អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការអភិវឌ្ឍន៍​​ជនបទ​​ជាគន្លឹះ​​ដោះស្រាយ​​បញ្ហា​​ចំណាក​ស្រុក​​

សំឡេង ០៤:៥៣
អ្នកចំណាក​ស្រុក​ពី​ជនបទ​មក​រស់នៅ​យ៉ាង​វេទនា​នៅ​តាម​ជាយទីក្រុង
អ្នកចំណាក​ស្រុក​ពី​ជនបទ​មក​រស់នៅ​យ៉ាង​វេទនា​នៅ​តាម​ជាយទីក្រុង © ស៊ីវ​ ចាន់ណា

ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ប្រជាជន​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស និង​ចេញទៅ​ក្រៅប្រទេស​បាន​កើន​ឡើងជា​លំដាប់។ នេះ​បើ​យោងតាម​របាយការណ៍​សិក្សា​របស់​ក្រសួងផែនការ សហការ​ជាមួយ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​ប្រទេស​កម្ពុជាដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ។ លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ចលនា​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាននិងកំពុង​បន្ត​កើនឡើង​កាន់តែខ្លាំង​ដោយ​គ្មាន​ថមថយ​ឡើយ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

 

ចំណាកស្រុក​មិនមែនជា​បញ្ហា​ថ្មី​ទេ​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​នៅពេលដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍ ចលនា​ចំណាកស្រុក​ដែល​គួរតែ​បាន​ថមថយ តែ​បែរជា​កើនឡើង​កាន់តែ​ខ្លាំងឡើងៗ​ទៅវិញ។
របាយការណ៍​សិក្សា​រប​ស់​ក្រសួង​ផែនការ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​បង្ហាញថា ​ចំនួន​ប្រជាជន​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ ជាពិសេស​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​២ឬ៣ឆ្នាំ​ចុង​ក្រោយនេះ។​ ៥០ ភាគរយ​នៃ​ប្រជាជន​ជនបទ​កម្ពុជា​ដែល​ចាក​ចេញពី​ស្រុកភូមិ​បាននាំគ្នា​ចូលទៅ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។ និន្នាការ​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ចំណូល​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ​មាន​រហូតដល់ ៤០ ភាគរយ ពោលគឺ​អ្នក​ទាំងនោះ​ទើបតែ​បាន​ចូលមក​រស់នៅក្នុង​រាជធានី​ក្នុង​រយៈពេល​មិន​លើសពី៥ឆ្នាំ​ឡើយ។​ គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ​បច្ចុប្បន្ននេះ ក្នុងចំណោម​ប្រជាជន​កម្ពុជា១០នាក់​មាន១នាក់​រស់នៅក្នុង​រាជធានី​ភ្នំពេញ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ម្យ៉ាងទៀត​នោះ​គឺ ភាគច្រើន​នៃ​ជន​ចំណាកស្រុក​គឺជា​មនុស្ស​វ័យក្មេង​ដែលមាន​អាយុ​ចន្លោះ​ពី១៥ទៅ២៩ឆ្នាំ។ ​នៅពេលដែល​មនុស្ស​ពេញកម្លាំង​ចាកចេញ​អស់ពី​ភូមិ ប្រាកដ​ណាស់​ថា នេះ​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អត្រា​មនុស្ស​ចាស់​នៅក្នុង​ភូមិ​ជនបទ​កាន់​តែមាន​កម្រិត​ខ្ពស់។ ​មនុស្ស​ចាស់​ទាំងនោះ ក្រៅពី​នៅចាំ​ផ្ទះសម្បែង ពួកគាត់​មិនអាច​ធ្វើ​អ្វី​បាន​ធំដុំ​ក្រៅពី​មើលថែទាំ​ចៅតូចៗ​នោះឡើយ។ ​ខណៈដែល​ក្នុង​ស្រុកភូមិ​មានតែ​មនុស្ស​ចាស់ជរា ​និង​កុមារតូចៗ​ គេ​អាច​យល់បាន​អំពី​ភាព​សោះកក្រោះ​យ៉ាងណា​នៃ​ទីជនបទ​កម្ពុជា។

ជាការ​ពិតណាស់ ​ភាព​សោះកក្រោះ​នៃ​តំបន់​ជនបទ​គឺជា​មូលហេតុ​នៃ​ចំណាកស្រុក។ ​ប៉ុន្តែ ការធ្វើ​ចំណាកស្រុក​របស់​មនុស្ស​កម្លាំង​នឹងធ្វើ​ឲ្យ​តំបន់​ជនបទ​កាន់​តែមាន​សភាព​សោះកក្រោះ​ឡើង​ថែមទៀត។ នេះ​គឺជា​វាល​វដ្ត​សង្សារ​ដែល​គេ​ត្រូវ​រក​ទីបញ្ចប់​ឲ្យ​ឃើញ​ពីព្រោះ​ការបន្ត​ឲ្យ​ស្ថានភាព​នេះ​ស្ថិតនៅ​គ្មាន​ទីបញ្ចប់ ​កម្ពុជា​ពិតជា​មិនអាច​ចាកចេញ​ពី​ភាពក្រីក្រ​បានឡើយ។​ ជាទូទៅ អ្នកធ្វើ​ចំណាកស្រុក​គឺ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ទោះជា​នៅក្នុង​ស្រុក​ក្តី និង​នៅក្រៅ​ប្រទេស​ក្តី។ មូលហេតុ​គឺ​ដោយសារតែ​នៅក្នុង​ភូមិ​ស្រុក​របស់ខ្លួន​គ្មាន​ការងារ គ្មាន​ប្រភព​ចំណូល​គ្រប់គ្រាន់ និង​គ្មាន​សកម្មភាព​សេដ្ឋកិច្ច​អ្វី​ទាំងអស់។

ចលនា​ចំណាកស្រុក បើទោះបី​ជាមាន​ផល​ល្អខ្លះៗដែរ​ដូចជា បាន​នាំ​ចំណូល​មក​ចិញ្ចឹម​គ្រួសារ និង​អាច​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយចំនួន​ក៏ដោយចុះ ក៏ប៉ុន្តែ វា​ក៏បាន​បង្កបញ្ហា​ច្រើនយ៉ាង​ណាស់ដែរ​សម្រាប់​សង្គម។​ កុមារតូចៗខ្វះ​ការថែទាំ និង​ការអប់រំ បញ្ហាដីធ្លី ការបាត់​សិទ្ធិ​បោះឆ្នោត និង​ការលំបាក​ក្នុងការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល សុទ្ធសឹង​តែមាន​ចំណែក​មកពី​ចលនា​ចំណាកស្រុក។ នេះ​នៅ​មិនទាន់​រាប់​បញ្ហា​រាប់រយ​ជំពូក​ដែល​កើតឡើង​ពី​ចំណាកស្រុក​គ្មាន​សុវត្ថិភាព​ចេញទៅ​ក្រៅប្រទេស​ផង​នោះទេ។ ​ដូច្នេះ និន្នាការ​កើនឡើង​នៃ​ចលនា​ចំណាកស្រុក​ដូចដែល​បានបង្ហាញ​នៅក្នុង​របាយការណ៍​ខាងលើ​គឺជា​សញ្ញា​មិនល្អ​ឡើយ​សម្រាប់​សង្គម​កម្ពុជា​ដែល​តែ​ត្រូវ​យកចិត្ត​ទុកដាក់។

ដំណោះស្រាយ​សំខាន់​និង​បន្ទាន់​បំផុត​សម្រាប់​បញ្ឈប់​ចលនា​ចំណាកស្រុក គឺ​ការធ្វើ​ឲ្យ​តំបន់​ជនបទ​កម្ពុ​ជាមាន​សក​ម្ម​ភាពរស់រវើក​ឡើង​វិញ ពោលគឺ​ការអភិវឌ្ឍន៍​ត្រូវតែ​បាញ់​ឆ្ពោះទៅរក​តំបន់​ជនបទ។ ​សេចក្តីត្រូវការ​បឋម​បំផុត​សម្រាប់​ពលរដ្ឋ​ជនបទ​គឺ​ទឹក​និង​ដីស្រែ​សម្រាប់​បង្កបង្កើនផល។​នៅពេលដែល​តំបន់​ជនបទ​មាន​ព័ណ៌​បៃតង​គ្រប់​រដូវ​កាល និង​នៅពេលដែល​កសិករ​មាន​ដីស្រែ​គ្រប់គ្រាន់ ​ពួកគេ​នឹងមិន​ចាំបាច់​ចាកចេញ​ទៅរក​ការងារ​ឆ្ងាយ​ពី​ផ្ទះ​ទៀតឡើយ។

ក្រៅពីនោះ ជនបទ​កម្ពុជា​ក៏​ត្រូវមាន​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងទៀត​ដែរ​ដូចជា​សិប្បកម្ម​ខ្នាតតូច ​រហូតដល់​រោងចក្រ​សហគ្រាស​នានា​ផងដែរ ពីព្រោះ​នេះ​គឺជា​មធ្យោបាយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កសិករ​អាច​រកចំណូលបាន​គ្រប់គ្រាន់​នៅក្នុង​ភូមិ​ស្រុក​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជា​វិធី​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ​ផងដែរ។​ នេះ​ជា​គន្លឹះ​តែមួយគត់​សម្រាប់​ដោះស្រាយ​បញ្ហា​ចំណាកស្រុក​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ