អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ព្រមាន​ឲ្យ​បញ្ចប់​ប្រើ​ពាក្យ​សំដី​ក្នុង​ន័យ​ញុះ​ញង់​ករណី​បន្លាស់​ទី​ជន​អន្តោ​ប្រវេសន៍​នៅ​ខេត្ត​កំពង់​ឆ្នាំង​

ផ្ទះបណ្ដែតទឹក
ផ្ទះបណ្ដែតទឹក @សហការី

អង្គ​ភាព​អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ ដោយ​ព្រមាន​ចំពោះ​បុគ្គល​ឬ​អង្គភាព​ពាក់​ព័ន្ធ​ឲ្យ​បញ្ចប់​​នូវ​ការ​ប្រើ​ពាក្យ​សំដី ​ក្នុង​ន័យ​ញុះ​ញង់​ទាក់​ទង​នឹង​ការ​ធ្វើ​បន្លាស់​ទី​របស់​ជន​អន្តោ​ប្រវេសន៍​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​វៀត​ណាម​ចេញ​ពី​បឹង​ទន្លេ​សាប​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​កំពុង​ស្វែង​រក​ស្នាម​មេដៃ ​ស្នើ​ឲ្យ​​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ការ​ប្រគល់​ដី​ទំហំ​៤០​ហិកតា​ទៅ​ឲ្យ​ជន​ជាតិ​វៀត​ណាម​នៅ​ខេត្ត​កំពង់​ឆ្នាំង​នោះ​។​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ថ្ងៃ​ទី​១៣​ខែ​ធ្នូ អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​បាន​អះអាង​ថា ការ​បន្លាស់​ទី​របស់​ប្រជាជន និង​ជន​អន្តោ​ប្រវេសន៍​ពី មាត់​ទឹក​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់​ឆ្នាំង​ទៅ​កាន់​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ​ស្រុក​រលាប្អៀរ ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​បាតុ​ភាព​នៃ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ចំពោះការ​រស់​នៅ ប្រកប​សុខមាល​ភាព សណ្តាប់​ធ្នាប់​សាធារណៈ និង​ភាព​ថ្លៃ​ថ្នូរ។

​បើតាម​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ការ​បន្លាស់ទី​របស់​​ជនអន្តោប្រវេសន៍​ទាំង​នោះ គឺ​ធ្វើ​ឡើង​ដោយ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត និង​ម្ចាស់ការ​ដោយ​ផ្អែក​ទៅ​ច្បាប់ភូមិបាល ច្បាប់ជលផល និង​ច្បាប់បរិស្ថាន។

យ៉ាងណាក៏ដោយ ការបន្លាស់ទី​របស់​ជន​អន្តោ​ប្រវេសន៍​ដែលភាគ​ច្រើន​ជា​ជនជាតិ​វៀត​ណាម​នៅ​បឹង​ទន្លេ​សាប​ខេត្ត​កំពង់​ឆ្នាំង​នេះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​​បន្ត​រិះ​គន់​ថា​​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ដី​ទំហំ​៤០​ហិកាតា​ទៅ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ដែល​ចូល​មកកម្ពុជា​ដោយ​ខុសច្បាប់ ​តែ​មិន​ព្រម​ចាប់​បញ្ជូន​ទៅ​វិញ។​ វិទ្យុ​អាស៊ីសេរី​បានផ្សាយ​កាលពី​ថ្ងៃទី១១ខែធ្នូថា ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ កូរ៉េ​ខាង​ត្បូង​លោក ស សុខេម អះអាង​ថា ​ក្រុម​លោក​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលករ​ផ្សេង​ទៀត ដើម្បី​គាំទ្រ​លើ​ញត្តិ ដែល​ទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ផ្ដល់​ដី ៤០ហិកតា​ទៅ​ជនជាតិ​វៀតណាម​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ប៉ុន្តែ​​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល បាន​ព្រមាន​ចំពោះ​បុគ្គល​ឬអង្គភាព​ពាក់​ព័ន្ធ​ឲ្យ​បញ្ចប់​​នូវ​ការ​​ប្រើ​ពាក្យ​សំដី ក្នុង​ន័យ​ញុះញង់​ទាក់​ទង​នឹង​ការ​ធ្វើ​បន្លាស់ទី​របស់​ជនអន្តោប្រវេសន៍​ចេញពី​បឹង​ទន្លេ​សាប​​ក្នុង​ខេត្ត​កំពង់​ឆ្នាំងនេះ ប៉ុន្តែ​អង្គភាព​នេះ មិន​បាន​និយាយ​ពី​ករណី​ដី៤០ហិកតានោះឡើយ។ តែអភិបាល​រង​ខេត្តកំពង់​ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ដែល​​ទទួល​បន្ទុក​កិច្ចការងារនេះ​បានអះអាងថា ដី៤០ហិកតានោះគឺជារបស់ឯកជន​ដែលគេជួលឲ្យជនជាតិវៀតណាមរស់នៅ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ