អានតួអត្ថបទ
កម្ពុជា-ចិន

និស្សិត​ខ្មែរ​២៣នាក់​នៅ​ក្នុង​ទីក្រុង​វូហាន​ត្រៀម​មក​កម្ពុជា បន្ទាប់​ពី​កូរ៉ួណាវីរុស​សម្លាប់​មនុស្ស៥៦នាក់​

លោក ប៉ែន បារាំង​ កំពុងសំងំនៅក្នុងផ្ទះដើម្បីការពារកូរូណាវីរុស
លោក ប៉ែន បារាំង​ កំពុងសំងំនៅក្នុងផ្ទះដើម្បីការពារកូរូណាវីរុស @ ប៉ែន បារាំង

ប្រឈម​នឹង​ការ​រីករាត​ត្បាត​មេរោគ​កូរ៉ូណាវីរុស លោក ប៉ែន បារាំង និស្សិត​ខ្មែរ​នៅ​ទី​ក្រុងវូហាន និងនិស្សិត​ខ្មែរ​ឯទៀត​សរុប​ចំនួន២៣នាក់ ត្រៀម​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​វិញ​ក្នុង​ពេល​ដ៏​ឆាប់។ ការ​ត្រៀមខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ​របស់​និស្សិត​ខ្មែរ បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​ថ្មី នៅ​ប្រទេស​ចិន​បានកើន​ឡើង​បាន​៥៦នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ដល់​១៩៧៥ករណី។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ពី​ទី​ក្រុង​វូហាន លោក ប៉ែន បារាំង បាន​អះ​អាង​ថា គម្រោង​​ត្រឡប់​មក​ផ្ទះ​វិញ​របស់​ពួក​គេ​គឺ​មាន​ការ​ជ្រោមជ្រែង​ពី​ប្រមុខរដ្ឋាភិបាល​លោក ហ៊ុន សែន និង​ស្ថានទូត​ខ្មែរប្រចាំ​នៅ​ទី​ក្រុង​ប៉េកាំង។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក​បារាំង​នៅ​មិន​ទាន់​ដឹង​ទេ​ថា លោក​ធ្វើ​ដំណើរមក​ប្រទេសកម្ពុជា​ដោយ​របៀបណា​ បន្ទាប់ពី​ជើង​ហោះ​ហើរ​ពី​ទីក្រុង​ហ្វូហាន​មក​កម្ពុជា​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន ។ ខណៈ​ដែល​អ្នក​ផ្ទះ​កំពុង​តែ​ព្រួយ​បារម្ភ លោក​បារាំង​អំពាវ​នាវ​ឲ្យ​ស្ថាប័ន​ជួយ​ពន្លឿន​នីតិវិធី​ដើម្បី​បញ្ជូន​លោក ​និង​អ្នក​ដទៃ​មក​កម្ពុជា​ឲ្យ​បាន​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បន្ទាប់​ពី​មក​ដល់​កម្ពុជា​លោក​ស្នើ​ឲ្យ​ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​ទុក​ពួក​គេមួយ​ឡែក​ដើម្បី​ត្រួត​ពិនិត្យ​រក​វីរុសកូរ៉ូណា​ជា​មុន​សិន។

លោក ប៉ែន បារាំង បាន​អះអាង​ថា ក្រៅ​ពី​កម្ពុជា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​និស្សិត​កំពុង​សិក្សានៅ​វូហាន ក៏​ត្រៀម​ទទួល​យក​និស្សិត​របស់​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ។ សម្រាប់លោក​បារាំង អំឡុង​ពេល​ប្រឈម​ជាមួយ​នឹង​ការ​រីករាតត្បាត​មេរោគកូរ៉ូណាវីរុស មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំនៅ​ទី​ក្រុង​ប៉េកាំង​បាន​ទូរសព្ទ​មក​សួរ​សុខ​ទុក្ខ និង​ប្រាប់​ពី​របៀប​ការពារ​ខ្លួន។ របៀប​ការពារ​ខ្លួន​ដែលលោក​បារាំង កំពុង​តែ​អនុវត្ត​រាល់​ថ្ងៃ​គឺពាក់​អាវធំ​និង​ម៉ាស់​បិទ​ច្រមុះ ហើយ​និស្សិត ស្ថិត​នៅ​តែ​ក្នុង​បន្ទប់​រៀងៗ​ខ្លួន ព្រម​ទាំង​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជារៀង​រាល់​ថ្ងៃ អំពី​ស្ថានភាព​សុខភាព​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង អះអាង​ថា ក្រសួង​ការបរទេស​តែង​តែ​ត្រៀម​លក្ខណៈ​ជានិច្ច​ក្នុង​ការ​ជួយ​ដល់​និស្សិត​ក៏​ដូច​ជា​ពលរដ្ឋខ្មែរ​ទូទៅ​ដែល​កំពុង​រស់​នៅ​ប្រទេស​ចិន។

ដំណាល​គ្នានេះ​ដែរ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បន្តធានា​ថា មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូរ៉ូណាវីរុស​នៅ​ឡើយ​ទេ គិត​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ បន្ថែម​លើ​នេះ អ្នក​នាំ​ពាក្យក្រសួង​សុខាភិបាល​កម្ពុជា លោកលី សុវណ្ណ បាន​បញ្ជាក់ថា កម្ពុជា​គ្រាន់​តែ​មាន​ការ​សង្ស័យ​លើ​ជន​ជាតិចិន និង​ជនជាតិ​ខ្មែរ​មួយ​ចំនួន ហើយ​នាំ​យក​ទៅ​ពិនិត្យ​ ប៉ុន្តែ​មិនទាន់​មាន​ឆ្លង​មេរោគរលាកផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស នៅ​ឡើយ​ទេ។

បើ​ទោះ​ជា​កម្ពុជា​មិន​ទាន់​មាន​ជំងឺ​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​ការ​ការពារ​ខ្លួន ដូច​ជា​ត្រូវ​ពាក់​ម៉ាស់ លាង​ដៃ​នឹង​សាប៊ូ​ជា​ប្រចាំ និង​មិន​ត្រូវ​បរិភោគ​សាច់​សត្វឆៅ​ជា​ដើម។ ហើយ​ប្រសិន​បើ​មាន​ករណី​សង្ស័យ​ណា​មួយ ពលរដ្ឋ​អាច​ទូរស័ព្ទ​សាក​សួរ​ព័ត៌មាន​ទៅ​កាន់លេខ ១១៥ ដោយ​មិន​គិត​ថ្លៃ ជា​រៀង​រាល់​ម៉ោង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ