អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរ​បញ្ឈប់​ការ​ចុះ​ផ្សាយ​រូបភាព​ហិង្សា​កាច​សាហាវ​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​

សំឡេង ០៤:៥០
ទិដ្ឋភាពចរាចរណ៍នៅរាជធានីភ្នំពេញ
ទិដ្ឋភាពចរាចរណ៍នៅរាជធានីភ្នំពេញ RFI/Siv Channa

ជា​រៀង​រាល់​ថ្ងៃ រូបភាព​សាកសព ឬ​រូបភាព​ដែល​បង្ហាញ​នូវ​អំពើ​ហិង្សា​កាច​សាហាវ ត្រូវ​បាន​សារព័ត៌មាន​ទាំង​កាសែត និង​ទូរទស្សន៍​ផ្សព្វផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​។ ជនដែល​​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ម្ដង​រួច​ហើយ ត្រូវ​រង​គ្រោះ​ម្ដង​ទៀត ដោយ​សារ​បណ្ដាញ​ផ្សព្វផ្សាយ​យក​រូបភាព​ខ្លួនទៅ​ធ្វើ​អត្ថាធិប្បាយ​​បញ្ចេញ​បញ្ចូល រហូត​ដល់​ពេល​ខ្លះ​ អាច​​ប្រាសចាក​ពី​ការ​ពិត​។ សកម្មភាព​អស់​ទាំង​នេះ សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់អំពី​កម្សោយ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅស្រុក​ខ្មែរ ដែល​ចាំ​បាច់​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​។

ផ្សាយពាណិជ្ជកម្ម

ជា​រៀង​រាល់​ថ្ងៃ ប្រជាពលរដ្ឋ​កម្ពុជាភាគ​ច្រើន ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​ខ្លួន​ដោយ​ការ​សេព​ព័ត៌មាន​នៅ​តាម​កញ្ចក់ទូរទស្សន៍ និង​កាសែត។ ប៉ុស្តិ៍​ទូរទស្សន៍ និង​កាសែត​ស្ទើរ​តែ​ទាំងអស់ ដែល​និយម​ផ្សាយ​តែ​រូបភាព​សាកសព​ និង​រូបភាព​ហិង្សា​សាហាវ​ៗ​ ដោយ​គ្មាន​ការ​បិទ​បាំង​អត្តសញ្ញាណ​អ្នក​ពាក់ព័ន្ធ​សោះ​ឡើយ​។

ព័ត៌មាន​ខ្លះ បង្ហាញ​ពី​សកម្មភាព​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​មាន​សាកសព​ជន​រង​គ្រោះ ដេក​ត្រាំ​នៅ​ក្នុង​ថ្លុក​ឈាម​។ ខ្លះ​ទៀត​ហ៊ាន​រហូត​ដល់​ទៅ​បង្ហាញ​មុខ​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ផ្លូវភេទ​​ថែម​ទៀត​។ ជន​ដែល​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​អាក្រក់​រួច​ទៅ​ហើយ ត្រូវ​រង​គ្រោះជា​ថ្មី​ម្ដង​ទៀត ដោយ​សារ​តែ​បណ្ដាញ​ផ្សព្វផ្សាយ​យក​រូបភាព​ខ្លួនទៅ​ធ្វើ​អត្ថាធិប្បាយ​​បញ្ចេញ​បញ្ចូល រហូត​ដល់​ពេល​ខ្លះ​ អាច​​ប្រាសចាក​ពី​ការ​ពិត​។ សកម្មភាព​អស់​ទាំង​នេះ សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់អំពី​កម្សោយ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅស្រុក​ខ្មែរ​។

​​ការ​ផ្សព្វផ្សាយ​ពី​រូបភាព​សាកសព ក៏​ដូច​ជា​រូបភាព​ហិង្សា​ដោយ​គ្មាន​ការ​បិទ​បាំង​ដូច​សព្វ​ថ្ងៃ​នេះ វា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សិទ្ធិជា​ឯកជន​របស់​បុគ្គល​ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មានដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា ត្រូវ​គោរព​សិទ្ធិ និង​សេរីភាព​រស់​នៅ​ក្នុង​ជីវភាព​ជា​ឯកជន​របស់​បុគ្គល​។ ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ជន​រង​គ្រោះ អាច​នាំ​ទៅ​ដល់ការ​ប្ដឹង​ផ្ដល់​​អ្នក​កាសែត​ទៅ​កាន់​តុលាការ​ថែម​ទៀត​។ ជាក់​ស្ដែង កន្លង​មក គេ​បាន​លឺ​រួច​ហើយ ការ​ព្រមាន​ពី​គ្រួសារ​របស់​បុរស​ជនជាតិ​បារាំង​និង​កូន​ៗ​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​គេ​សម្លាប់នៅ​ខេត្ត​កំពង់ស្ពឺ ថា​នឹង​ប្ដឹង​សារព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​រូបថត​លលាដ៍​ក្បាល​របស់​ជន​រង​គ្រោះ​។

ការ​មិន​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន ក៏​ដូច​ជា​​រំលោភ​សិទ្ធិ​ឯកជន​របស់​បុគ្គល​ជា​រឿង​មួយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​ផ្សព្វផ្សាយ​ពី​រូបភាពហិង្សា​នៅ​តាមទំព័រ​កាសែត និង​ប៉ុស្តិ៍​ទូរទស្សន៍ អាច​នឹង​ក្លាយ​ជា​ឧទាហរណ៍​អាក្រក់​ដល់​សារធារណជន​។ ព័ត៌មាន​ដ៏​រន្ធត់​មួយ​ដែល​គេ​នៅ​ចាំ​មិន​ភ្លេច កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​ករណី​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់ ចង​ក​ធ្វើ​អត្តឃាត​។ ក្នុង​វ័យ​៦​ឆ្នាំ ក្មេង​ច្បាស់​ណាស់​ គឺ​មិន​ដឹង​ថា សកម្មភាព​របស់​ខ្លួន អាច​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​។ ចុះ​ហេតុ​អ្វី​បាន​ជា​ក្មេង​ធ្វើ​ដូច្នេះ? មិន​មែន​ដោយ​សារ​តែ​ឃើញ​ការ​ចុះ​ផ្សាយ​ពី​រូបភាព​នៃ​ការ​ធ្វើ​អត្តឃាត​របៀប​នេះ នៅ​តាម​ទូរទស្សន៍​និង​កាសែត​ទេ​ឬ​?

ជា​ការ​ពិត ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​ស្ថាប័ន​ព័ត៌មាន គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​ស្ថាប័ន​ខ្លួន​​ឯង​ផ្ទាល់​។ ប្រធាន​ផ្នែក​ព័ត៌មាន​នៅ​តាម​ស្ថាប័ន​អស់​ទាំង​នោះ ប្រាកដ​ជា​យល់​ច្បាស់​ណាស់​ថា ព័ត៌មាន​ព្រម​ទាំង​រូបភាព​ហិង្សា​ដែល​ខ្លួន​ផ្សព្វផ្សាយ​រាល់​ថ្ងៃ វា​គ្មាន​ផ្ដល់​ចំណេះ​​អ្វី​ដល់​សង្គម ក្រៅ​តែ​ពី​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​និង​ឧទាហរណ៍​អាក្រក់​នោះ​ឡើយ​។ ទោះ​យ៉ាង​នេះ​ក្ដី គឺ​ដោយ​សារ​តែ​ព័ត៌មាន​អស់​ទាំង​នេះ​ហើយ ដែល​ជួយ​ឲ្យ​ស្ថានីយ៍​មាន​ប្រាក់​ចំណូល​។ ប៉ុន្តែ​សួរ​ថា តើ​គេ​ពិត​ជា​មិន​អាច​ស្វែង​រក​ប្រាក់​ចំណូល​បាន​សោះ​ឬ បើ​មិន​ធ្វើ​អាជីវកម្ម​លើ​រូបភាព​សាកសព ក៏​ដូច​ជា​រឿង​រ៉ាវ​បាញ់​សម្លាប់ កាប់​ចាក់ បង្ហូរ​ឈាម​គ្នា?

នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ប៉ុស្តិ៍​ទូរទស្សន៍​បរទេស គេ​ឃើញ​មាន​តែ​ព័ត៌មាន​សេដ្ឋកិច្ច នយោបាយ កីឡា​។ មាន​ដែរ ព័ត៌មាន​ស្ដី​ពី​ការ​ប៉ះ​ទង្គិច​នានា។ ប៉ុន្តែ គ្មាន​ទេ រូបភាព​ជន​រង​គ្រោះ ឬ​ស្នាម​ឈាម​សូម្បី​តែ​មួយ​តំណក់​។ ចំណែក​នៅ​ស្រុក​ខ្មែរ បើក​ទូរទស្សន៍ប៉ុស្ត៍​ណា​ក៏​ឃើញ​តែ​ឈាម សាកសព​កំបុត​ដៃ​ជើង ឬ​ពេល​ខ្លះ​កំបុត​ក​។ រូបថត​កុមារី​ដែល​ត្រូវ​ឪពុក​រំលោភ​។ រូបថត​បាញ់​ប្រហារ ចោរ​លួច ចោរ​ប្លន់​។ យើង​មិន​សង្ឃឹម​ថា បរទេស​នឹង​បើក​មើល​ទូរទស្សន៍​ខ្មែរ​ពី​ស្រុក​គេ​ទេ​។ ប៉ុន្តែ​បរទេស​ដែល​ស្នាក់​នៅ​ស្រុក​ខ្មែរ ១០០​ភាគ​រយ នឹង​បាន​ឃើញ​ការព័ត៌មាន​ទាំង​​នេះ​។ តើ​ព័ត៌មាន​បែប​ហិង្សា​ទាំង​អស់​នេះ​ឬ ដែល​ខ្មែរ​ចង់​បង្អួត​ទៅ​កាន់​ពិភពលោក​?

ទាក់ទង​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ហិង្សា​នេះ កន្លង​មក លោក​រដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន ខៀវ កញារីទ្ធ ធ្លាប់​បាន​ចេញ​សេចក្ដី​ក្រើន​រំលឹក​ដល់​អង្គភាពព័ត៌មាន​ទាំង​អស់​រួច​ហើយ​ថា ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដូច្នេះ​នៅ​តែ​មាន និង​កាន់​តែ​មាន​វិសាល​ភាព​ធំ​ឡើង​ៗ​គួរ​ឲ្យ​បារម្ភ​។ តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬនៅ ដែល​ក្រសួង​គួរ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​បញ្ហា​នេះ​ម្ដង​ទៀត​? តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬ​នៅ ដែលប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រុក​ខ្មែរ គួរ​ឈប់​យក​រូបថត​សាកសព​មក​ធ្វើ​អាជីវកម្ម​? តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ពលរដ្ឋ​ខ្មែរ​ឈប់​សេព​ព័ត៌មាន​ហិង្សា​​? តើ​ពេល​ណា បើ​មិន​មែន​ពេល​នេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ