អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គន្លឹះ​នៃ​ជោគជ័យ ក្នុង​ការ​អភិវឌ្ឍ​សេវា​កម្ម​រថយន្ត​ក្រុង នៅ​ភ្នំពេញ​

សំឡេង ០៤:២៣
រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។
រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។ @RFI

ក្រោយ​ពី​បាន​ធ្វើការ​សាកល្បង​រថយន្តក្រុង អស់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា និង​សាលា​ក្រុង​ភ្នំពេញ ទើប​នឹង​បាន​សម្រេច​​បង្កើត​រដ្ឋាករ​ស្វយ័ត ដើម្បី​​ធ្វើ​ការ​វិនិយោគ និង​គ្រប់គ្រង​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក៏​ប៉ុន្តែ នៅ​ពេលនេះ វា​ហាក់​ដូចជា នៅ​ឆាប់​ពេក ដើម្បី​អាច​ដឹង​ច្បាស់​ថា តើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រថយន្ត​ក្រុង​នេះ​អាច នឹង​ទទួល​ជោគជ័យ​បាន​ប៉ុណ្ណា។

ផ្សាយពាណិជ្ជកម្ម

ការបង្កើតសេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្តក្រុង ក៏ដូចជា ការ​បង្កើត​សេវាកម្ម​នៃ​មុខ​ជំនួញ​ផ្សេងទៀត​ដែរ គេ​ចាំបាច់​ត្រូវ​ចោទ​សួរ​នូវ​សំណួរ​ជា​យុទ្ធសាស្រ្ត​មួយ​នេះ​ថា តើ​មាន​លក្ខណៈ​ពិសេស​​អ្វី​បាន​ជា​អ្នកដំណើរ​សម្រេចជ្រើសរើស​ការ​ធ្វើ​ដំណើរតាម​រថយន្តក្រុង ហើយ​មិនប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន ឬ​មធ្យោបាយ​ធ្វើ​ដំណើរផ្សេងទៀត ដូចជា តាក់ស៊ី រ៉ឺម៉ក ឬ​ម៉ូតូឌុប ជាដើម? មូលហេតុ​ដែល​គេ​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង គឺ​ដោយសារ​តែ​វា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ ដែល​អាច​ឲ្យ​គេ​ផ្លាស់ទី​នៅ​ក្នុង​ក្រុង​បាន ដោយ​ចំណាយ​លុយ​​តិចជាង ចំណាយ​ពេល​តិច​ជាង និង​មាន​សុវត្ថិភាព​ជាង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ទៀត។

 
ដូច្នេះ ដើម្បី​ឲ្យ​សេវាកម្ម​រថយន្តក្រុង​នៅ​ភ្នំពេញ​អាច​ទទួល​ជោគជ័យ គេ​ចាំបាច់​ត្រូវ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទាំងប៉ុន្មាន​ខាងលើ​នេះ។

ចំពោះ​រឿង​លុយ​កាក់ និង​សុវត្ថិភាព បញ្ហា​ហាក់ដូចជា​មិន​ចោទ​ឡើង​ខ្លាំង​ប៉ុន្មានទេ ពីព្រោះ​គ្រប់គ្នា​ប្រាកដ​ជា​អាច​យល់​បាន​ថា ការ​ធ្វើ​ដំណើរ​តាមរថយន្តក្រុង​​​មាន​សុវត្ថិភាព​ជាង​ការ​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក តាម​ម៉ូតូឌុប ឬ​ម៉ូតូ​ផ្ទាល់​ខ្លួន។ ចំណែក​ឯថ្លៃ​ធ្វើ​ដំណើរវិញ ១៥០០រៀល​ សម្រាប់​​ការ​ធ្វើ​ដំណើរ​ម្តង ក៏​ជា​តម្លៃ​មួយ​ទាប​ដែរ បើ​ប្រៀបធៀប​ទៅនឹង​​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងទៀត ជាពិសេស បើ​ធៀប​នឹង​ការ​ធ្វើ​ដំណើរ​តាម​ឡាន ឬ​ម៉ូតូ​ផ្ទាល់​ខ្លួន ដែល​គេ​ចាំបាច់​ត្រូវ​ចំណាយ​លុយ​ទាំង​ទៅលើ​ការ​​ទិញ​ឡាន ឬ​ម៉ូតូ ទាំង​ទៅលើ​ថ្លៃ​សាំង និង​​​​ទៅលើ​ការ​ថែទាំ​ជួសជុល។

អ្វី​ដែល​អាច​ចោទ​ជា​បញ្ហា គឺ​ទាក់ទង​នឹង​ការ​កំណត់​ផ្លូវ​ដែល​រថយន្តក្រុង​ត្រូវ​រត់ និង​ការ​កំណត់​ចំណត​ដែល​ត្រូវ​ឈប់។ ដើម្បី​ឲ្យ​ប្រព័ន្ធ​រថយន្តក្រុង​អាច​គ្របដណ្តប់​​ទៅលើ​ផ្ទៃដី​ធំទូលាយ ផ្លូវ​រត់​ត្រូវ​មាន​ច្រើន​ខ្សែ ដែល​ឆ្លងកាត់​តាម​ទីតាំង​សំខាន់ៗ ជាពិសេស សាលារៀន ការិយាល័យ​ធ្វើការ រោងចក្រ ផ្សារ ឬ​មណ្ឌល​ពាណិជ្ជកម្ម​ធំៗ ជាដើម។ ម្យ៉ាងទៀត ខ្សែរថយន្តក្រុង​នីមួយៗ​ ​ត្រូវ​មាន​ចំណុច​ប្រសព្វគ្នា​ច្រើន ដើម្បី​ឲ្យ​អ្នក​ដំណើរ​​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ពី​ខ្សែ​មួយ ទៅខ្សែមួយទៀត។

ចម្ងាយ​រវាង​ចំណត​មួយ ទៅ​ចំណត​មួយ ក៏​ជា​ចំណុច​គន្លឹះមួយ​ដែរ។ ប្រសិន​បើ​ចំណត​ស្ថិត​នៅ​ជិត​គ្នា​ពេក រថយន្តក្រុង​នឹង​ត្រូវ​ឈប់ញឹកញាប់ ដែល​នាំ​ឲ្យ​រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ត្រូវ​កើនឡើង។ ផ្ទុយទៅវិញ ប្រសិនបើ​ចំណត​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ពេក អ្នក​ដំណើរ​នឹង​ត្រូវ​ដើរ​ឆ្ងាយ​ ដែល​ជា​​​ចំណុច​អវិជ្ជមាន​ដ៏​ធំមួយ។

តាមបទដ្ឋាន​ដែល​គេ​ទទួល​យក​ជាទូទៅ នៅ​ក្នុង​​ទីក្រុង​ធំៗ​នៅ​ប្រទេស​បារាំង ចំណត​រថយន្ត​ក្រុង​​មួយ​អាច​គ្របដណ្តប់​លើ​ផ្ទៃដីក្នុងរង្វង់​តែពី ៤០០ម៉ែត្រ ទៅ​៥០០ម៉ែត្រ​ប៉ុណ្ណោះ ដោយ​គេ​សន្មត់​ថា អ្នក​ដែលមានទីតាំង​នៅ​ក្រៅ​រង្វង់​នេះ​នឹង​មិន​ប្រើ​ចំណត​​​រថយន្តក្រុង​នេះទេ។ ដូច្នេះ​ហើយ​បាន​ជា​ នៅ​ក្នុង​ទីក្រុង​ប៉ារីស ចំណតរថយន្តក្រុង​មាន​ចម្ងាយពីគ្នា​យ៉ាងច្រើន​បំផុត ​ពី​៨០០ម៉ែត្រ ទៅ​១០០០​ម៉ែត្រ​។

បញ្ហា​ចោទ​ធំមួយ​ទៀត សម្រាប់​ប្រព័ន្ធ​រថយន្តក្រុង​នៅ​ភ្នំពេញ គឺ​ការ​ស្ទះចរាចរណ៍។ តាម​ការ​ពិត​ គោលដៅ​ចម្បងមួយ​នៃ​ការ​បង្កើត​សេវាកម្ម​រថយន្តក្រុង គឺ​កាត់បន្ថយ​ការ​ស្ទះចរាចរណ៍។ ក៏ប៉ុន្តែ ដើម្បី​អាច​សម្រេច​ទៅដល់​គោលដៅ​នេះ​បាន លុះត្រា​តែ​​គេ​អាច​ទាក់ទាញ​​​អ្នកដំណើរ​មួយ​ផ្នែកធំ​ឲ្យ​ឈប់​​ប្រើ​ប្រាស់​យានយន្ត​ផ្ទាល់​ខ្លួន ហើយ​នាំគ្នា​ជិះ​រថយន្តក្រុង។ ដើម្បី​ទាក់​ទាញ​​ឲ្យ​គេនាំគ្នា​ប្តូរ​ពី​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់​ខ្លួន​ ​មក​ជិះ​រថយន្តក្រុង ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ត្រូវ​តែ​ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​​​អាច​ចំណេញ​ពេល​ជាង​ការ​ប្រើប្រាស់​យានយន្ត​​ផ្ទាល់ខ្លួន។ បញ្ហា​នឹង​ត្រូវ​ចោទឡើង ​​បើសិន​ជារថយន្តក្រុង​ត្រូវ​ជាប់​ក្នុងការ​ស្ទះ​ចរាចរណ៍​​ដូច​យានយន្ត​ដទៃទៀត​ដែរ ជាពិសេស ករណី​ដែល​រថយន្តក្រុង​ត្រូវ​រត់នៅលើ​ផ្លូវ​ជាមួយ​នឹង​យានយន្ត​ដទៃ​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​តាម​ទីក្រុង​ធំៗ​មាន​សេវាកម្ម​រថយន្តក្រុង​ល្អ ដូចជា នៅ​ទីក្រុង​ប៉ារីស​ ជាដើម គេ​ច្រើន​បង្កើត​ផ្លូវ​ពិសេស សម្រាប់​ទុក​ឲ្យ​តែ​រថយន្ត​ក្រុង​បើក។ ដូច្នេះ អ្នក​ដែល​ប្រើ​យានយន្ត​ផ្ទាល់​ខ្លួន​អាច​នឹង​ត្រូវ​​ជាប់​ក្នុង​ការ​ស្ទះ​ចរាចរណ៍​ ចំណែក​អ្នក​ជិះ​រថយន្តក្រុង​ត្រូវ​រួច​ផុត​ពី​ការ​កកស្ទះ ហើយ​អាច​ធ្វើ​ដំណើរ​បាន​លឿន​ជាង។

បញ្ហា​ចោទ​ចុងក្រោយ (ហើយ​​អាច​ជា​បញ្ហា​ធំ​ជាងគេ) គឺនៅត្រង់ថា ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​​ តិចឬ​ច្រើន ចាំបាច់​ត្រូវ​តែ​មាន​​ចំណែក​ផ្លូវ​ណាមួយ ដែល​ត្រូវ​ដើរ ពីព្រោះ​ថា រថយន្តក្រុង​ត្រូវ​ឈប់​នៅ​ត្រង់​ចំណត​ មិនអាច​ឈប់​​ទៅតាម​ចិត្ត​ចង់​របស់​អ្នក​ដំណើរ​នីមួយៗ​បាន​នោះ​ទេ​​។ ​ជាទូទៅ គេ​សង្កេតឃើញ​ថា អ្នក​ក្រុង​ភ្នំពេញ​មិនសូវ​ជាមាន​ទម្លាប់​​ដើរនោះទេ។ ការណ៍​ដែល​​គេ​មិន​សូវ​ចូលចិត្ត​ដើរ គឺ​អាច​បណ្តាល​មក​ពី​អាកាស​ធាតុ​ក្តៅ ក៏ប៉ុន្តែ សំខាន់​បំផុត គឺ​មិនសូវ​មាន​កន្លែង​ដើរ ពីព្រោះ ចិញ្ចើមថ្នល់ ដែល​ធម្មតា​ត្រូវ​ទុក​ឲ្យ​អ្នក​ថ្មើរជើង ភាគច្រើន​បែរជា​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​កន្លែង​លក់​ដូរ ឬ​ចត​ឡាន​ម៉ូតូ​ទៅវិញ ដែល​​អ្នក​ថ្មើរ​ជើង​មិន​អាច​ដើរ​កាត់បាន ហើយ​​ត្រូវ​ដើរ​នៅលើ​ផ្លូវ​ថ្នល់ ដែល​ជា​រឿងដ៏​​គ្រោះថ្នាក់​​មួយ។

ដូច្នេះ ការ​រៀបចំ​ចិញ្ចើម​ថ្នល់​ឲ្យ​បាន​សមរម្យ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែរ ដើម្បី​ឲ្យ​សេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្តក្រុង​អាច​ទទួល​ជោគជ័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ