អានតួអត្ថបទ
កម្ពុជា

លោក ស ខេង៖ និន្នាការ​កើន​ឡើង​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ជា​សញ្ញា​មិន​ល្អ​

​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ
​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ @សហការី

និន្នាការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​សញ្ញា​មិន​ល្អ ហើយ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​ចូល​រួម​ជួយ​គ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ នេះ​បើ​តាម​លោក លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អះអាង​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា​នេះ ខណៈ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​១០ ខែ​ឆ្នាំ២០១៩​នេះ មាន​ការ​កើន​ឡើង​២៨​ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន​។

ផ្សាយពាណិជ្ជកម្ម

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​អះអាង​នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា​នេះ ថា​ និន្នាការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​សញ្ញា​មិន​ល្អ ហើយ​លោក​ក៏​ទទួល​ស្គាល់ ប្រសិន​បើ​មាន​ការ​រិះគន់​ថា​ចំណាត់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​រដ្ឋាភិបាល​បរាជ័យ​។

ប៉ុន្តែ​លោក ស ខេង ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជួយ​គ្នា​ជា​មតិយោបល់ និង​គំនិត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​សារ​តែ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ជា​បញ្ហា​រួមទាំង​អស់​គ្នា។​ ការ​អះអាង​របស់​លោក​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក លើក​ទី១៤​ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​។

យោង​តាម​របាយ​ការណ៍​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្នុង​រយៈ​ពេល​១០ ខែ​ឆ្នាំ​២០១៩​នេះ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ៣ ៤៥៣លើក កើន​ឡើង​៧៦១​លើក ឬ​ប្រមាណ​២៨ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ឆ្នាំ​២០១៨​។ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន ១​ ៦៦៥នាក់ កើន​ឡើង ១៥១នាក់ និង​ចំនួន​អ្នក​របួស​មាន​៥ ២១២​នាក់ កើន​ឡើង​១ ៣០៦​នាក់ ឬ​៣៣ភាគ​រយ ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​។ ក្នុង​របាយ​ការណ៍​ដដែល ឲ្យ​ដឹង​ថា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​កើន​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ, ខេត្ត​ព្រះសីហនុ, កណ្តាល, និង​ខេត្ត​កំពង់ស្ពឺ។

លោក គង់ រតនៈ ប្រធាន​ នៃ​វិទ្យា​ស្ថានជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​អះអាង​ថា ការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ដោយ​សារ​តែ​កំណើន​យានយន្ត តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ទិញ​យាន​យន្ត​ជា​ដើម​។ លោក​បន្ត​ថា មូល​ហេតុ​មួយ​ទៀត​គឺ​បណ្តាល​មក​ពី​ឥរិយាបទ​របស់​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​យានយន្ត​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​។

បើតាម​លោក គង់ រតនៈ ការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ក៏​ជា​មូល​ហេតុ​មួយ​ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្សាយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជា​ដើម​។

លោក​បន្ត​ថា​សកម្មភាព​ទប់​ស្កាត់​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​មិន​ទាន់​បាន​ពេញលេញ និង​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ ហើយ​ម្យ៉ាង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ