អានតួអត្ថបទ
កម្ពុជា- ព្រះមហាក្សត្រ

កម្ពុជា​រៀបចំ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​ក្នុង​បរិយាកាស​សាមញ្ញ

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ Siv Channa/RFI

កម្ពុជា កំពុង​រៀប​ចំ​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៣​ដល់​ថ្ងៃ​ទី​១៥​ឧសភា ​គម្រប់៦៤យាង​ចូល​៦៥​ព្រះវស្សា។ ដូច​រៀង​រាល់​ឆ្នាំ ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​ប្រារព្ធ​ឡើង ក្នុង​បរិយាកាស​សាមញ្ញ តាម​រយៈ​ការ​ផ្ញើ​ព្រះរាជសារ​ជូន​ពរ ព្រះអង្គ​ពី​សំណាក់​មន្ត្រី​រាជ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជា​ដើម។

ផ្សាយពាណិជ្ជកម្ម

លោក អ៊ុំ តារាវុធ នាយក​ខុទ្ទល័យ​ព្រះមហាក្សត្រ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤​ឧសភាស្អែក​នេះ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ក្នុងព្រះជន្ម​គម្រប់ ៦៤ យាងចូល ៦៥ព្រះវស្សា មន្ត្រី​អ្នក​មុខ​អ្នក​ការ នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយ​ផ្ទាល់​នៅ​ព្រះបមររាជវាំង​។

លោក អ៊ុំ តារាវុធ ​បាន​គូស​បញ្ជាក់​ថា ព្រះ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះ​ករុណា​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សាមញ្ញ​បំផុត​ដោយ​ព្រះមហាក្សត្រ​ទ្រង់​ប្រទានអាហារ​ដល់​អ្នក​បំរើ​ការ​ងារ​នៅ​ក្នុង​ព្រះបរមរាជវាំង​ដូច​ជា៖ប៉ូលីស ទាហាន ជាដើម។ ហើយ​បើតាមគម្រោង​នៅយប់​ថ្ងៃ​ទី១៤​ឧសភានឹងមានការបាញ់កាំជ្រួច។

បន្ថែម​ពី​លើ​ការ​ចូល​បង្គំ​គាល់ ​ដោយ​ផ្ទាល់​ក្នុង​ព្រះបរមរាជវាំង មន្ត្រីរដ្ឋាភិបាល ក៏​បាន​ផ្ញើ​សារ​លិខិត​ថ្វាយ​ព្រះពរ​ព្រះករុណា​ដោយ បាន​រំលឹកពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអ​ង្គ​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​ថ្លៃ​ថ្លា​ក្នុ​ងការ​ជម្រុញ​សេដ្ឋកិច្ចសង្គម​ឆ្ពោះ​ទៅ​កាន់​ភាព​ចម្រុង​ចម្រើន ថ្កុំ​ថ្កើង​រុង​រឿង​ ជា​មួយ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក។

គេនៅចាំបានថា កាលពីឆ្នាំទៅមិញ ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយ​ផ្ទាល់​នៅ​ព្រះបមររាជវាំង​ តែដោយឡែកឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី បានដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​រយៈ​ពេល​៥​ថ្ងៃ។

ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ​កាលពីថ្ងៃទី១២ ឧសភា ក៏​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះពរ​ព្រះ​មហាក្សត្រ សម្ដេច​ព្រះបរមនាថ ​គឺ​សូម​ឲ្យ​ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះរាជ​សុខុមាន​ភាព​ពេញ​បរិបូណ៍ ព្រះជន្មា​យុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ​ជា​និរន្តរ៍​ត​រៀង​ទៅ។ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យ​ដឹង​ថា​គណ​បក្ស​សង្គ្រោះជាតិមិនមានគម្រោង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​ទេ​ព្រោះ​មិន​ទទួល​បាន​លិខិត​អញ្ជើញ​ពី​ព្រះបរមរាជ​វាំង។ លោក​ថា​នេះ​ជា​កម្មវិធី​រៀប​ចំ​ដោយ​ព្រះបរមរាជវាំង ប្រសិន​បើ​មាន​ការ​អញ្ជើញ​គណបក្ស​នឹង​ចូល​បង្គំ​គាល់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​១៤​ឧសភា​នេះ​ដែរ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត​នៅ​ថ្ងៃ​ទី​១៤​ឧសភា​ឆ្នាំ​១៩៥៣ នៅ​ទី​ក្រុង​ភ្នំពេញ។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​ជំនួសព្រះបិតា​សម្ដេច នរោត្តម សីហនុ នៅឆ្នាំ២០០៤ ៕ 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ