អានតួអត្ថបទ
កម្ពុជា

​តុលាការ​បើក​សវនាការ​លើ​មនុស្ស​១៦នាក់ ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​បូម​ខ្សាច់​ខុស​ច្បាប់

រដ្ឋលេខាធិការ​ ក្រសួងរ៉ែ ​និង​ថាមពល ​លោក ​ឌិត ទីណា​​ (រូបទី២ រាប់ពីខាងស្តាំ) ​កំពុង​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ ក្នុង​​កិច្ច​ប្រជុំ​ពិភាក្សា​ ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​និង​ការ​ផ្គត់​ផ្គង់​តម្រូវការ​ខ្សាច់​ រវាង​អាជីវករ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួងរ៉ែនិងថ​
រដ្ឋលេខាធិការ​ ក្រសួងរ៉ែ ​និង​ថាមពល ​លោក ​ឌិត ទីណា​​ (រូបទី២ រាប់ពីខាងស្តាំ) ​កំពុង​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ ក្នុង​​កិច្ច​ប្រជុំ​ពិភាក្សា​ ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​និង​ការ​ផ្គត់​ផ្គង់​តម្រូវការ​ខ្សាច់​ រវាង​អាជីវករ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួងរ៉ែនិងថ​ RFI/ Siv Channa

មនុស្ស​ចំនួន​១៦​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​បូម​ខ្សាច់​ខុស​ច្បាប់​ ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​សៅរ៍​នេះ។​ បើ​តាម​ក្រសួង​រ៉ែ ​និង​ថាមពល ​មនុស្ស​ចំនួន​១៦​នាក់​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំ​ពេញ ​និង​នៅ​ខេត្ត​កណ្ដាល។​ គួរ​ជម្រាប​ជូន​ថា ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ព្រមាន​ដល់​ម្ចាស់​អាជីវ​កម្ម​ខ្សាច់​ថា​ ពួក​គេ​អាច​ប្រឈម​នឹង​វិធានា​ការ​ច្បាប់​ ប្រសិន​បើ​នៅ​តែ​បន្ត​បូម​ខ្សាច់​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​។ ​

ផ្សាយពាណិជ្ជកម្ម

តុលាការ​បើក​សវនាកា​រលើ​មនុស្ស១៦នាក់ ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​បូម​ខ្សាច់​ខុស​ច្បាប់ ​នៅ​ថ្ងៃ​សៅរ៍​ ទី៤ខែ​មេសា​នេះ។ ​នេះ​បើ​តាម​លោក​ឌិត ទីណា ​រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល ដែល​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ​បើ​តាម​លោក​ ឌិត ទីណា​ ក្នុង​ចំណោម​មនុស្ស​ទាំង​១៦​នាក់​នោះ ​១០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ ​ចំណែក​៦​នាក់​ផ្សេង​ទៀត ​ត្រូវ​គ្រោង​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្ត​កណ្ដាល ​ឲ្យ​ទាន់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ។

សូម​រំលឹក​ជូន​ថា ​កាល​ពី​ថ្ងៃទី១​ និង​ថ្ងៃទី​២កន្លង​ទៅ ​ក្រសួង​រ៉ែ​និង​ថាមពល ​សហការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ បាន​ចាប់​សា​ឡង់​បូម​ខ្សាច់​ខុស​ច្បាប់​ចំនួន៦​ និង​មនុស្ស​ចំនួន​១៦​នាក់។ ​ក្នុងចំណោម​សា​ឡង់​ដែល​ចាប់​បាន​ទាំង​៦នោះ ​មាន​១នៅ​ត្រង់​ចំណុច​វាល​ស្បូវ ​២​នៅ​ចន្លោះ​កោះ​ពេជ្រ​និង​អរិយ​ក្សត្រ ​២​នៅ​ឃុំ​ព្រែក​តា​មាក់ ​ស្រុក​ខ្សាច់​កណ្ដាល ​និង​១ទៀត​នៅ​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ​ខេត្តកណ្ដាល។

យុទ្ធនា​ការ​បង្ក្រាប​សា​ឡង់​បូម​ខ្សាច់​ខុស​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​ និង​ក្រសួង​មាន​សមត្ថ​កិច្ច​នាពេល​នេះ ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​រៀបចំ​ជំនួប​បិទ​ទ្វារ​ជា​មួយ​ម្ចាស់​អាជីវ​កម្ម​ខ្សាច់​ចំនួន​២០​ នៅ​សណ្ឋាគារ​សាន់​វ៉េ ​កាល​ពី​ថ្ងៃ​ពុធ​ ទី១ខែមេសា​កន្លង​ទៅ។ ​នៅ​ក្នុង​ជំនួប​នោះ​ ក្រសួង​រ៉ែ​និង​ថាមពល​ក៏​បាន​ព្រមាន​ទៅ​ដល់​ម្ចាស់​អាជីវ​កម្ម​ខ្សាច់​ផង​ដែរ​ថា ​ពួក​គេ​អាច​ប្រឈម​នឹង​វិធា​នា​ការ​ច្បាប់​ ប្រសិនបើ​នៅ​តែ​បន្ត​បូម​ខ្សាច់​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល ​លោក ​ឌិត ​ទីណា ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ទៀតថា ​ចាប់​ពី​ពេល​នេះ​តទៅ ​ការ​ល្បាត​និង​ចុះបង្ក្រាប​សា​ឡង់​បូម​ខ្សាច់​ខុស​ច្បាប់​ នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។​ ទន្ទឹមគ្នា​នេះ ​លោក​រដ្ឋលេខាធិការ​ ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ ​ឲ្យ​ចូល​រួម​រាយការណ៍​ពីបទ​ល្មើស​បូម​ខ្សាច់​នានា ​នៅ​ខេត្ត​កណ្ដាល ​និង​រាជធានី​ភ្នំពេញ​ផងដែរ។ ​ការរាយការណ៍​អាច​ធ្វើ​បាន​តាម​រយៈ​លេខ​ទូរ​សព្ទ៣ខ្ទង់ ​គឺ៧២៧​ ឬ​តាម​កម្មវិធី ​WhatsApp តាមរយៈ​លេខ​ទូរ​សព្ទ ០៩៥ ៧២៧ ៧២៧៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ