អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​បរិស្ថាន​ប្រាប់​អាជ្ញាធរ​ឲ្យ​ចាត់​វិធាន​ការ​ឲ្យ​ម៉ឺង​ម៉ាត់​ចំពោះ​អ្នក​ចូល​កាន់​ដី​រដ្ឋ​

លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន Visal/rfi

ជា​ថ្មី​ទៀត​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី៩ឧសភា​ម្សិល​មិញ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្ម​ភាព​ចូល​កាន់​កាប់​ដី​រដ្ឋ ដែល​ស្ថិត​ក្នុង​តំបន់​អភិរក្ស​និង​ការពារ​ធម្ម​ជាតិ​។ ក្នុង​នោះ​ក្រសួង​បរិស្ថាន បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​រាល់​សកម្មភាព​បទ​ល្មើស​។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​អះអាង​បន្ថែម​ថា រាល់​ដី​ដែល​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ស្ថិត​ក្នុង​តំបន់​អភិរក្ស​និង​ការពារ​ធម្មជាតិ ក្រសួង​នឹង​រឹប​អូស​យក​មក​គ្រប់​គ្រង​វិញ​។ 

ផ្សាយពាណិជ្ជកម្ម

ដី​រដ្ឋ​ស្ថិត​ក្នុង​តំបន់​អភិរក្ស​និង​ការពារ​ធម្មជាតិ ដែល​ក្រសួង​បរិស្ថាន​កំពុង​ពិនិត្យ​ដើម្បី​យក​មក​គ្រប់​គ្រង​វិញ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​គិរីរម្យ ឧទ្យាន​ជាតិ​ព្រះ​សីហនុ​រាម និង​បូក​គោ រួម​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី​ជា​ដើម​។

លោក នេត្រ ភត្រ្តា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​គូស​បញ្ជាក់​ជា​ថ្មី​ថា​ រូបភាព​នៃ​ការ​ឈូស​ឆាយ កាប់​ឆ្ការ ដុត រុករាន ទន្ទ្រាន ដី​រដ្ឋ​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​និង​តំបន់​អភិរក្ស គឺ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ សកម្មភាព​នេះ បាន​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង ដោយ​សារ​តម្លៃ​ដី​កំពុង​ឡើង​ថ្លៃ​។

ជា​ការ​កត់​សម្គាល់ ចលនា​ចូល​កាន់​កាប់​ដី​រដ្ឋ​បាន​រាល​ដាល​ទៅ​ដល់​ខេត្ត​កោះកុង​។ អភិបាល​ខេត្ត​នេះ បាន​ចេញ​មុខ​អំពាវនាវ​ដល់​ពលរដ្ឋ​មួយ​ចំនួន ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​។ នៅ​កោះ​កុង ករណី​លួច​ចូល​កាន់​កាប់​ដីរដ្ឋ​បាន​កើត​មាន​ឡើង​ចាប់​ពី​ចុង​ឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​តម្លៃ​ដី​ក្នុង​ខេត្ត​កោះ​កុង​កំពុង​ឡើង​ថ្លៃ​។ មូល​ហេតុ​ដែល​នៅ​ពី​ក្រោយ​ចលនា​ចូល​កាន់​កាប់​ដីរដ្ឋ​នេះ ទាំង​ក្រសួង​បរិស្ថាន​និង​រដ្ឋ​បាល​ខេត្ត​កោះ​កុង​បាន​អះអាង​ដូច​គ្នា​ថា ដោយសារ​តែ​មាន​ការ​ញុះ​ញង់​ពី​ជន​ខិល​ខូច​មួយ​ចំនួន​។

ដោយ​ឡែក អ្នក​ធ្វើ​ការ​ផ្នែក​អចលន​ទ្រព្យ​លើក​ឡើង​ថា រូប​ភាព​នៃ​ការ​ចូល​កាន់​កាប់​រដ្ឋ​ដោយ​ខុស​ច្បាប់ អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​វិនិយោគ​ទុន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ ដូច្នេះ​គឺ​មាន​មាន​តែ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាក់​ទង​ដីធ្លី​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ទេ ទើប​អាច​ទប់​ស្កាត់​ការ​ចូល​កាន់​កាប់​ដីធ្លី​របស់​រដ្ឋ​នេះ​បាន​។ សម្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​និង​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ បឹង ក្នុង​ខេត្ត​កោះ​កុង​ក៏​ដូច​ជា​ខេត្ត​ព្រះសីហនុ​កន្លង​មក ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​អ្នក​មាន​អំណាច​និង​មាន​ប្រាក់ ហើយ​ពលរដ្ឋ​ធម្មតា ដូច​ជា​មិន​ហ៊ាន​បំពាន​ដីរដ្ឋ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ