អានតួអត្ថបទ
កម្ពជា-កសិកម្ម

តម្លៃកៅស៊ូនៅកម្ពុជាក្នុងឆ្នាំ២០១៦ ចាប់ផ្តើមហក់ឡើងខ្ពស់

រូបភាពៈកសិករ​ខ្មែរ​កំពុង​ប្រមូល​ជ័រ​កៅ​ស៊ូ
រូបភាពៈកសិករ​ខ្មែរ​កំពុង​ប្រមូល​ជ័រ​កៅ​ស៊ូ

តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​កំពុង​ហក់​ឡើង​ថ្លៃ  បន្ទាប់​ពី​តម្លៃ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក។ ក្នុង​នោះ​តម្លៃ​កៅស៊ូ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​១៣0០ដុល្លារ​ក្នុង​មួយ​តោនខណៈ​តម្លៃ​ទិញ​បន្ត​ពី​កសិករ​មាន​តម្លៃ​ប្រមាណ​ជា​៨០០​ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ លោក​ ម៉ុង ឬទ្ធី សហប្រធាន​ក្រុម​ការងារ​កសិកម្ម និង កសិ​ឧស្សាហកម្ម​ផ្នែក ឯកជន បញ្ជាក់​ថា តម្លៃ​លក់​ចេញ ១៣០០ ដុល្លារ ក្នុង​មួយ​តោន នេះ​ ​គឺ​នៅ​តែ​ពិបាក​ស្វែង​រក​ទីផ្សារ។ <!--break-->

ផ្សាយពាណិជ្ជកម្ម

តម្លៃ​កៅស៊ូ​បាន​ឡើង​ថ្លៃ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក​ម្ល៉េះ។ លោក ហ៊ឹម អូន មន្ត្រី​ជំនាញ​នៃ​អគ្គ​នាយកដ្ឋាន​កៅស៊ូ​របស់​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​តម្លៃ​កៅស៊ូ​ឡើង​ថ្លៃ៖ទី១-ដោយ​សារការ​ផ្គត់ផ្គង់​កៅស៊ូ​នៅ​មាន​កម្រិត​ទាប តែ​តម្រូវការ​កៅស៊ូ​មាន​ច្រើន។ ទី២-ដោយ​សារ​ទិន្នផល​នៃប​ណ្ដាប្រទេស​ផលិត​កៅស៊ូ​ដល់​រដូវ​ឈប់​សម្រាក ទើប​ទិន្នផល​ទាប​នាំ​ឲ្យ​កម្ពុជា​ត្រូវ​ប៉ាន់។ ទី៣-ដោយ​សារសេដ្ឋកិច្ច​ប្រទេស​នៅ​លើ​ពិភពលោក​ដូច​ជា ចិន អាមេរិក​និង​អឺរ៉ុប​ជាដើម បាន​ងើប​ឡើង​វិញ ដែល​នាំឲ្យ​ការ​ប្រើប្រាស់​ផលិតផល​កៅស៊ូ​មាន​ការ​កើន​ឡើង​ដែរ​។

បើ​តាម លោក ហ៊ឹម អូន តម្លៃ​កៅស៊ូ​លក់ចេញ នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​តម្លៃ ប្រមាណ​ជា ១៣០០ ដុល្លារ ក្នុង​មួយ​តោន ខណៈ​តម្លៃ​ទិញ​បន្ត​ពី​កសិករ មាន​តម្លៃ​ប្រមាណ​ជា​ ៨០០ ដុល្លារ (ជ័រសើម)​ក្នុងមួយ​តោន។

ដោយ​ឡែក លោក ម៉ុង ឬទ្ធី សហ​ប្រធាន​ក្រុម​ការងារ​កសិកម្ម និង កសិ​ឧស្សាហកម្ម ផ្នែក​ឯកជន ទទួលស្គាល់​ថា តម្លៃ​កៅស៊ូ​ពិត​ជា​ហក់​ឡើង​មែន ប៉ុន្តែ​តម្លៃ​នេះ​នៅ​តែ​មិន​ទាន់​ហក់​ខ្លាំង​នោះ​ទេ។ លោក បន្ថែម​ទៀត​ថា តម្លៃ​លក់​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ វិញ មាន​តម្លៃ​ប្រមាណ​ជា ១៧០០ ដុល្លារ ដោយ​រួម​បញ្ចូល​ទាំង ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​បង់​ពន្ធ បង់​ថ្លៃ​សេវា​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា នៅ​មុន​ឆ្នាំ​២០១៦​គឺ​តម្លៃ​កៅស៊ូ មាន​ការ​ធ្លាក់​ចុះ​ដោយ​ក្នុង​មួយ​តោន​លក់​បាន​តម្លៃ​៧០០ដុល្លារ​ជា​តម្លៃ​ទិញ​បន្ត​ពី​កសិករ ហើយ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​តម្លៃ​១​ពាន់​៥០​ដុល្លារ​ក្នុង​មួយ​តោន។

ខណៈ​កៅស៊ូ​កំពុង​ឡើង​ថ្លៃ​នេះ​ក្រសួង​កសិកម្ម​ក៏​បាន​ធ្វើ​ការ​ពន្យល់​ទៅ​កសិករ​ឲ្យ​យល់​ពី​តម្លៃ​កៅស៊ូ​ទាំងនៅ​ក្នុង​ស្រុក​និង​ទីផ្សារ​អន្តរជាតិ​កុំ​ឲ្យ​ចាញ់​បោក​ឈ្មួញ​កណ្ដាល​បោក​ប្រាស់​តម្លៃ។ ​តែ​យ៉ាងណា​ក៏ដោយក្រសួង​កសិកម្ម​មិន​ហ៊ាន​សន្និដ្ឋាន​ថា តម្លៃ​កៅស៊ូ​នឹង​នៅ​ថេរ​ឬ​យ៉ាង​ទៀត​ទេ​ពីព្រោះ​តម្លៃ​កៅស៊ូ​នេះ​ប្រែប្រួល​ទៅ​តាម​តម្លៃ​ទីផ្សារ​សកល ។

ផ្ទៃ​ដីដាំ​កៅស៊ូ​នៅ​កម្ពុជា​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក្នុង​នោះ​ឆ្នាំ២០១៥​ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជាមាន​ចំនួន​៣៨​ម៉ឺន​៧​ពាន់​៨​រយ​ហិកតា។ ហើយ​នៅ​ឆ្នាំ​២០១៦​នេះ​តម្លៃ​កៅស៊ូ​ហក់​ឡើង​ខ្ពស់​ប៉ុន្តែ​ទិន្នផល​កៅស៊ូ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ព្រោះ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​រដូវប្រាំង​បន្ត​អូស​បន្លាយ។

សូម​បញ្ជាក់​ថា តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដែល​ធ្វើ​ឲ្យម្ចាស់​ចម្ការ​កៅស៊ូ​តូច​ៗ​នៅ​ក្នុង​ប្រទេសកម្ពុជា​បាន​បិទ ហើយ​បច្ចុប្បន្ន​នេះ គឺ​នៅ​សល់​តែ​ចំការ​កៅស៊ូ កសិ​ឧស្សាកម្មធំ​ៗ​តែ​ប៉ុណ្ណោះ។ ហើយ​នៅ​ថ្ងៃ​ទី០៤ ខែមិនាឆ្នាំ២០១៦ រាជ​រាដ្ឋាភិបាល​កម្ពុជា បាន​ចេញអុនក្រិត្យ​មួយ​ស្តី​ពី​ការ​កែ​សម្រួល​អត្រា​អាករ​នាំ​ចេញ​លើ​មុខ​ទំនិញ កៅស៊ូ​ដើម្បី​អភិវឌ្ឍ​ឧស្សហកម្ម​ រដ្ឋាភិបាល​សង្ឃឹម​ថា អាច​នឹង​ជួយ​ឲ្យ​តម្លៃ​កៅស៊ូ​ប្រសើរ​ឡើង​វិញ៕

អត្ថបទដោយ៖ សរ ពិសី

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ