អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើការ​ថត​ឆ្លុះ​ក្រពះ មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច​ខ្លះ ?

សំឡេង ០៨:៣៩
សកម្មភាព​ក្រុម​គ្រួពេទ្យ​ធ្វើ​ការ​វះកាត់​ក្រពះ
សកម្មភាព​ក្រុម​គ្រួពេទ្យ​ធ្វើ​ការ​វះកាត់​ក្រពះ Captura de vídeo

ជំងឺ​ក្រពះ​មាន​ច្រើនប្រភេទ តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​នៅ​ប្រទេស​កម្ពុជា គឺ​ជំងឺ​ខ្សោយ​ក្រពះ រលាក​ក្រពះ ដំបៅ​ក្រពះ និង​ ជំងឺ​ច្រាល​ទឹក​អាស៊ីត​ឡើងលើ។ កាលពី​សប្តាហ៍​មុន លោក​អ្នក​នាង​បាន​ជ្រាប​ហើយ​ថា​អ្វី​ទៅ​ជា​ជំងឺរលាក​ក្រពះ និង​ជំងឺ​ភើ​ច្រាល​ឡើង​ទឹក​អាស៊ីត។ ជំងឺ​ក្រពះ​ទាំង​អស់​នេះ មាន​អាការៈ​សញ្ញា​រោគ​ប្រហាក់​ប្រហែល​គ្នា គឺ​មាន​តែ​ការ​ថត​ឆ្លុះ​ទេ ទើប​អាច​កំណត់​បាន​ច្បាស់ ថា​តើ​អ្នក​ជំងឺ​មាន​បញ្ហា​ក្រពះ​មួយ​ណា​ជា​ប្រាកដ។ តើ​ការ​ថត​ឆ្លុះ​ក្រពះ​ មាន​ដំណើរ​ការ​យ៉ាង​ដូច​ម្តេច ? និង​ ក្នុង​ស្ថានភាព​ជំងឺ​បែប​ណា​ដែលតម្រូវ​ឱ្យ​មាន​ការ​សុង​ក្រពះ ?

ផ្សាយពាណិជ្ជកម្ម

ឈឺក្រពះ ជា​ជំងឺ​មួយ​ដែល​ប៉ះពាល់​លើ​មនុស្ស​ម្នា​ប្រមាណ​ជា​៣០%។ ជំងឺ​នេះ​អាច​ជា​ការ​រំខាន​ក្នុង​ជីវិត​រស់​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង ហើយ​ការ​ព្យាបាល​ពេល​ខ្លះ​ពិបាក​នឹង​ជល់​មែន​ទែន ព្រោះ​ការ​វិភាគដោយ​សារ​ស្ទាបខាង​ក្រៅ​ និង​តាមរ​យៈ​រោគ​សញ្ញា​ស្តែង​ឡើង​ មិន​អាច​កំណត់​បាន​ច្បាស់​លាស់​ថាតើ​ក្រពះ​មាន​បញ្ហា​អ្វី​ឱ្យ​ប្រាកដ​ទេ។ រោគ​សញ្ញា​នៃ​ជំងឺ​ក្រពះ ដូចជា ជំងឺខ្សោយ​ក្រពះ ​រលាក​ក្រពះ ដំបៅ​ក្រពះ និង​ជំងឺ​ភើច្រាល​ឡើងមក​លើ​ មាន​សណ្ឋាន​ប្រហាក់​ប្រហែល​គ្នា​ណាស់។ មាន​តែ​ការ​ថត​ឆ្លុះ​សុង​ក្រពះ​តែ​ប៉ុណ្ណោះ ដែល​ផ្តល់​ចម្លើយ​បាន​ពិត​ប្រាកដ​។

ការ​សុង​​​ក្រពះ​ ជា​វិធី​សាស្ត្រថត​ឆ្លុះ​មើលឃើញ​ដល់​​ផ្នែក​ខាង​ក្នុង​​​នៃ​បំពង់​អាហារ និង​ក្រពះ ព្រម​ទាំង​ពោះវៀន។ វិធីសាស្ត្រ​នេះ​ ត្រូវ​បាន​ពិភពលោក​អ្នក​វេជ្ជសាស្ត្រ គ្រប់គ្រង​បាន​ទាំង​ស្រុង និង​ប្រកប​ដោយ​ពិសោធន៍​ខ្ពស់​ទៀត។

បំពាក់​ដោយ​កាមេរ៉ា​តូច​មួយ​ និង​អំពូល​ភ្លើង​ នៅ​ចុង​ខ្សែ​បំពង់​ទន់ៗ និង​ដោយ​ រុក​បញ្ចូល​តាម​មាត់​ ចុះ​ទៅ​តាម​បំពង់​អាហារ រហូត​ដល់​ក្រពះ និង​ដល់​ពោះវៀន វិធីសាស្ត្រ​ថត​ឆ្លុះ​នេះ អាច​ជា​ឱកាស​មួយ ដែ​ល​គ្រូពេទ្យ​ឯកទេស​អាច​មើល​ឃើញ​អំពី​ស្ថានភាព​ស្រទាប់​ភ្នាស​ ក្នុង​ប្រព័ន្ធ​រំលាយ​អាហារផង និង​អាច​កាត់​សាច់​ត្រង់​ចំណុច​សង្ស័យ​ណា​មួយ យក​វិភាគ​ស៊ីជម្រៅ​បន្ថែម​ទៀត​ផង។

ការ​ថតឆ្លុះ​បែប​នេះ អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​ពីរ​យ៉ាង ៖

ទី​មួយ ដោយ​ប្រើ​ថ្នាំ​សណ្តំ​​ទូទៅ ឱ្យ​អ្នក​ជំងឺ​គេង​សន្លប់​ស្រាល ក្នុង​អំឡុង​ពេល​ថត​ឆ្លុះ

ទីពីរ ដោយ​គ្រាន់​តែ​ដាក់​ថ្នាំ​ស្ពឹក ទប់​កុំ​ឱ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ តែ​អ្នក​ជំងឺ​នៅ​មាន​ស្មារតី​ពេញលេញ។

តើ​​ការ​​សុង​ក្រពះ​ដោយ​ចាក់ថ្នាំ​សន្លប់ មា​ន​ដំណើរការ​យ៉ាង​ដូចម្តេច ?

មុន​ពេល​ចាប់​ផ្តើម​ថត​ឆ្លុះ ក្រុមគ្រូពេទ្យ​ត្រូវ​ផ្ទៀងផ្ទាត់ វាស់​វែង ​ចង្វាក់​បេះដូង ចង្វាក់​ដង្ហើម​និង​សម្ពាធ​ឈាម។ ក្រោយ​ពី​​​វេជ្ជបណ្ឌិត​ជំនាញ​ថ្នាំ​សណ្តំ​​មក​ដាក់​ចាក់​ថ្នាំ​ឱ្យ​អ្នក​គេង​លក់ គ្រូពេទ្យ​ឯកទេស​ក្រពះ​ពោះវៀន ចាប់​ផ្តើម​រុក​បំពង់​ថត​ឆ្លុះ​​តាម​មាត់ ឬ​តាម​ច្រមុះ​ ព្រមទាំង​បាញ់​​បញ្ចូល​ខ្យល់ ទៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដើម្បី​ពង្រីក​ផ្ទៃ​ជញ្ជាំង​ក្រពះ​ ដែល​រួម​តូច ដោយសារ​អ្នក​ជំងឺ​ត្រូវ​អត់​អាហារ​ តាំងពី​៦​ម៉ោង​មុន​​​ទៅពេទ្យ។ បន្ទាប់​មក​ ដោយ​សារ​កូន​កាមេរ៉ា គ្រូពេទ្យ​អាច​ ​​ពិនិត្យ​​មើល​បាន​យ៉ាង​សព្វគ្រប់ ផ្នែក​ខាង​ក្នុង​នៃ​បំពង់​អាហារ ក្រពះ និង​ពោះវៀន។ ប្រសិន​បើ​ចាំ​បាច់​ ពេទ្យ​អាច​បញ្ជា​ម៉ាស៊ីន​សុង​ក្រពះនេះ​ឱ្យ​កាត់​ច្រិប ឬ​ព្យាបាល​​ផ្នែក​ណា​មួយ​ដែល​ជាប់​សង្ស័យ មុន​ដក​ម៉ាស៊ីន​សុង​ចេញ​មក​វិញ។

ការ​ថត​ឆ្លុះ​ចប់ គេ​បញ្ជូន​អ្នក​ជំងឺ​ឱ្យ​មក​សម្រាក​នៅ​បន្ទប់​ប្រពោធនកម្ម ដើម្បី​ឱ្យ​អ្នក​ភ្ញាក់។ អ្នក​ជំងឺ​នឹង​ដឹង​ខ្លួន​ឡើង​វិញ នៅ​ប្រមាណ​ពីរ​បី​នាទី​ក្រោយ ប៉ុន្តែ​គ្រូពេទ្យ​ត្រូវ​ការ​បន្ត​ការ​តាមដាន មើល​សម្ពាធ​ឈាម ដង្ហើម និង​ស្ថានភាព​ទូទៅ ថា​គ្មាន​ការ​ឈឺ​ចុកចាប់​អ្វី​ ​រយៈ​ពេល​មួយឬ​ពីរ​​ម៉ោងទៀត​សិន មុន​នឹង​បញ្ជូន​ឱ្យ​អ្នក​ជំងឺ​សម្រាក​បន្ថែម​មួយ​ម៉ោង​ពីរ​ទៀត។ អ្នក​ជំងឺ​អាច​ទទួល​ទាន​អាហារ​អ្វី​បន្តិច​បន្តួច រួច​​​ចេញ​មកផ្ទះ ក្នុង​ថ្ងៃ​ដដែល ជា​មួយ​នឹង​កំណត់សម្គាល់​និងយោបល់​របស់​គ្រូពេទ្យ​ឯកទេស។ តែ​លទ្ធផល​វិភាគ​សាច់ នឹង​ផ្តល់​ជូន​តាម​ក្រោយ។

តើ​ការ​សុង​ក្រពះ​ដោយចាក់​ថ្នាំ​ស្ពឹក​មាន​ដំណើរការ​យ៉ាង​ដូចម្តេច?

មុន​ចាប់​ផ្តើម​រុក​ម៉ាស៊ីនសុង គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​ស្ពឹក ដោយ​បាញ់​ស្ព្រាយ ឬ ដោយ​លាប​ជែល បំពង់​ក​ឱ្យ​ស្ពឹក។ បន្ទាប់​មក​ អ្នក​ជំងឺ​ត្រូវ​គេង​ផ្អៀង ខាង​ឆ្វេង ហើយ​គ្រូពេទ្យ​ក៏​ចាប់​រុក​ម៉ាស៊ីន​សុង តាម​មាត់ ឬ​តាម​ច្រមុះ​។ ដើម្បីសម្រួល​ការ​រុក និង​ដើម្បី​កុំ​ឱ្យ​​​ក្អួត គ្រូពេទ្យ​ណែនាំ​ឱ្យ​ដង​ដង្ហើម​វែងៗ បន្ធូរ​អារម្មណ៍​ និង​កុំ​លេប​ទឹក​មាត់ឱ្យ​សោះ បណ្តោយ​​ទុក​ឱ្យវា​​ហូរ​មក​ក្រៅ​ទៅ។ គ្រូពេទ្យ​​បាញ់​ខ្យល់​បញ្ចូល​ក្រពះ​ ហើយ​បញ្ជា​ថតឆ្លុះ​មើល​ពេញ​ផ្ទៃប្រព័ន្ធ​រំលាយ​អាហារ ​ក្រពះ និង​បំពង់​អាហារ​ រយៈ​ពេល​ពីរ​បី​នាទី។ ក្នុង​រយៈ​ពេល​នោះ បើ​ចាំបាច់​ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ចិប​សាច់​មក​ក្រៅ​ដើម្បី​វិភាគ មុន​ទាញ​​ម៉ាស៊ីន​សុងចេញ​មក​វិញ។ គ្រូពេទ្យ​អាច​ផ្តល់​យោបល់ ប្រាប់​អំពី​អាការៈ​ជំងឺ ដោយ​ភ្លាម​នោះ។ ហើយ​បន្ទាប់​ពី​បាន​សម្រាក​ សម្រួល​ឥរិយាបថ ក្រោម​ការ​តាន​ដាន​របស់​វេជ្ជបណ្ឌិត​ប្រមាណ​ជា​២​ម៉ោង អ្នក​ជំងឺ​អាច​ចេញ​ពីមន្ទីរ​ពេទ្យ ត្រលប់​មក​ផ្ទះ​វិញ​ ដោយ​បើក​ឡាន​ខ្លួន​ឯង​ក៏​បាន។ សូម​រង់​ចាំ​ឱ្យ​អស់​ជាតិ​​ស្ពឹក នៅ​មាត់​បំពង់ក​សិន សឹម​​​ទទួលទាន​​ទឹក និង​ចំណីអាហារ ដើម្បី​ចៀសវាង​កុំ​ឈ្លក់ ឬ​ស្លាក់ ព្រោះ​ភាព​ស្ពឹក​អាច​ធ្វើ​ចំណី​អាហារ​ធ្លាក់​ខុស​ផ្លូវ ទៅ​ចូល​បំពង់​ខ្យល់។

ផលរំខាន​​ក្រោយ​ការ​សុងក្រពះ

ទោះ​សុង​ក្រពះ​ដោយ​ប្រើ​ថ្នាំស្ពឹក ឬ​ថ្នាំ​សណ្តំក្តី ក៏​ពីរ​បី​ម៉ោងក្រោយ​​ការ​រុក​ថត​ឆ្លុះ​ក្រពះ​រួច អ្នកជំងឺ​មាន​អារម្មណ៍​រំខាន​​មួយ​ចំនួន​ដូច​ជា ៖

គ្មាន​ការ​ឈឺចាប់ទេ តែ​មាន​អារម្មណ៍​ថា​​ប៉ោងទល់​ពោះ ​​ ហាក់​ដូច​ជាមាន​​​ខ្យល់ មាន​ហ្កាស​ និង​អាការៈ​ច្រាល​ខ្យល់​ឡើង​ នៅ​ក្នុង​បំពង់​ប្រព័ន្ធ​រំលាយ​អាហារ

ក្អួត/ចង្អោរ

ក្នុង​ករណី​សុង​ប្រើ​ថ្នាំ​ស្ពឹក អ្នក​ជំងឺ​មាន​អារម្មណ៍​រំខាន​ក្នុង​មាត់ និង​បំពង់ក

ប៉ុន្តែ​អ្នក​ជំងឺ​អាច​ធ្វើ​សកម្មភាព​និង​ប្រកបរបរ​ប្រចាំ​ជីវិត​តាម​ទម្លាប់​ឡើង​វិញ​បាន ក្នុង​ថ្ងៃ​តែ​មួយ​ចំពោះ​អ្នក​ដែល​ជ្រើសរើស​សុងក្រពះ​ដោយ​ថ្នាំ​ស្ពឹក និង​ត្រូវ​ចាំ​និ​ងសម្រាក​មួយ​ថ្ងៃ​សម្រាប់​អ្នក​សុងក្រពះ​ដោយ​ថ្នាំ​សណ្តំ។

សូម​ចងចាំ​ថា វិធីសាស្ត្រ​ថត​ឆ្លុះ​ក្រពះ ត្រូវ​បាន​វេជ្ជសាស្ត្រ​សម័យ​បច្ចុប្បន្ន​គ្រប់គ្រង​បាន​ទាំង​ស្រុង។ ការ​សុងក្រពះ ​​កម្រ​បន្សល់​ទុក​នូវ​ផលវិបាក​ ដូច​ជា​គ្រោះ​មាន​របួស មាន​ការ​ធ្លុះ​ស្រទាប់​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ដាច់​ហូរឈាម ខ្លាំង​ណាស់។ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​សង្កេត​ឃើញ​មាន​អាការៈ​​សញ្ញា​មិន​ធម្មតា​ មាន​ជាអាទិ៍​​ ឈឺក្នុង​ពោះ ដើម​ទ្រូង ក្អួត​មក​មាន​ឈាម ក្អក និង​ក្តៅ​ខ្លួន សូម​រួស​រាន់​ទាក់ទងទៅ​គ្រូពេទ្យ​ឯកទេស​ថតឆ្លុះ​ក្រពះ​នោះ​វិញ​ភ្លាម ឬ​ក៏​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ប្រចាំ​ផ្ទាល់​ខ្លួន​ក៏​បាន៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ