អានតួអត្ថបទ
កម្ពុជា

NGOs ៖​ សិក្ខា​សាលា​​ពិគ្រោះ​​លើ​​ច្បាប់​​NGO​ របស់​​រដ្ឋ​សភា ​គ្រាន់​តែ​​ធ្វើ​​បង្គ្រប់​កិច្ច​​ប៉ុណ្ណោះ​

NGOs ថា សិក្ខា​សាលា​​ពិគ្រោះ​​លើ​​ច្បាប់​​NGO​ របស់​​រដ្ឋ​សភា ​គ្រាន់​តែ​​ធ្វើ​​បង្គ្រប់​កិច្ច​​ប៉ុណ្ណោះ​
NGOs ថា សិក្ខា​សាលា​​ពិគ្រោះ​​លើ​​ច្បាប់​​NGO​ របស់​​រដ្ឋ​សភា ​គ្រាន់​តែ​​ធ្វើ​​បង្គ្រប់​កិច្ច​​ប៉ុណ្ណោះ​ @Siphan Phay

អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បានចាត់ទុក​ការធ្វើសិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​រដ្ឋសភា​នៅ​ថ្ងៃទី០៨ កក្កដា​សប្តាហ៍​ក្រោយ​ថា គឺដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។ ការចាត់ទុក​បែបនេះ ដោយសារ​សិក្ខាសាលា​នេះ​បានប្រកាស​ធ្វើឡើង​ប្រថុចញ៉ុច​ពេក។

ផ្សាយពាណិជ្ជកម្ម

លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បាន​ថ្លែងថា រដ្ឋសភាជាតិ​កម្ពុជា បានប្រកាស​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​រយៈពេល​ខ្លី​ពេក​ដែល​ធ្វើ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មិនអាច​ត្រៀមខ្លួន​បាន​ពេញលេញ​ក្នុងការ​ចូលរួម​ពិគ្រោះ​យោបល់។ ម្យ៉ាងទៀត សិក្ខាសាលា​ដែល​គ្រោង​នឹងធ្វើ​ឡើង​តែមួយព្រឹក​នោះ ក៏​ជា​រយៈពេល​មួយ​ដ៏​ខ្លី ដែល​មិន​អាចមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញ​មតិយោបល់​ផងដែរ។

ចំណែក លោក​សួន ប៊ុន​ស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ធិ​ការប្រព្រឹត្ត​កម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិ​កម្ពុជា​ហៅ​កាត់​ថា CHRAC បាន​បន្ថែមថា រដ្ឋសភា​គួរ​ទុកពេល​ឲ្យ​បាន​ច្រើនជាង​នេះ ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ លោក​ថា ច្បាប់​នេះ​មិនមែនជា​រឿង​អាសន្ន​ដែលជា​តិ​ត្រូវតែ​ធ្វើ​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ​នោះទេ។

 
លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ​គឺធ្វើឡើង​ក្នុងពេល​សមស្រប​ហើយ ព្រោះថា រដ្ឋាភិបាល​ធ្លាប់បាន​បើក​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាច្រើនលើក​មកហើយ​លើ​សេចក្តីព្រាងច្បាប់​នេះ​នាពេល​កន្លងមក។

គួរ​ឲ្យ​ដឹងថា គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន សហការ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ ព្រមទាំង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃទី៨ កក្កដា សប្តាហ៍​ក្រោយ។ បន្ទាប់ពី​សិក្ខាសាលា​នៅពេល​ព្រឹក លុះ​ពេល​រសៀល គណៈកម្មការ​ទាំងបី នឹង​យក​មតិយោបល់​ដែល​បាន​ពី​ការពិគ្រោះ​យកទៅ​ពិភាក្សា​ជាមួយ​ខាង​រដ្ឋាភិបាល មុន​បញ្ចូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​បញ្ជូនទៅ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​សម្រេច​អនុម័ត។

យ៉ាងណាក៏ដោយ មុន​មួយថ្ងៃ​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​របស់​រដ្ឋសភា ពោល គឺ​នៅ​ថ្ងៃទី៧ កក្កដា ក្រុម​អង្គការក្រៅរដ្ឋាភិបាល ក៏​នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​នេះ​ផងដែរ។ លោក​សួន ប៊ុន​ស័ក្តិ បាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ នឹង​ប្រមូល​មតិយោបល់ និង​បញ្ជាក់​ពី​គោលជំហរ​រួម​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ដាក់ជូន​ទៅកាន់​រដ្ឋសភា។

បើតាម​លោក​ឈាង វុន សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អាច​នឹងត្រូវ​រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​ពិភាក្សា និង​អនុម័ត​នៅ​មួយ​សប្តាហ៍ បន្ទាប់ពី​បានដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ