អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភ្នំពេញ គ្រោងចរចា​ភ្ជាប់​កម្ពុជា​ទៅ​នឹង ”លំហ​ពាណិជ្ជកម្ម​សេរី” របស់ “សហភាព សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី”

សំឡេង ០៥:៤១
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងទូរគមនាគមន៍សហព័ន្ធរុស្ស៊ី Nicolai Nikiforov
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងទូរគមនាគមន៍សហព័ន្ធរុស្ស៊ី Nicolai Nikiforov

ដំណឹងនេះ ផ្សព្វផ្សាយ ដោយកាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី “Russia-24” យោង​ទៅ​លើ​អង្គភាព​ពត័មាន​នៃ​ក្រសួង​ទូរគមនាគមន៍​សហព័ន្ធ​រុស្ស៊ី ដែល​រដ្ឋមន្ត្រី​ក្រសួង​នេះ ក្នុង​ឋានៈ​ជា​សហប្រធាននៃ “គណៈកម្មការ​អន្តរ​រដ្ឋាភិបាល រុស្ស៊ី​-​កម្ពុជា ខាង​សហប្រតិបត្តិការ ពាណិជ្ជកម្ម​-​សេដ្ឋកិច្ច និង វិទ្យាសាស្ត្រ​-​បច្ចេកទេស” កាលពី​ថ្ងៃ​ចន្ទ ២០​កក្កដា​កន្លង​ទៅ ត្រូវ​បាន​ទទួល​ជួប​នៅ​រាជធានី​ភ្នំពេញ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រមុខ​ស្ថាប័ន​រដ្ឋ​អំណាច​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

“លទ្ធផល​ដ៏​សំខាន់ នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​រុស្ស៊ី ដែល​ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​សហព័ន្ធ​រុស្ស៊ី Nicolai Nikiforov នៅ​រាជាណាចក្រ​កម្ពុជា គឺ ការព្រមព្រៀង​គ្នា​ចាប់​ផ្តើម​កិច្ចចរចា ដើម្បី​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​នឹង​របប​ពាណិជ្ជកម្ម​សេរី​ជាមួយ “សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី” - សេចក្តី​នេះ ត្រូវ​បាន​ថ្លែង ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ក្នុង​ជំនួប​កាលពី​ដើម​សប្តាហ៍​នេះ ជាមួយ​ប្រមុខ​គណៈប្រតិភូ​រុស្ស៊ី គឺ លោក​រដ្ឋមន្ត្រី​ទូរគមនាគមន៍។

 
ទស្សនកិច្ចគណៈប្រតិភូរុស្ស៊ី បាន​ប្រព្រឹត្ត​ទៅ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ “គណៈកម្មការ អន្តររដ្ឋាភិបាល រុស្ស៊ី-កម្ពុជា ខាង​សហប្រតិបត្តិការ ពាណិជ្ជកម្ម-សេដ្ឋកិច្ច និង វិទ្យាសាស្ត្រ-បច្ចេកទេស”។
ដំណឹងផ្សាយ​ដោយ​អង្គភាព​ពត័មាន​នៃ​ក្រសួង​ទូរគមនាគមន៍​សហព័ន្ធ​រុស្ស៊ី លើក​ឡើង​តប​មក ទៀត​ថា​គណៈប្រតិភូ​រុស្ស៊ី ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី Nicolai Nikiforov ក៏បាន​ធ្វើ​កិច្ចចរចា​ជាមួយ៖
-សហប្រធាន​ខាង​ភាគី​កម្ពុជា​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី លោក ហោ ណាំហុង ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ របស់​កម្ពុជា
-ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ុន ចាន់ថុល
-អគ្គលេខាធិការ CDC “ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា” លោក សុខ ចិន្តា សោភា។

គណៈប្រតិភូរុស្ស៊ី ក៏បាន​ចូលរួម​ក្នុង​ការងារ​នៃ Business Forum សម្រាប់​ពួក​អ្នក​តំណាង​នៃ​មជ្ឈដ្ឋាន​ធុរកិច្ច រុស្ស៊ី និង កម្ពុជា បាន​ធ្វើ​កិច្ចចរចា​ជាមួយ​លោក ឈិត សុខុម អភិបាល​ខេត្ត​ព្រះសីហនុ បាន​ទៅ​កាន់​ការិយាល័យ​ក្រុមហ៊ុន​ចម្រុះ​រុស្ស៊ី-កម្ពុជា GS Group នៅ​ក្រុង​ភ្នំពេញ ដែល​បាន​បង្កើត​ឡើង​ជា​បណ្តាញ នៃ TV Digital ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​បច្ចេកវិជ្ជា​រុស្ស៊ី។

តាមការកត់សម្គាល់​នៃ​លោក Nicolai Nikiforov រដ្ឋមន្ត្រី​ទូរគមនាគមន៍​សហព័ន្ធ​រុស្ស៊ី ៖ ការភ្ជាប់ខ្លួន​របស់​កម្ពុជា​ទៅ​នឹង “របប​ពាណិជ្ជកម្ម​សេរី” ជាមួយ “សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី” ហៅ​កាត់​ថា ស.ស.អ.អ. ដែល​មាន​៥​ប្រទេស​ទៅ​ហើយ​ជា​សមាជិក គឺ រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន អារមេនី កៀហ្ស៊ីស៊ីស្ថាន នឹង​ក្លាយ​ទៅ​ជា​ការបុក​ទម្លាយ​ទៅ​មុខ​យ៉ាង​បង្គួរ ក្នុង​ផ្ទៃ​នៃ​ការពង្រឹង របៀប​របប​ធ្វើ​ពាណិជ្ជកម្ម រវាង​រុស្ស៊ី និង កម្ពុជា។

ត្រង់​ចំណុច​នេះ កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី “Russia-24” លើក​យក​មក​ផ្សាយ​ប្រសាសន៍ របស់​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ ដែល​ថា​ក្នុង​ដំណាក់​ឥឡូវ​មាន​ប្រទេស​ចំនួន ៤០ ទៅ​ហើយ បែប​យ៉ាង​ប្រទេស​ថៃ​ជាដើម បាន​សំដែង​នូវ​បំណង​ភ្ជាប់​ខ្លួន​មក​នឹង​”លំហ​ពាណិជ្ជកម្ម​សេរី” របស់​ស.ស.អ.អ. ហើយ​ដោយ​យោង​ទៅ​លើ​ស្ថិតិ​ផ្លូវការ រំលឹក​ថា ក្នុង​៥​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ គឺ​ពី​ខែ​មករា​ដល់​ខែ​ឧសភា ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាង​រុស្ស៊ី និង កម្ពុជា មាន​ទឹក​ប្រាក់​ទើប ៣៨​លាន​១​សែន​ដុល្លារ។

ជាការប្រៀបធៀប ទំហំ​ពាណិជ្ជកម្ម​រវាង​ថៃ​និង​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ បាន​មាន​ទឹក​ប្រាក់ ប្រមាណ ៥.០០០​លាន​ដុល្លារ ហើយ​ក្រោយ​ពី​ដំណើរ​ភ្ជាប់​ខ្លួន​របស់​ថៃ ទៅ​នឹង​លំហ​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវ​ចប់​សព្វ​គ្រប់ ទៅ​ទល់​ដំណាច់​ឆ្នាំ​២០១៥ ភាគី​រុស្ស៊ី និង ថៃ សង្ឃឹម​បង្កើន​ទំហំ​នេះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចំពោះ​មុខ ឲ្យ​ឡើង​ដល់ ១០.០០០​លាន​ដុល្លារ​តែ​ម្តង។

ករណី​វៀតណាម ដែល​កាលពី​ដើម​ឆ្នាំ​នេះ បាន​ចុះ​ទៅ​ហើយ កិច្ចព្រមព្រៀង​ស្តី​អំពី​ភ្ជាប់​ខ្លួន​នេះ ​រំពឹង​ថា ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ជាមួយ​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ ដែល​បាន​មាន​ទឹកប្រាក់ ៤.០០០លាន​ដុល្លារ ជា​តុល្យាការ​ឆ្នាំ​២០១៥ នឹង​កើន​ដល់ ៧.០០០​លាន​ដុល្លារ ហើយ​ទៅ​ទល់ ឆ្នាំ​២០២០ ត្រូវ​គូភាគី​ដាក់​ទិស ឲ្យ​វា​ស្ទុះ​ដល់ ១០.០០០​លាន​ដុល្លារ​ដែរ។

ក្នុងបរិបទការងារ “គណៈកម្មការ​អន្តរ​រដ្ឋាភិបាល រុស្ស៊ី-កម្ពុជា ខាង​សហប្រតិបត្តិការ ពាណិជ្ជកម្ម -​សេដ្ឋកិច្ច និង វិទ្យាសាស្ត្រ-បច្ចេកទេស” គូភាគី បាន​ឯកភាព​គ្នា ទៅ​លើ​ការខំ​ប្រឹងប្រែង​បង្កើន​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម និង បំផុសបំផុល​គម្រោង​វិនិយោគ។

ភាគីរុស្ស៊ី ប្រាថ្នា​លក់​ទៅ​ឲ្យ​កម្ពុជា គឺ​រថយន្ត​កាម៉្ញុង KAMAZ ឧទ្ធម្ភាគចក្រ និង យន្តហោះ សម្រាប់​ដឹក​អ្នក​ដំណើរ ទៅ​ចម្ងាយ​មធ្យម​រហូត​ដល់ ៤.៥០០​គ.ម. បែប​យ៉ាង​ធុន Superjet-100 អាច​ផ្ទុក​អ្នក​ដំណើរ​១០០​នាក់ សម្រាប់​ហោះ​នៅ​តំបន់ និង​ដែល​ត្រូវបាន​ទិញ​ទៅ​ហើយ ដោយ​ឥណ្ឌូណេស៊ី ឡាវ ថៃ នេប៉ាល់ ស្វីស អ៊ីតាលី ម៉ិចស៊ិក។ តម្លៃ​មួយ​គ្រឿងៗ ប្រមាណ ៤០​លាន​ដុល្លារ។

ភាគីកម្ពុជា ពី​ចំណែក​ខ្លួន បាន​លើក​ពី​បំណង​ពង្រីក​ការនាំចេញ​មក​កាន់​ប្រទេស​រុស្ស៊ី គឺ អង្ករ ជលផល​សមុទ្រ កៅស៊ូ ស្វាយ គ្រឿងទេស ផលិតផល​នៃ​ឧស្សាហកម្ម​ធុនស្រាល មាន​សំលៀក​បំពាក់​ជាដើម។ 

បើនិយាយពីវិស័យទេសចរណ៍ នោះ តាម​ការកត់​សម្គាល់​នៃ​គូ​ភាគី គ្រាន់​តែ​ក្នុង​ខែ​កក្កដា​នេះ មាន​ទេសចរ​រុស្ស៊ី ប្រមាណ ៥.០០០​នាក់ បាន​សម្រាក​នៅ​កម្ពុជា ដោយ​គេ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ឆ្លង​កាត់​តាម​ប្រទេសថៃ និង វៀតណាម។ គូភាគី​ក៏​សង្កេត​ឃើញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំនួន​ទេសចរ​រុស្ស៊ី ទៅ​សម្រាក​នៅ​កម្ពុជា ចេះ​តែ​កើន​ឡើង ហើយ​ឥឡូវ​ឡើង​ដល់ ១៥០.០០០នាក់ ក្នុង​១​ឆ្នាំ។

ភាគីរុស្ស៊ី ក៏បានលើកយក​ទៅ​ពិភាក្សា​គឺ​អំពី លទ្ធភាព​ភ្ជាប់​ជើង​យន្តហោះ​ត្រង់​ផ្ទាល់ ចេញ​ពី​ក្រុង​មួយ​ចំនួន​នៅ​តំបន់​ស៊ីបេរី ដែល​ជា​ទូទៅ ជា​តំបន់​សែន​ត្រជាក់ បែប​យ៉ាង ក្រុង Irkoutsk Novosibirsk Krasnoyarsk ដែល​ស្ថិត​នៅ​ចម្ងាយ​ម្តុំ ៥.០០០-៦.០០០គ.ម. ពីក្រុង​ព្រះសីហនុ ដើម្បី​ដឹក​អ្នក​ស្រុក​ខ្លួន ទៅ​សម្រាក​លំហែកាយ ស្រូប​យក​កំដៅ​ថ្ងៃ នៅ​ឯ​ឆ្នេរ​សមុទ្រ​នៃ​រមណីយដ្ឋាន​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ