អានតួអត្ថបទ
កម្ពុជា-នេប៉ាល់

កម្ពុជា-នេប៉ាល់​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្តោត​លើ​ពាណិជ្ជកម្ម

ពិធីចុះ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា ​និង​នេប៉ាល់ កា​លពីថ្ងៃទី១៣ ខែឧសភា
ពិធីចុះ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា ​និង​នេប៉ាល់ កា​លពីថ្ងៃទី១៣ ខែឧសភា Facebook

ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់ កាល​ពីថ្ងៃទី១៣ ខែ​ឧសភា កម្ពុជា និង​នេប៉ាល់ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ឯកសារ​ចំនួន​២ ដែល​ផ្តោត​លើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ កិច្ច​ព្រម​ព្រៀង​ ផ្តោត​លើ​វិស័យ​ពាណិជ្ជកម្ម ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​មិន​ដល់​កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ​។

ផ្សាយពាណិជ្ជកម្ម

ឯកសារ​ទាំង​ពីរ​នោះ​រួម​មានៈ ក្រប​ខណ្ឌ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម និង​វិនិយោគ, និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភា​ពាណិជ្ជ​កម្ម​នេប៉ាល់ និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​។ ការ​ចុះហត្ថ​លេខា​លើ​ឯកសារទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​នាយករដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ​ជា​អធិបតី​ភាព។ នេះ​បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង លោក ខេ ភី សាម៉ា អូលី នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់ កាល​ពីថ្ងៃ​ទី១៣ ខែ​ឧសភា នៅ​ឯវិមាន​សន្តិភាព​ក្រុង​ភ្នំពេញ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់ កាល​ពីថ្ងៃទី​១៣ ខែ​ឧសភា បញ្ជាក់​ថា​កម្ពុជា និង​នេប៉ាល់ គួរ​តែ​ខិត​ខំជំរុញ សេដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​។ និង​បាន​ស្នើ​ឲ្យ​បង្កើន​ល្បឿន​ថែម​ទៀត​ធ្វើ​យ៉ាង​ណា​ត្រូវ​កំណត់​ទិស​ដៅ​ក្នុង​ការ​ជំរុញ​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ផ្នែក​ទាំង​អស់ ដែល​ជា​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​នេប៉ាល់ ខេ ភី សាម៉ា អូលី បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​៣ថ្ងៃ ចាប់​ពីថ្ងៃទី​១៣ ដល់​ថ្ងៃទី១៥ ខែ​ឧសភា។ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពង្រឹង​ឲ្យ​កាន់​តែ​រឹង​មាំថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព និង​លើក​តម្កើង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​។

ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៦៤ ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ដាក់​អគ្គរដ្ឋ​ទូត​នៅ​ក្នុង​ប្រទេស​រៀង​ខ្លួន​នៅ​ឡើយ​ទេ។ លោក​ហ៊ុន សែន សង្ឃឹម​ថា កម្ពុជា និង​នេប៉ាល់​នឹង​ដាក់​ឲ្យ​មាន​អគ្គរដ្ឋ​ទូត​ក្នុង​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​កំណើន​សេដ្ឋកិច្ច​ដល់​កម្រិត​មួយ។​

សួម​ជម្រាប​ជូន​ថា​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​នេប៉ាល់ ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ គិត​ចាប់​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៧ មាន​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍​ស្ថិតិ​ពាណិជ្ជកម្ម​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ​២០១៧​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ក្រៅ​ពី​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជំរុញ​អោយ​មាន​ការអនុវត្ត​ន៍​នូវ​កិច្ច​សហប្រតិបត្តិការ​គ្នា​លើ​វិស័យ​វប្បធម៌​ឲ្យ​កាន់តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​ស្រប​ទៅ​តាម​អនុស្សារណៈ​ដែលបាន​ចុះហត្ថលេខា​កាល​ពី​ពេល​កន្លងទៅ ​។​ ដោយ ឡែក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​វិញ​លោកហ៊ុន សែន បាន​គូស​បញ្ជាក់ ថា​ថ្វីត្បិតតែ​កម្ពុជា-នេប៉ាល់​មិន​ទាន់​មាន​នៅ​ឡើយ ប៉ុន្តែ​អាចធ្វើ​យ៉ាងណា​ឲ្យ​មាននៅ​ពេលអនាគត​ជាពិសេស​ក្នុងការ​ផ្លាស់ប្ដូរ​បញ្ញវន្ត ​និង​និស្សិតរវាង​ប្រទេស​ទាំងពីរ។

លោក​ហ៊ុន សែន បន្ត​ថា​ការ​តភ្ជាប់​វិស័យ​អាកាសចរណ៍​គឺ​មាន​សារៈសំខាន់​ជា​ពិសេស​ផ្ដោត​ទៅ​​លើ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ជា​ការ​ឆ្លើយ​តប​លោកនាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​បាន​បញ្ជាក់​ថា​អ្វី​ដែល​លោក​ចង់​ឃើញ​គឺ​ការ​ហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំង​ពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ