អានតួអត្ថបទ
កម្ពុជា

លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រអតីត​​បក្ស​ប្រឆាំង​ចេញពី​ពន្ធនាគារ ក្រោយ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស

លោក អ៊ុំ សំអាន​ អតីត​សមាជិកសភានៃ​អតីត​គណបក្សសង្គ្រោះជាតិ​
លោក អ៊ុំ សំអាន​ អតីត​សមាជិកសភានៃ​អតីត​គណបក្សសង្គ្រោះជាតិ​ RFI

លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​សៅរ៍ ទី​២៥​សីហា​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​លើក​លែងទោស​ពី​ព្រះ​មហាក្សត្រ តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំឭក​ជូន​លោក​អ្នក​ស្ដាប់​ឡើង​វិញ អំពី​រឿង​រ៉ាវ​ចម្រូង​ចម្រាស់ ដែល​នាំ​ដល់​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​លោក អ៊ុំ សំអាន កាលពី​ឆ្នាំ​២០១៦​។

ផ្សាយពាណិជ្ជកម្ម

លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា ឆ្នាំ ២០១៦ នៅ​ខេត្ត​សៀមរាប​ ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ប្រើ​ប្រាស់​ឯកសារ​ព្រំដែន​ក្លែងក្លាយ​ និង​ផ្សព្វផ្សាយ​ឯកសារ​ទាំង​នោះ​នៅ​លើ​បណ្ដាញ​សង្គម​។ ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វាយ​តម្លៃ​ថា វីដេអូ រូបភាព និងសារ​ជា​​អក្សរ ដែល​លោក អ៊ុំ សំអាន ផ្សាយ​លើ​បណ្ដាញ​សង្គម មាន​ខ្លឹមសារ និង​ចរិត​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ការ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​។ លោក​ត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល៣០​ខែ ឬ​​២​ឆ្នាំ​កន្លះ ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ គិត​ត្រឹម​ពេល​នេះ លោក អ៊ុំ សំអាន បាន​ឃាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជិត​២៩​ខែ​រួច​ហើយ ពោលគឺ​នៅ​សល់​តែ​ប្រមាណ​១​ខែ​ទៀត​ប៉ុណ្ណោះ លោក​អ៊ុំ សំអាន នឹង​​បំពេញ​ទោស​របស់​ខ្លួន​នៅ​ពន្ធនាគារ​គ្រប់តាម​ការ​​កំណត់​។

លោក អ៊ុំ សំអាន ត្រូវ​គេ​ស្គាល់​ថា ជា​អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សកម្ម​ខ្លាំង​នៅ​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម​។ ជាង​កន្លះ​ឆ្នាំ​មុន​ពេល​ត្រូវ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ​បាន​ដឹក​នាំ​មនុស្ស​រាប់​ពាន់​នាក់ ទៅ​កាន់ព្រំដែន​កម្ពុជា-​វៀតណាម នៅ​អំឡុង​ខែ​កក្កដា និង​សីហា ឆ្នាំ​២០១៥​។ ក្នុង​ពេល​មាន​តំណែង​ជា​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន ត្រូវ​រដ្ឋសភា​ខ្មែរ​ដាក់​ទណ្ឌកម្ម​វិន័យ ដោយ​កាត់​ប្រាក់​ខែ និង​មិន​ឲ្យ​ចូល​រួម​ប្រជុំ​រដ្ឋសភា​ចំនួន​១៥​លើក​។ ជា​ទណ្ឌកម្ម​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​រូប​នេះ បរិហារ​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​រដ្ឋាភិបាល និង​បាន​ទាមទារ​ឲ្យ​សើរើ​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​ឡើង​វិញ​។

សូម​ជម្រាប​ជូន​ថា លោក អ៊ុំ សំអាន គឺជា​បុគ្គល​ទី​៦​ហើយ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើក​លែង​ទោស បន្ទាប់​ពី​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ, លោក គឹម សុខ អ្នក​វិភាគ​ព្រឹត្តិការណ៍​នយោបាយ​និង​សង្គម, លោក យាង សុធារិន​ ហៅ យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី, ព្រមទាំង​អ្នក​​ស្រី ទេព វន្នី ​សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​។ ការ​លើក​លែង​ទោស​តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ទំនង​ជា​មិន​ទាន់​បញ្ចប់​ឡើយ ខណៈ​លោក ហ៊ុន សែន ​នាយករដ្ឋ​មន្ដ្រី ធ្លាប់​បាន​បង្ហើប​រួច​ហើយ​ថា លោក​មាន​គម្រោង​ស្នើ​លើក​លែង​ទោស​ទ្រង់​ទ្រាយ​ធំ​នា​ពេល​ខាង​មុខ​នេះ​។ អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​ជា​ថ្នូរ​នឹង​ការស្នើ​​លើក​លែង​ទោស​នេះ គឺ​ហាម​មិន​ឲ្យ​និយាយ​ថា ការ​លើក​លែង​ទោស​នេះ ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​សហគមន៍​អន្ដរជាតិ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ