អានតួអត្ថបទ
កម្ពុជា-រុស្ស៊ី

សង្គម​ស៊ីវិល​រិះគន់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​ជាមួយ​រុស្ស៊ី ថា​នឹង​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែ​អាក្រក់

រូបថតៈលោក ហ៊ុន សែន និង លោក វ្លាឌឺមៀល ពូទីន នាជំនួបក្នុងពេលកន្លងមក
រូបថតៈលោក ហ៊ុន សែន និង លោក វ្លាឌឺមៀល ពូទីន នាជំនួបក្នុងពេលកន្លងមក @Internet

បើ​តាម​គម្រោង​នៅ​បី​ថ្ងៃ​ទៀត​នេះ គណៈ​ប្រតិភូសិទ្ធិ​មនុស្ស​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី​១៨​ ធ្នូ។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅប្រទេស​រុស្ស៊ី គណៈ​ប្រតិភូ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា នឹង​ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​ជាមួយភាគី​រុស្ស៊ី​ផ្នែក​សិទ្ធិ​មនុស្ស។ ​ជុំវិញ​គម្រោងចុះកិច្ចព្រម​ព្រៀង​​​​​នេះ សង្គម​ស៊ីវិល​​មើល​ឃើញថា អាច​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​​រឹត​តែ​អាក្រក់ ក្នុង​ក្រសែ​ភ្នែក​បស្ចឹម​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​មើល​​ឃើញថា គម្រោង​ចុះ​កិច្ច​ព្រមព្រៀង​សិទ្ធិ​មនុស្ស​រវាង​កម្ពុជា និង​រុស្ស៊ី​មានចំណុច​វិជ្ជ​មាន និង​អវិជ្ជ​មាន។ អវិជ្ជ​មាន​នៅ​ត្រង់​ថា កម្ពុជា​នឹង​រង​ការ​រិះគន់​បន្ថែម​ទៀត​ពី​សហគម​អន្តរ​ជាតិ​​ទាក់ទង​បញ្ហា​សិទ្ធិ​មនុស្ស ព្រោះ​រុស្ស៊ី​ជា​ប្រទេស​មួយ​រង​ការ​រិះ​គន់​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស  ខណៈ​ចំណុច​វិជ្ជ​មាន​តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​​នេះ គឺ​ជួយ​រឹត​ចំណង​មិត្ត​ភាព​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។

ចំណែក​លោក សួន ប៊ុនសិក្ត អ្នក​ឯកទេស​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា កម្ពុជា​មាន​ខ្លឹម​សារនៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ល្អ​រួច​ទៅ​ហើយ មិន​ចាំ​បាច់​ឡើយ​នៅក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​លើក​កម្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​ជាមួយ​រុស្ស៊ី​ទេ។ បើតាម សួន ប៊ុនសិក្ដ កម្ពុជា​គួរ​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​ជាមួយ​ប្រទេស​នៅ​ក្នុង​ប្លុក​សហគម​អឺរ៉ុប​ទើប​ជារឿង​ប្រសើរ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ផង។

ស្រដៀង​នឹង​លោក សួន ប៊ុនសិក្ដ​ លោក អ៊ូ ចាន់រដ្ឋ អតីត​អ្នក​តំណាង​រាស្ត្រ​នៃ​អតីត​គណ​បក្ស​ប្រឆាំង​លើក​ឡើង​ថា បើ​កម្ពុជា​ចង់​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​លើ​ឆាក​អន្តរ​ជាតិ កម្ពុជា​ត្រូវ​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ល្អ​ ជាង​រុស្ស៊ី។ បើ​ពុំ​ដូច្នោះទេ​ការ​ចុះកិច្ច​ព្រម​ព្រៀង​នេះ នឹង​ធ្វើ​ឲ្យ​ក្រសែ​ភ្នែក​ពិភព​លោក​មើល​មក​កម្ពុជា​ជា​ប្រទេស​មួយ​​មាន​និន្នា​ការ​រឹត​ត្បឹត​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​ប្រធាន​រាជ្យ​បណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច ដែល​ធ្លាប់​មាន​ប្រវត្តិ​ទៅ​សិក្សា​នៅ​រុស្ស៊ីលើក​ឡើង​ថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​រវាង​កម្ពុជា​និង​រុស្ស៊ី​មិនមែន​ជា​រឿង​គួរ​ឲ្យព្រួយ​បារម្ភ​ពេក​នោះ​ទេ។ តាម​បទ​ពិសោធន៍​រុស្ស៊ី​គ្មាន​ការ​រឹត​តែ​ត្បឹត​អ្វី​ឡើយ​សម្រាប់​និស្សិតបរទេស​ឡើយ។

បន្ថែម​លើ​នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ប្រយោជន៍​ប្រ​ជា​ជន​នៃ​ប្រទេស​ទាំង​ពីរ។ ហើយ​ម្យ៉ាង​ទៀត​ដើម្បី​ការពារ​កម្ពុជា​ពី​ការ​ចោ​ទ​​ប្រកាន់​ដែល​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្នែក​នយោបាយ។

សូមជម្រាបជូនថា ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ​កន្លងមក ​អង្គការ​ការពារ​សិទ្ធិ​មនុ​ស្ស​លីកាដូ​បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​ការ​រំលឹក​ឡើងវិញ​ពី​ការ​រំលោភ​សិទ្ធិ​មនុ​ស្ស​នៅក្នុង​ប្រទេស​កម្ពុជា​នា​រយៈពេល​១០​ឆ្នាំ​មកនេះ​។ ​ នៅក្នុង​រយៈពេល​១០ឆ្នាំ​មក​នេះ ​សិទ្ធិ​ពលរដ្ឋ​ និង​ នយោបាយ ​គឺ​ត្រូវ​បាន​រំលោភ​បំពាន​ច្រើនជាង​នៅ​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ