អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​មហាផ្ទៃ គ្រោង​ជួប​ពិភាក្សា​លើ​បញ្ហា​ប្រឈម ជាមួយ​អង្គការ​សង្គម​ស៊ីវិល ២ដង​ក្នុង​មួយ​ឆ្នាំ

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចូលរួម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចូលរួម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។ @facebook/នគរបាលជាតិ

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ គ្រោង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ពីរ​ដង​ ក្នុង​មួយ​ឆ្នាំ ដើម្បី​ជជែក​ពិភាក្សា​លើបញ្ហា​ប្រឈម និង​ផ្តល់​ឱកាស​ឱ្យ​សង្គម​ស៊ីវិល លើក​ឡើង​ជា​អនុសាសន៍​នានា​មក​កាន់​រដ្ឋាភិបាល។ លោក ស ខេង រដ្ឋមន្រ្តី ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​អង្គការ​សង្គមស៊ីវិល ជា​ដៃ​គូ​ដ៏សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា។   

ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ពិភាក្សា​រវាង លោក ស ខេង រដ្ឋ​មន្រ្តី​មហាផ្ទៃ និង​ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស ប្រចាំ​នៅ​កម្ពុជា កាល​ពីពេល​ថ្មី​ៗនេះ លោក ស ខេង គូស​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​មហាផ្ទៃ ​កំពុង​រៀប​ចំ​យុទ្ធនាការ នៃ​ការ​ជួប​ជុំ ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជាមួយ​ក្រសួង​មហាផ្ទៃ​រយៈពេល​២​ដង​ក្នុង​មួយ​ឆ្នាំ ​ដើម្បី​ផ្ដល់ឱកាស​ឱ្យអង្គការសង្គមស៊ីវិល លើកឡើង អំពីបញ្ហាប្រឈម និងអនុសាសន៍នានា មកកាន់រដ្ឋាភិបាល។ បើតាមលោក ស ខេង នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ ទើប​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល ដើរតួនាទី​ដ៏សំខាន់​របស់ខ្លួន​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

ឯក​អគ្គ​រដ្ឋ​ទូតស្វីស ស្វាគមន៍​ចំពោះ​យន្តការ​ថ្មី របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើតបរិយាកាស​ឱ្យ​មាន​ការ​ចូល​រួម​បន្ថែម​ពី​អង្គការ​សង្គម​ស៊ីវិល​ ។

តាម​បាយការណ៍​សង្ខេប​ស្ដី​ពី សមិទ្ធផល​សំខាន់​ៗ​មួយ​ចំនួន របស់​ក្រសួង​មហាផ្ទៃ​ អង្គការ សមាគម​ទាំងអស់ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ ៥ ៣៦៣ អង្គការ នៅ​ក្នុង​នោះ សមាគម​មាន​ចំនួន ២,១៧៩ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ ៣,១៤៩។ តាម​ការ សិក្សា​រួមមួយ ​ក្នុង ចំណោម​សង្គម​ស៊ីវិល ចំនួន ២,០០០ កាលពី​ឆ្នាំ​២០១២ កន្លង​ទៅបាន​បង្ហាញថា ពួកគេ​បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ពី ៦០០ ទៅ​៧០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​អ្នក​ទទួល​ផល​ដោយ​ផ្ទាល់ និង​ប្រយោល​ជិត ១២​លាន​នាក់​។​

លោក​ស្រី ធីតា​ ឃឹះ នាយិកា​អង្គការ​សីល​ការ​ បាន​សាទរ​ចំពោះ​ជំនួប​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​បំពេញ​ការងារ​ក្នុង​វិស័យ​ផ្សេង​ៗ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​លោក​ស្រី ធីតា ឃឹះ ជំនួប​នេះ ពិត​ជា​មាន​សារៈសំខាន់​ ដើម្បី​ឱ្យ​រដ្ឋាភិបាល បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ នៅ​តាម​មូល​ដ្ឋាន​។​ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដែល​នាយិកា​អង្គការ​សីលការ អះ​អាង​ថា អាជ្ញាធរ​នៅ​ថ្នាក់​ជាតិ មិន​ទាន់​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ ដូច​អង្គការ​សង្គម​ស៊ីវិល ដែល​ចុះទៅ​ផ្ទាល់​នោះ​ទេ​។

តំណាង​ឱ្យ​ស្ថាប័ន និង​អង្គការ​សង្គម​ស៊ីវិល​ជាង ១៧០ ដែល​នឹង​ត្រូវ​ជួប​ជាមួយ​នឹង​ក្រសួងមហាផ្ទៃ លោកស្រី ធីតា ឃឹះ រំពឹង​ថា ជំនួប​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នេះ នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា ខណៈ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហាក់​ថម​ថយ​កម្តៅ​បន្តិច ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៨ កន្លង​ទៅ​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ