អានតួអត្ថបទ
កម្ពុជា-អាមេរិក

លោក ហ៊ុន សែន៖ កម្ពុជា-អា​មេរិក បន្ត​នូវ​ទំនាក់ទំនង​ល្អ​ដែល​មិន​ធ្លាប់​មាន​ពី​មុនម​ក​

លោក W.Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ​និង​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​
លោក W.Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ​និង​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ Facebook

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃទី២៥ ខែ​តុលា បាន​ប្រាប់​ឲ្យ​មន្ត្រី​នៃ​រដ្ឋាភិបាល​របស់​លោក ខិត​ខំ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជា​មួយ​អាមេរិក​បន្ថែម​ទៀត ខណៈ​លោក​លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា និង​អាមេរិក​មិន​មែន​ជាប់​ផ្តើម​ពី​ចំណុច​សូន្យ​នោះ​ទេ គឺ​ជា​ការ​បន្ត​នូវ​ទំនាក់​ទំនង​ល្អ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​របស់​លោក ហ៊ុន សែន គឺ​ក្រោយ​ពេល​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​អាមេរិក​បាន​ចូល​កាន់ដំណែង​ជា​ផ្លូវ​ការ​។

ផ្សាយពាណិជ្ជកម្ម

រាជ​រដ្ឋាភិបាល​កម្ពុជា ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក W.Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ជាក់​ពីជំហរ​របស់​អាមេរិក​ក្នុង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា និង​មិន​គាំទ្រ​ការ​ផ្លាស់ប្តូរ​របប​ឬ​រដ្ឋាភិបាល​តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សារ ឬ​តាម​រូបភាព​ផ្សេង​ក្រៅ​ពី​តាម​បែប​ប្រជាធិប​តេយ្យ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា ម្សិលមិញ​។

លោក ហ៊ុន សែន អះអាង​ថា ទំនាក់​ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មិន​មែន​ចាប់​ផ្ដើម​ពី​ចំណុច​សូន្យ​នោះ​ទេ គឺ​ជា​ការ​បន្តនូវ​ទំនាក់ទំនង​ល្អ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ព្រមៗ​គ្នា​ក្នុង​ការ​ខិតខំ​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ល្អ​ជា​មួយ​សហរដ្ឋ​អាមេរិក មាន​ជាអាទិ៍ ការ​សហការ​រៀបចំ​ទិវា​ខួប​លើកទី​៧០​នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-អាមេរិក, ការ​ជួបជុំ​អតីត​និស្សិត​ធ្លាប់​រៀន​នៅ​អាមេរិក ក៏​ដូច​ជា​បេសកកម្ម​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា ជា​ដើម​។

សូម​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ដោយ​ផ្ទាល់​របស់​ខ្លួន​ជា​លើក​ដំបូង​ជា​មួយ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ ទី២៩ ខែ​មិថុនា ឆ្នាំ​១៩៥០​។

លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ថា​ស្ថានភាព​ទំនាក់​ទំនង​កម្ពុជា និង​អាមេរិក​នា​ពេល​នេះ ដោយ​សារ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង និង​ប្រហែល​ភាគី​ទាំង​ពីរ​មាន​ឆន្ទៈ​ក្នុង​ការ​ជជែក​គ្នា​ឡើង​វិញ​ ក្នុង​ការ​កសាង​ទំនាក់​ទំនង​ល្អ​ណា​មួយ​។

ប៉ុន្តែ​លោក​បញ្ជាក់​ថា ទំនាក់ទំនង​ល្អ​ឬ​មិន​ល្អ​រវាង កម្ពុជា និង​អាមេរិក គឺ​អាស្រ័យ​លើ​ដំណើរ​ការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​នេះ គឺ​ជា​ប្រធាន​បទ​មួយ​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក ត្រូវ​បាន​មើល​ឃើញ​ថា​មិន​សូវ​ល្អ​ប្រសើរ​នោះទេ​នា​រយៈពេល​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​បាន​វិវឌ្ឍន៍​មក​រក​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ពេល​លោក​ W.Patrick Murphy បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩​។ ជា​មួយ​គ្នា​នោះ ពី​ខាង​សភា​អាមេរិក​ក៏​បាន​លើក​ឡើង​ថា ​កម្ពុជា​ អាច​នឹង​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ជា​ថវិកា​ប្រមាណ​ ១១៣​លាន​ដុល្លារ​ក្នុង​​ឆ្នាំ​២០​២០​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ គោរព​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ​និង​​មិន​ឲ្យ​យោធាចិន​​ឈរ​ជើង​​លើ​ទឹក​​ដី​កម្ពុជា​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ