អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​គណៈ​ប្រតិភូ​អឺរ៉ុប​នឹង​មក​ទស្សន​កិច្ច​កម្ពុជា ​ដើម្បី​ប្រមូល​ព័ត៌មាន​មុន​សម្រេច​រឿង​ EBA​

ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម @ក្រសួងពាណិជ្ជកម្ម

គណៈ​ប្រតិ​ភូ​សហភាព​អឺរ៉ុប​នឹង​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ចុង​ខែ​មីនា ឬ ដើម​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ប្រមូល​យក​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា មុន​ពេល​ពួក​គេ​សម្រេច​ថា នឹង​ដក ឬ ព្យួរ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា​។ សូម​ជំរាប​ជូន​ថា កាល​ពី​ថ្ងៃទី ១៣ មករា ឆ្នាំ ២០១៩​នេះ សហភាព​អឺរ៉ុប បាន​ប្រកាស​ពី​ការ​ផ្តើម​នីតិ​វិធី​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ ដក ឬ ព្យួរ EBA ពីកម្ពុជា ដោយ​ផ្អែក​លើ​ការ​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃ​ការ​មក​ដល់​របស់​គណៈ​ប្រតិ​ភូ​គណៈកម្មការ​អឺរ៉ុប​នៅ​កម្ពុជា​នេះ ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​លោក ចច អេដហ្កា (George Edgar) ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​លោក ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី ០៦ មីនា​។ នៅ​ក្នុង​ជំនួប​នោះ លោក ចច អេដហ្កា (George Edgar) បាន​អះអាង​ថា នៅ​ក្នុង​អំឡុង​ពេល​ចុង​ខែ​មីនា និង​ខែ​មេសា​ខាង​មុខ​នេះ ក្រុម​ការងារ​គណៈ​កម្មការ​អឺរ៉ុប​មួយ​ក្រុម​ នឹង​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់ អំពី​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ​។ នៅ​ក្នុង​ជំនួប​ជំរាប​លា​នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​បង្ហាញ​ពី​ការ​ចង់​ដឹង អំពី​ដំណើរ​ការ​បន្ទាប់​របស់​សហភាព​អឺរ៉ុប ក្រោយ​ពី​បា​នចាប់​ផ្ដើម​នៃ​នីតិ​វិធី​ពិនិត្យ​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ពី​កម្ពុជា ជា​ពិសេស​ពី​បេសកកម្ម​នា​នា​របស់​គណៈ​កម្មការ​អឺរ៉ុប​ក្នុង​ដំណាក់​កាល​៦ខែ​ដំបូង​។

គួរ​ជំរាប​ជូន​ថា សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០១៩​នេះ បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​នីតិ​វិធី​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ ដក ឬ ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បន្ទាប់​ពី​បាន​ផ្តល់​អនុសាសន៍​ឲ្យ​កម្ពុជា​ស្តារ​ឡើង​វិញ នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្សអស់​ជា​ច្រើន​ខែ​រួច​មក​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ផ្អែក​តាម​នីតិ​វិធី​នេះ កម្ពុជា​នៅ​មាន​រយៈ​ពេល​ដល់​ទៅ​១៨​ខែ​ទៀត ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នេះ ដោយ ៦ខែ​ដំបូង គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រមូល​ព័ត៌មាន​។

សហភាព​អឺរ៉ុប​ដែល​បាន​រិះគន់​រដ្ឋា​ភិបាល​កម្ពុជា បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ មក​ម្លេះ​។ ដោយ​ឡែក កាលពីថ្ងៃទី៥ មីនា ប្រមុខ​ការ​ទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​រិះ​គន់​សហភាព​អឺរ៉ុប អំពី​ដំណើរ​ការ​សម្រេច​ត្រួត​ពិនិត្យ EBA ពី​កម្ពុជា និង​បាន​ហៅ​ដំណើរ​ការ​នេះ​ថា «គឺ​ជា​ការ​អនុវត្តន៍ នូវ​ស្តង់​ដារ​ពីរ មក​លើ​កម្ពុជា​»៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ