អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាល​បង្ហាញ​ពី​វិធាន​ការ​ទប់​ស្កាត់​តម្លៃ​ស្រូវ​អង្ករ

រូបថតៈតំណាងកសិករ​ប្រមូល​ផល​ស្រូវ​
រូបថតៈតំណាងកសិករ​ប្រមូល​ផល​ស្រូវ​ RFI/ Siv Channa

បន្ទាប់​ពី​តម្លៃ​ស្រូវ អង្ករ​កម្ពុជា​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ កញ្ញា ឆ្នាំ​២០១៦ មក​ថ្មីៗ​នេះ​ភាគី​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​ផែនការ​មួយ​ចំនួន​ដើម្បី​ស្រោច​ស្រង់តម្លៃ​ស្រូវ អង្ករ​កម្ពុជា​ឲ្យ​បាន​ទាន់​ពេល​វេលា។ វិធានការ​ទាំង​នោះ​គឺ​ផ្ដោត​សំខាន់​ទៅលើក​ការ​ជំរុញ​ការ​ប្រមូល​ទិញ​ស្រូវ និង សម្ងួត​ស្រូវ​ទុក​នា​រដូវ​ប្រមូល​ផល។ តែ​សម្រាប់អ្នក​ជំនាញ​បាន​បន្ថែម​យោបល់​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​តម្លៃ​ប្រកួតប្រជែង​ថ្លៃ​ដើម​និង​ការ​រក​ទីផ្សារ​សម្រាប់​នាំ​ចេញ​រយៈ​ពេល​វែង។

ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ចេញ​នូវ​ផែន​ការ​ថ្មី​ដើម្បី​លើក​ស្ទួយ​តម្លៃ​ស្រូវ អង្គរ​កម្ពុជា​ឲ្យ​បាន​ទាន់​ពេល​វេលានេះ​រួម​មាន ការ​បន្ត​លុប​បំបាត់​កុង​ត្រូល​ជជុះ​និង​ការ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ។ ការ​សម្របសម្រួល​ជាមួយ​សមាគម​ធនាគាររិក និង​សមាគម​មីក្រូហិរញ្ញវត្ថុ ដើម្បី​បញ្ចុះ​អត្រា​ការប្រាក់​បន្ថែម​ទៀត និង​ផ្តល់ភាព អនុគ្រោះ​ដល់​កសិករ​ពេល​ជួប​លំបាក​ផ្សេងៗ។ ការ​សម្រួល​សម្រួល​ជាមួយ ប្រទេស​ជិត​ខាង​ឲ្យ​បន្ត​ទិញ​កសិផល​ពី​កម្ពុជា និង​ខិត​ខំបើក​ទីផ្សារ​ជាមួយ​ប្រទេស​ដទៃ​ទៀត ក្រៅ​ពី​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម ដែល​មាន​នាពេល​បច្ចុប្បន្ន។

បន្ថែម​ពី​លើ​នេះ​ទៀត​គឺ​ជំរុញ​ការ​ប្រើប្រាស់​កម្មវិធី​ពិសេស របស់​រាជ​រដ្ឋាភិបាល ដែលមាន​ទឹក​ប្រាក់​ចំនួន​២៧​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ជំរុញ​ការ ប្រមូល​ទិញ​ស្រូវ និង​ការនាំ​ចេញ។ ក៏​មាន​ដែរ​ការ ជំរុញ​គម្រោង​វិនិយោគ​ពិសេស​របស់​រាជរដ្ឋាភិបាល​ក្នុង​ទំហំប្រមាណ ១៥​លាន​ដុល្លារ សំដៅ​បង្កើន​សមត្ថភាព​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក។

សូមបញ្ជាក់ថា វិធានការ​ដាក់​ចេញ​ការ​ទប់​ស្កាត់​តម្លៃ​ស្រូវ​អង្ករ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹក​នាំ​ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ។

តែ​សម្រាប់​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​យោបល់​ថា ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​ការ​ប្រកួត​ប្រជែង​តម្លៃ​ថ្លៃ​ដើម។ តម្លៃ​ថ្លៃ​ដើម​ដែល​អង្ករកម្ពុជា​សម្រេច​បាន​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ថៃ​និង​វៀតណាម​សម្រាប់​ការ​នាំ​ចេញ។ម្យ៉ាង​ទៀត​ទី​ផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​រយៈ​ពេល​ខ្លី ដែល​ផ្ទុយ​ពី​ប្រទេស​ជិតខាង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​នាំ​ចេញ​ក្នុង​រយៈ​ពេល​យូរ។

គួររម្លឹកថា កម្ពុជា​ក្នុង​ឆ្នាំ២០១៦​បាន​ជួប​ប្រទះ​វិបត្តិ​នៃ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​មិន​ធ្លាប់​មានដោយ​មូល​ហេតុ​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា កសិករ​ផលិត​លើស​ការ​រំពឹង​ទុក។ កាលណោះ​ក៏​មាន​ដែរ​បាតុកម្ម​ចាក់​ស្រូវ​ចោល​នៅ​ខេត្ត​បាត់ដំបង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​ជា​បន្ទាន់។ ហើយ​រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​២៧​លានដុល្លារ​ដោះ​ស្រាយ​លើ​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ