាជា​ណា​ចក្រ​ទី​២​បាន​ចាប់​កំណើត​ឡើង​វិញ ព្រះ​មហា​ក្សត្រ​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​ធំ​ៗ​ជា​ច្រើន។ ជា​ទូ​ទៅ នៅ​ពេល​ដែល​អ្នក​នយោ​បាយ​ទ័ល​តម្រិះ ពួក​គេ​តែង​ងាក​ទៅ​រក​ព្រះមហា​ក្សត្រ​ឲ្យ​ជួយ។ នៅ​ពេល​ដែល​ប្រជា​រាស្ត្រ​ជួប​គ្រោះ​អាសន្ន ពួក​គេ​ក៏​តែង​តែ​ដង្ហោយ​ហៅរក​អន្ត​រាគមន៍​ពី​ព្រះ​មហា​ក្សត្រ​ដែរ។

 
មាន​ទិដ្ឋ​ភាព​សំខាន់​ពីរ​ដែល​ព្រះ​មហាក្សត្រ​ស័ក្តិសម​នឹង​ទទួល​បាន​ព្រះ​រាជ​តួ​នា​ទី​ជា​អាជ្ញា​កណ្តាល​ដើម្បី​ធានា​ឯកភាព​ជាតិ។ ទី១ គឺ​ទិដ្ឋ​ភាព​ខាង​ចិត្ត​សាស្ត្រ៖ ជា​ទូទៅ​មហា​ក្សត្រ​ជា​បុគ្គល​ដែល​ទទួល​បាន​ការ​គោរព​យ៉ាង​ខ្លាំង​ពី​ប្រជា​រាស្ត្រ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន មិន​ថា​រាស្ត្រ​សាមញ្ញ អ្នកនយោ​បាយ រហូត​ដល់​ព្រះ​សង្ឃ​ទៀត​ផង។ ទី២ គឺ​ទិដ្ឋ​ភាព​ផ្លូវ​ច្បាប់៖ រដ្ឋ​ធម្មនុញ្ញ​មាត្រា​៨ និង​មាត្រា​៩ បាន​ផ្តល់​ព្រះ​រាជ​តួ​នាទី​ដ៏​ខ្ពង់​ខ្ពស់​ដល់​ព្រះ​មហា​ក្សត្រ​ក្នុង​នាម​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ និង​និ​រន្តរភាព​ជាតិ។ ព្រះ​អង្គ​ក៏​ជា​អ្នក​ធានា​ឯករាជ​ជាតិ អធិប​តេយ្យ និង​បូរណ​ភាព​ទឹកដី​ផង​ដែរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពល​រដ្ឋ​ខ្មែរ​ចាត់​ទុក​មហា​ក្សត្រ​ជា​ម្លប់​និង​ជា​ក្តីសង្ឃឹម​ក្នុង​ការ​ស្រាយ​បញ្ហា​ជាតិ​សំខាន់​ៗ ដូច​ជា​ពេល​មាន​វិបត្តិ​នយោ​បាយ​កើត​ឡើង​ធ្ងន់​ធ្ងរ​ដូច​ពេល​នេះ​ជា​ដើម។ គឺ​ដោយ​សារ​ក្តី​សង្ឃឹម​បែប​នេះ​ហើយ​បាន​ជា​មជ្ឈដ្ឋាន​ជា​ច្រើន​តែង​គិត​ដល់​ព្រះ​មហាក្សត្រ​និង​ប្រាថ្នា​ចង់​ឲ្យ​ព្រះអង្គ​ធ្វើ​ព្រះ​រាជ​អន្ត​រាគមន៍​ដើម្បី​សម្រប​សម្រួល​ឲ្យ​គណ​បក្ស​ជាប់​ឆ្នោត​ទាំងពីរ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី។

ម្យ៉ាង​ទៀត ស្ថាប័ន​ព្រះ​មហា​ក្សត្រ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​តួនាទី​សំខាន់​ដើម្បី​ទប់​អ្នកនយោ​បាយ​មិន​ឲ្យ​ងាក​ទៅ​ពឹង​បរទេស​នៅ​ពេល​មាន​ជម្លោះ​ក្តៅ​គគុក​ជា​មួយ​គ្នា​ផង​ដែរ​ពី​ព្រោះ​ពួក​គេ​មាន​ព្រះ​មហា​ក្សត្រ​ជា​ទី​ពឹង​សម្រាប់​អន្ត​រាគមន៍​ដោះ​ស្រាយ​បញ្ហា។ ប៉ុន្តែ ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​អាច​បំពេញ​ព្រះ​រាជ​តួនាទី​នេះ​ឲ្យ​បាន​ពេញ​លេញ ទាល់​តែ​ព្រះអង្គ​ទទួល​បាន​ការ​គោរព និង​ផ្តល់​តម្លៃ​ពិតប្រាកដ​ពី​អ្នកនយោបាយ។

បច្ចុប្បន្ន អ្នក​នយោបាយ​ហាក់​មិន​ទាន់​មាន​ឆន្ទៈ​ក្នុងការ​ផ្តល់«អំណាច»​ពិត​ប្រាកដ​ដល់​ព្រះ​មហាក្សត្រ​នៅ​ឡើយ។ ឥទ្ធិពល​របស់​ព្រះ​រាជ​វាំង​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​កេងចំណេញ​នយោ​បាយ​ច្រើន​ជាង​ការ​ផ្តល់​តម្លៃ​ពិត​ប្រាកដ​ដល់​ស្ថាប័ន​នេះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។

សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ ដើម្បី​ពង្រឹង​ស្ថាប័ន​ព្រះ​មហាក្សត្រ ជា​បឋម គេ​ត្រូវ​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯក​រាជ​ភាព​ពិត​ប្រាកដ​និង​ស្ថិត​នៅ​ពី​លើ​បក្ស​នយោ​បាយ​ទាំង​អស់​ដែល​អនុញ្ញាត​ឲ្យ​ព្រះ​មហាក្សត្រ​បំពេញ​ព្រះ​រាជ​តួនាទី​ពេញ​លេញ​តាម​រដ្ឋ​ធម្មនុញ្ញ។ តួ​នាទី​ដ៏​សំ​ខាន់​មួយទៀត​របស់​ព្រះ​មហាក្សត្រ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ត្រា​២៣ និង​២៤ គឺ ព្រះ​អង្គ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​អធិបតី​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​។ ក្នុងន័យនេះ ព្រះមហាក្សត្រ​គឺជា​អ្នក​ត្រួត​កងទ័ព​ទៀតផង។ តួនាទី​នេះ​សំខាន់​ណាស់​ដើម្បី​ការធានា​ឲ្យ​មាន​ស្ថិរភាព​នៃ​អំណាច​រដ្ឋ​ជាពិសេស​នៅពេលដែល​អ្នកនយោបាយ​ឈ្លោះ​គ្នា​បែកផ្សែងម្តង។

ប្រសិនបើ​អ្នកនយោបាយ​ស្រុះស្រួល​គ្នា​ប្រគល់​ព្រះរាជតួនាទី​តាមផ្លូវ​ច្បាប់​ក៏ដូចជា​ផ្លូវចិត្ត​ដល់​ព្រះមហាក្សត្រ​ពិតប្រាកដ​នោះ ព្រះអង្គ​ពិតជា​អាចធ្វើ​ឲ្យ​ព្រះរាជវាំង​មាន​ឥទ្ធិពល​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ដោយ​គ្មាន​ឧបសគ្គ។ ពេលនោះ ស្ថាប័ន​ព្រះមហាក្សត្រ​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​និរន្តរភាព​ជាតិ​និង​ឯកភាព​ជាតិ។ នេះ​ជា​ហេតុផល​ដែល​បញ្ជាក់ថា​ការពង្រឹង​ស្ថាប័ន​ព្រះមហាក្សត្រ​មាន​សារសំខាន់​ណាស់​សម្រាប់​ឆាកនយោបាយ​កម្ពុជា។ សំខាន់​ទី១ គឺ​ដើម្បី​រក្សា​និរន្តរភាព​និង​តម្លៃ​នៃ​របបរាជានិយម​នៅ​កម្ពុជា​ឲ្យ​ដូច​ប្រ​ទេស​រាជានិយម​ផ្សេងទៀត​ដែល​ព្រះរាជវាំង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង។ ទី២ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះមហាក្សត្រ​មាន​តួនាទី​និង​ឥទ្ធិពល​នៅក្នុង​សង្គម​ពិតប្រាកដ​ដោយ​មិនមែន​គ្រាន់តែ​ជា​និមិត្តរូប​នៃ​រាជានិយម​នោះឡើយ។

ពិត​ហើយ​ថា អស់ពី​ព្រះ​បរម​រតៈ​កោដ្ឋ សម្តេច​ឳ នរោត្តម សីហនុ ទៅ ស្ថាប័ន​ព្រះមហាក្សត្រ ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​ចុះខ្សោយ​ថែមទៀត​ពីព្រោះ​តែ​តួអង្គ​ក្សត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​បាន​លាចាក​លោក​នេះ​ទៅហើយ។ នេះ​ក៏​ជា​ហេតុផល​មួយទៀត​ដែល​បញ្ជាក់ថា​កម្ពុជា​ពិតជា​ត្រូវ​ការពង្រឹង​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ចាំបាច់​ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា​ប្រទេស​នេះ​ពិតជា​កាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក្នុង​បរិបទ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​យ៉ាងពិត​ប្រាកដ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ