អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មនុស្សចាស់ និងការដួល

សំឡេង ០៩:១៣
ដួល​ជា​មូលហេតុ​ទីពីរ​នៃ​ការ​ស្លាប់​ដោយ​ចៃដន្យ​របស់​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៥​ឆ្នាំ
ដួល​ជា​មូលហេតុ​ទីពីរ​នៃ​ការ​ស្លាប់​ដោយ​ចៃដន្យ​របស់​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៥​ឆ្នាំ CC by-NC 2.0 Service photo du Val de Marne/Nicola Wietrich

ដួល​ជាគ្រោះថ្នាក់​ដែល​កើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃ​ផលវិបាក​សុខភាព​ដ៏ធ្ងន់ធ្ងរ និង​​ជា​មូលហេតុ​ទីពីរ​​នៃមរណភាព​​ដោយ​​ចៃដន្យ​​របស់​មនុស្ស​ចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើ​ពិភពលោក​ ក្នុងមួយឆ្នាំៗមាន មនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ប្រមាណ៣៧,៣​លាននាក់ ជួបគ្រោះថ្នាក់ដួល កំរិត​​ធ្ងន់ធ្ងរ​ល្មមដែល​​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ និង​ទាមទារការព្យាបាល​​ជា​ចាំ​បាច់។

ផ្សាយពាណិជ្ជកម្ម

ដួល​គឺ​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចំបង​សម្រាប់​ពិភពលោក​ទាំង​មូល។ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការសុខភាព​ពិភពលោក ក្នង​មួយឆ្នាំៗ មាន​ករណី​ស្លាប់​ដោយ​សារ​ការ​ដួល ចំនួន​ជាង​៦៤៦០០០​នាក់ ពោល​គឺ​ការដួលជាមូលហេតុទីមួយនៃមរណភាពរបស់មនុស្សចាស់ អាយុលើសពី៦៥ឆ្នាំឡើងទៅ និង​ជា​មូលហេតុ​ទីពីរ​នៃ​មរណភាព​ដោយ​ចៃដន្យ​ឬ​ដោយ​ការ​ប៉ះទង្គិច​ដោយ​អចេតនា (មរណភាព​ដោយ​ចៃដន្យ​និង​ប៉ះទង្គិច​ដោយ​អចេតនា​បង្ក​ឱ្យស្លាប់​ខ្លាំង​ជាង​គេ​លំដាប់​ទីមួយ គឺ​​គ្រោះ​ថ្នាក់​ចរាចរណ៍)។

ជាង​៨០​%​នៃ​ការ​ដួល​របស់​មនុស្ស​ចាស់ កើត​នៅ​ក្នុង​ប្រទេស​ក្រីក្រ​និ​ងមធ្យម ក្នុង​នោះ​ជាង​៦០%​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅលើ​​ពិភពលោក​ទាំង​មូល អត្រា​អ្នក​ស្លាប់​ដោយ​សារ​ការ​ដួល​មាន​កំរិត​ខ្ពស់​បំផុត​ចំពោះ​​មនុស្ស​ចាស់អាយុ​ចាប់​ពី​៦០ឆ្នាំ​ឡើង​ទៅ។

ក្នុងចំណោមការដួល១២ករណី មានមួយបង្កអោយបាក់ឆ្អឹង ក្នុងនោះមួយភាគបីជាការបាក់ឆ្អឹងផាលត្រកៀក។ ក្រោយពីបានដួលម្តងហើយ ហានិភ័យមានគ្រោះដួលម្តងទៀតក្នុងឆ្នាំតែមួយកើនឡើងមួយគុណនឹងម្ភៃ។ គ្រោះដួលកើនទៅតាមអាយុ ជារៀងរាល់ឆ្នាំ គេសង្កេតឃើញមានមនុស្សចាស់ពី៦៥ទៅ៧៩ឆ្នាំ ប្រមាណ ៣៥ភាគរយដួល ៤៥ភាគរយ ជាមនុស្សចាស់ពី៨០-៨៩ និង៥៥ភាគរយ ចាប់ពីអាយុ៩០ឆ្នាំ។ ចូល​ដល់​វ័យ​ចំណស់​ខ្លាំង គេ​លែង​និយាយ​អំពី​ភេទ​ស្រី ភេទ​ប្រុស​ទៀត​ហើយ ។ មនុស្ស​ចាស់​ ភេទ​ស្រី និង​ភេទ​ប្រុស អាច​ជួប​គ្រោះ​និង​ហានិភ័យ​ដួល​ដូច​គ្នា​។ នៅក្នុង​ប្រទេស​ខ្លះ មនុស្ស​ចាស់​ប្រុស ជួប​គ្រោះស្លាប់​ដោយ​ដួល​ ឬ​គ្រោះ​ពិការភាព​នៅ​នឹង​កន្លែង​ក្រោយ​ការដួល​​រយៈ​ពេល​វែង​ ជាង​មនុស្ស​ចាស់​ស្រី។

ហេតុអ្វីមនុស្សចាស់់ឧស្សាហ៍ និង​ងាយ​ដួល ?

បើ​និយាយ​តែ​អំពីករណី​ដួល​ ដោយខ្លួន​ឯង អាយុ​ជាកត្តាហានិភ័យ​ចំបង​គេ​បង្អស់។ មូលហេតុដែលនាំឱ្យមនុស្សចាស់ងាយដួល មានច្រើន ដូចជា សរីរាង្គកាយនីមួយចាស់លែង​អាច​បំពេញតួនាទីបាន​ត្រឹមត្រូវ ឬមានជំងឺជាប់នឹងខ្លួន ៖

-ស្ថានភាពសុខភាពទូទៅចុះទ្រុឌទ្រោម។ អន់ភ្នែកមើលមិនច្បាស់ អន់ត្រចៀកស្តាប់មិនសូវលឺ អន់ស្មារតីលែងសូវរវាស ដែលបង្កើនហានិភ័យដួល បាត់បង់លំនឹង វិលមុខ មានបញ្ហាសន្លាក់ សាច់ដុំចុះខ្សោយលែងមាំមួន មានជំងឺជាប់នឹងខ្លួន និងលេបថ្នាំច្រើន មុខ

-ឥរិយាបថ ឬទម្លាប់រស់នៅមិនល្អ មិនគ្រប់គ្រាន់ ទទួលទានអាហារមិនគ្រប់គ្រាន់ មុននិងក្រោយពេលបញ្ចេញកម្លាំងពលកម្ម កម្លាំងកាយ ឬមិនស្របតាមតម្រូវការរបស់សរីរាង្គកាយ ទទួលទានគ្រឿងស្រវឹង ធ្វេសប្រហែស មិនសូវចេះប្រុងប្រយ័ត្ន ខ្លាចដួលពេក

-បរិស្ថានផ្ទះមិនស៊ីនឹងមនុស្សចាស់ គ្មានសណ្តាប់ធ្នាប់ធ្វើឱ្យទាក់ដៃទាក់ជើងដួល និងការដួលនៅក្រៅផ្ទះដោយកត្តាហានិភ័យខាងក្រៅដែលមិនអាចកំណត់បាន។

ផលវិបាក​នៃ​ការ​ដួល​ចំពោះសុខភាព​

ក្រៅ​អំពី​គ្រោះ​មរណៈ​ ការ​ដួល​អាច​បន្សល់​ទុក​នូវ​ផលវិបាក​ចំពោះ​សុខភាព​និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​វ័យ​ចំណាស់​យ៉ាង​ខ្លាំង។ ផលវិបាកអាច​​ខ្លាំង​ឬ​ខ្សោយ​ អាស្រ័យ​ទៅ​លើ​សភាព​ធ្ងន់​ធ្ងន់​នៃ​ការ​ដួល​ផង​ និង​ទៅ​លើ​ស្ថានភាព​សុខភាព​របស់​បុគ្គល​ជាមនុស្ស​ចាស់​នោះ​ផង។ បើ​ជា​ការ​ដួល​ស្រាល មនុស្ស​អាច​​មាន​ស្នាម​ជាំ មាន​របួស​​ដំបៅ តែ​បើ​ធ្ងន់​អាច​នឹង​ធ្វើ​ឱ្យ​ឆ្អឹង​ ប្រេះ​ស្រាំ ក្រលាច់​ខុស​សំណុំ ឬ​បាក់​ផង​តែ​ម្តង​ក៏​មាន។ ឆ្អឹង​ផាល ឆ្អឹង​ត្រកៀក ចង្កេះ និង​ក្បាល​ ជា​កន្លែង​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ និង​បង្ក​ឱ្យ​មាន​ផលវិបាក​ក៏​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន រហូត​នាំ​ឱ្យ​អ្នក​ជំងឺ​បាត់បង់​ស្វ័យតភាព​ មួយ​រយៈ​ធំ ដោយ​ត្រូវ​ដេក​សម្រាក​នៅនឹង​កន្លែងទម្រាំ​ជា​ឆ្អឹង ​ឬ​ក៏​បាត់​បង់​ស្វ័យតភាព​រហូត​តែ​ម្តង​។

នៅ​ពេល​ដួល មនុស្ស​ចាស់ ​មិនអាច​​ងើបឡើង​វិញ​ដោយ​ខ្លួន​ឯង​ទេ។ ករណីដួល​ដេក​ ​នៅផ្ទាល់​ដី អាច​ធ្វើ​ឱ្យ​មនុស្ស​ចាស់ ជា​ពិសេស​ចាប់​ពី​អាយុ​ឡើង​ទៅ ​ស្លុត​រន្ធត់​ ​ចិត្តនិង​អារម្មណ៍​​ខ្លាំង​ណាស់។

បើ​ការ​សង្គ្រោះ​យឺតយ៉ាវ​ មនុស្ស​ចាស់​ដួល ងាយ​នឹង​ជួប​គ្រោះ​ខ្សោះ​ជាតិ​ទឹក​ ជាតិ​អាហារ​ណាស់​ ដែល​ការ​នេះ​អាច​បន្សល់​ទុក្ខ​នូវ​ផលវិបាក​មេតាបូលិក​ និង​តម្រង​នោម​យ៉ាង​ធ្ងន់​ធ្ងរ។ បើ​ប្រសិន​បើ​មនុស្ស​ចាស់​មាន​ជំងឺ​ជាប់​នឹង​ខ្លួន​ដូច​ជា​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម បញ្ហា​ផ្លូវ​ដង្ហើម ឬ​ជំងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន​ផង​ ការ​ដូល​នឹង​ធ្វើ​ការ​ព្យាបាល​ជំងឺ​ខាង​លើ​ត្រូវ​រអាក់​រអួល​។

ការ​ដេក​ស្ងៀម​នៅ​នឹង​កន្លែង​ក្រោយ​ការ​ដួល អាច​បង្ក​ឱ្យមាន​ជំងឺរ​លាក​សរសៃ​ឈាម​វ៉ែន​ ឬ​ស្ទះ​សួត និង​ដំបៅ​ក្រិន​សាច់។

ទាំង​នេះ​ជា​ផលវិបាក​ចំពោះ​សុខភាព​បង្ក​ឡើង​ដោយ​ការ​ដួល។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ក្រៅ​អំពី​ជំងឺ​លើ​ផ្លូវកាយ ការ​ដួល​អាច​បន្សល់​ទុកនូវ​ផលវិបាក​ផ្នែក​ចិត្តសាស្ត្រ​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ចាស់។ បើ​ទោះ​បី​ជានៅ​ពេល​ស្នាម​របួស​នៃ​ការ​ដួល​បាន​ជាសះ​ស្បើយ​ទៅ​ហើយ​មែន​ក៏​ដោយ ក៏​ការដួល​ជា​បុព្វហេតុ​​ដ៏​សំខាន់​មួយ​នាំ​ឱ្យ​មនុស្សចាស់​​មាន​រោគ​ចិត្ត មាន​ជំងឺធ្លាក់​ទឹកចិត្ត​ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ពី​ក្រុមគ្រូពេទ្យ​និង​គ្រួសារ។

ការ​ដួល​ អាច​ធ្វើ​ឱ្យ​មនុស្ស​ចាស់​ស្លុត​ និង​គ្រាំចិត្ត។ ការ​ភ័យ​ខ្លាច​មាន​ជាប់​ខ្លួន​​ជា​និច្ច ! ហើយ​គឺ​ការ​ភ័យ​ខ្លាច​នេះ ក៏​ជា​កត្តា​មួយ​នាំ​ឱ្យ​ងាយ​ដួល​ដែរ។ ភ័យ​ខ្លាច​ដួល​ជ្រុល​ពេក​ មនុស្ស​ចាស់​អាច​នឹង​បាត់​បង់​ស្វ័យតភាព​ផង​ក៏​មាន។

នៅពេល​មនុស្ស​ចាស់កាត់​បន្ថយ​សកម្មភាព​ សាច់​ដុំ​នឹង​ចុះខ្សោយ​ នៅ​ពេល​នោះ​គាត់​កាន់​តែ​ទន់​ទ្រាយ​ទៅៗ​ ពិបាក​ធ្វើ​បំលាស់​ទី​កាន់​តែ​ខ្លាំងឡើងៗ​ ហើយ​បើ​គ្មាន​ការ​ព្យាបាល​ ទទួល​មើល​ថែ​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ភ្លាមៗ​ទេ នោះ​អ្នក​ជំងឺ​នឹង​បាត់​បង់​សមត្ថភាព​ដើរ​ទាំង​ស្រុង។ ស្ថានភាព​បែប​នេះ ភាសា​បច្ចេកទេស​ពេទ្យ​គេ​ហៅ​ រោគ​សញ្ញា​ក្រោយ​ការ​ដួល។ រោគ​សញ្ញា​ជំងឺនេះ ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​យ៉ាង​បន្ទាន់​បំផុត ព្រោះ​៤០%​នៃ​អ្នក​ជំងឺ​ប្រភេទ​នេះ ​ច្រើន​តែ​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ចូល​ដេក​ពេទ្យ និងភ័យ​រីងរ៉ៃ​ដល់​ស្លាប់​។

វិធីការពារ​កុំ​ឱ្យ​ដួល

ដើម្បីការពារ​កុំ​ឱ្យ​ជួប​គ្រោះ​ដួល​ សូមទទួល​ស្គាល់​ថា ភាព​ចាស់​ជរា​នៃ​សរីរាង្គកាយ​និង​សតិ​បញ្ញា​របស់​ខ្លួន។ ចូល​ដល់​វ័យ​មួយ លោកអ្នក​ត្រូវ​ចេះ​ប្រកាន់​ទម្លាប់​ថ្មី​ ប្រុងប្រយ័ត្ន​ជាង​មុន​ និង​មួយៗ។ សូម​កាន់​ឈើច្រត់​ជាជំនួយ​ បើ​អ្នក​ដឹង​ខ្លួន​ថា​ពុំ​មាន​លំនឹង។ កុំ​ដំអក់​ ហាត់​ប្រឹង​ងើប​ បើ​ទោះ​បី​ជា​អ្នក​ធ្លាប់​ដួលក៏​ដោយ។ សូម​កុំ​ខ្លាច​នឹង​ពឹង​ពាក់​កូន​ចៅ​ឬអ្នក​នៅ​ជិត​ខ្លួន ក្នុងការ​ធ្វើ​អ្វី មួយ​ដែល​ជា​តំណាង​គ្រោះ​ថ្នាក់​នាំឱ្យ​ដួល​បាន។

សូម​ព្យាបាល​និង​ថែ​ទាំង​សុខភាព ​ដើម្បី​រក្សា​លំនឹង​ខ្លួន​ ដូច​ជា​ថែសុខភាព​ភ្នែក-ត្រចៀក ថែ​សុខភាព​បេះដូង។ ហាត់​ប្រាណ​ធ្វើ​កីឡា​ដែល​សមស្រប​នឹង​មនុស្ស​ចាស់ ដើម្បី​ពង្រឹង​សាច់​ដុំ ឆ្អឹង ចលនា​សន្លាក់ ដូច​ជា

  • ​ដើរ ៣០​នាទី​យ៉ាង​តិចក្នុង​មួយ​ថ្ងៃ
  • ហាត់​ប្រាណ ធ្វើ​អត្តពលកម្ម​បែប​ស្រទន់​សម្រាប់​មនុស្ស​ចាស់
  • ធ្វើ​លំហាត់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ដើម្បី​រក្សា​លំនឹង មាន​ជាអាទិ៍ ឈរ​ជន្ទើត​ជើង​ ឱ្យ​ត្រង់​ខ្លួន​ពីរ​បី​នាទី ដើរ​ឱ្យ​ត្រង់​តាម​បន្ទាត់​
  • ទទួល​ទាន​អាហារ​ឱ្យ​មានជីវជាតិ​ ប្រូតេអ៊ីន កាល់ស្យូម និង​វីតាមីន​ដេ ដើម្បី​ចិញ្ចឹម​សាច់​ដុំ​និង​បំប៉ន​ឆ្អឹង​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ